ជាតិ
សង្គមជាតិ
កម្ពុ​ជាមាន​គ្រឹះស្ថានសិក្សា​ទាំង​សាធារណៈ និង​ឯកជន​ជាង ១ម៉ឺន​កន្លែង​ទូទាំងប្រទេស
10, Jun 2015 , 12:00 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា កម្ពុ​ជាមាន​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ និង​ឯកជន ចាប់ពី​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដល់ក​ម្រិច​មធ្យមសិក្សា​ចំណេះ​ទូទៅ​សរុប​ចំនួន ១២ ៨៦៣ កន្លែង។ ក្នុងនោះ ម​ត្តេ​​យ្យ​​​សិក្សា​ចំនួន ៣៦៧៨ សាលាបឋមសិក្សា​ចំនួន ៧៣៤៨ អនុវិទ្យាល័យ​ចំនួន ១២៩៥ និង​វិទ្យាល័យ​ចំនួន ៥៤២ ។ លោក​ថ្លែង​ដូចនេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ពិនិត្យ​តាមដាន​សកល ស្តីពី​ការអប់រំ​សម្រាប់​ទាំងអស់គ្នា ​២០០០-២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ។


ពិធី​ប្រកាស​ផ្សព្វផ្សាយ​របាយការណ៍​ដែល​រៀបចំ​ដោយ​អង្គការ​យូណេស្កូ និង​ក្រសួង​អប់រំ នៅ​ថ្ងៃទី១០ មិថុនា​នេះ មានការ​ចូលរួម​ពី​មន្ត្រី​អប់រំ និង​តំណាង​ភាគី​ពាក់ព័ន្ធ​ទាំង​ជាតិ និង​អន្តរជាតិ​ជាង ១រយ​នាក់ ។ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន បាន​ថ្លែងថា ក្នុង​ឆ្នាំ​សិក្សា ២០១៤ ២០១៥នេះ ក្រសួង​អប់រំ​បាន​សាងសង់​អគារសិក្សា​ជាច្រើន​នៅ​ទូទាំង ប្រទេស ជាពិសេសនៅតាម​តំបន់​ព្រំដែន និង​តំបន់​ជួប​ការលំបាក ដើម្បី​បង្ខិត​សាលារៀន​ឲ្យ​កាន់តែ​ជិត​តំបន់​ដែល មាន​មនុស្ស​រស់នៅ។

ជាមួយគ្នានេះ លោកបញ្ជាក់​ថា សិស្សានុសិស្ស​ចំនួន ៣ ១១២ ៩៦៩ នាក់ ក្នុង​សិស្ស​នារី​ចំនួន ១ ៥២០ ៣១១ ស្មើនឹង ៤៨,៨ភាគរយ បាន​នឹង​កំពុង​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​ទាំងអស់ ទាំង​សាធារណៈ និង​ឯកជន​ចាប់ពី​ម​ត្តេ​យ្យ​សិក្សា​ដល់​មធ្យមសិក្សា។

លោក​បន្តថា គ្រឹះស្ថាន​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​ទូទាំងប្រទេស​មាន​ចំនួន ១១០កន្លែង ក្នុងនោះ​គ្រឹះស្ថាន​ឧ​ត្ត​ម​សាធារណៈ​ចំនួន ៤៣ និង​ឯកជន​ចំនួន ៦៧ មាន​ទីតាំង​នៅក្នុង​តាម ១៩ រាជធានី ខេត្ត។ ហើយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ទាំងនេះ ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង ១៤ ផ្សេងៗគ្នា។ លោក​រដ្ឋមន្ត្រី​បន្តថា និស្សិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្ររង​ ដល់​បណ្ឌិត​មាន​ចំនួន ២៤៩ ០៩២ នាក់ នារី ១០៣ ៦៦១នាក់ ស្មើនឹង ៤១,៦ភាគរយ។ បើតាម​លោក​រដ្ឋមន្ត្រី​ បុគ្គលិក​អប់រំ​ទូទាំងប្រទេស​មាន​ចំនួន ១១៣ ៩៨៦ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៤៨ ៣៤២នាក់ ស្មើនឹង ៤២,៤១ភាគរយ។

ក្នុងឱកាស​នេះដែរ លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន ក៏បាន​លើកឡើង​ពី​ការកំណត់​អាទិភាព រយៈពេល​វែង​របស់​ក​ម្ពុ​ជា​ផងដែរ។ អាទិភាព​ចម្បង​រយៈពេល​វែង​ដើម្បី​ពង្រឹងគុណភាព​អប់រំ របស់​ក្រសួង​អប់រំ ដែល​លោក​រដ្ឋមន្ត្រី​បានលើកឡើង​នោះ រួមមាន ធានា​ឲ្យ​កុមារ និង​យុវជន ទទួល​ការអប់រំ​រយៈពេល ១២ឆ្នាំ ប្រកបដោយ​គុណភាព​ឥតគិតថ្លៃ ធានាបាន​សមភាព​យេនឌ័រ ក្នុងការ​ទទួល​សេវា​អប់រំ  ផ្តោត​ការយកចិត្តទុកដាក់​គ្រូបង្រៀន​ដែលមាន​គុណភាព និង​លើកកម្ពស់​ការសិក្សា​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា ពិសេស​គឺ ការប្រើប្រាស់​បច្ចេកវិទ្យា ព័ត៌មាន​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​អប់រំ ជាដើម៕



© រក្សាសិទ្ធិដោយ thmeythmey.com