ជាតិ
សង្គមជាតិ
ខ្មែរក្រោម​មិនអាច​បញ្ចប់​ការចម្លង​ឯកសារ​ទាក់ទង​ដី​កម្ពុជា​ក្រោម​ជាង ៥ពាន់​ទំព័រ​ត្រឹម​ខែមិថុនានេះទេ
11, Jun 2015 , 9:33 am        
រូបភាព
ដោយ:
ភ្នំពេញ៖ សហគមន៍​ខ្មែរ​កម្ពុជា​មិនអាច​ថតចម្លង​ឯកសារ​ប្រវត្តិសាស្ត្រ​ជាង ៥ពាន់​ទំព័រ ដែល​ទាក់ទង​នឹង​អាណានិគមនិយម​បារាំង​កាត់​ទឹកដី​ខ្មែរក្រោម​ឲ្យ​វៀតណាម​ក្នុងអំឡុង ឆ្នាំ១៩៤៩ តាម​ការគ្រោងទុក​ត្រឹម​ខែមិថុនានេះ​ទេ ដោយសារតែ​សហគមន៍នៅខ្វះខាត​ថវិកា និងត្រូវការ​ពេលវេលាបន្ថែមទៀតដើម្បី​រៀបចំ​ការថតចម្លង។ នេះ​បើតាម​ប្រសាសន៍​បញ្ជាក់​របស់លោក ថាច់ សេដ្ឋា។



ឯកសារ​ប្រវត្តិសាស្ត្រ​ជាង ៥ពាន់​ទំព័រ ត្រូវបាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ស្រាវជ្រាវ​រកឃើញ​នៅក្នុង​ប​ណ្ណា​សា​រដ្ឋា​ន​ជាតិ​បារាំង​ហើយ​បច្ចុប្បន្ននេះ ពួកគេ​បាន​ថតចម្លង​រួច​ជាង​ពាក់កណ្តាល​ផង។ ប៉ុន្តែ​យ៉ាងណា ពួកគេ​មិន​បញ្ចប់ ការថត​ចម្លង​ដូច​ការគ្រោងទុក​ត្រឹម​ខែមិថុនា នេះ​ទេ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា សមាគម​លោក​បាននិងកំពុង​ខ្នះខ្នែង​រៀបចំ​ថតចម្លង​ឯកសារ​នោះ​រួច ជាង​ពាក់កណ្តាល ហើយ​ថា ការថត​ចម្លង នឹង​បញ្ចប់​យឺត​ពេល​បន្តិច ដោយសារសមាគម​ត្រូវការ​ប្រមូល​ថវិកា​បន្ថែ​ម​ទៀត។ លោកបញ្ជាក់ថា៖« សមាគមខ្មែរកម្ពុជានឹងបញ្ចប់ការថត ចម្លងនៅពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៥នេះ។

ខ្ញុំ​នឹង​ទៅ​ប្រទេស​បារាំង​នៅ​ចុងខែ​មិថុនា ដើម្បី​ទៅ​ចូលរួម​រៀបចំ​បញ្ចប់​ថតចម្លង​ ហើយខ្ញុំនឹងទៅចូលរួម​រៀបចំ​បុណ្យផ្កា​សាមគ្គី ដើម្បី​រៃអង្គាស​ថវិកា​យកមក​បង្គ្រប់​ក្នុងការ​ថតចម្លង»។

សមាគម​ខ្មែរក្រោម​ត្រូវការ​ថវិកា​ចំនួន ១២៥០០អឺរ៉ូ ស្មើនឹង ១៣០០០ដុល្លារ​អាមេរិក ដើម្បី​ថតចម្លង​ឯកសារសំខាន់ៗ ដែល​ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ជាង ៥ពាន់​ទំព័រ​នៅក្នុង​ប្រទេស​បារាំង​នោះ។ ប៉ុន្តែ មកទល់ពេលនេះ សមាគម​ខ្មែរក្រោម​ពុំទាន់​មាន​ថវិកា​គ្រប់គ្រាន់​ទេ។ «យើង​នៅ​ខ្វះ​ថវិកា​ជាង ៨ពាន់​អឺរ៉ូ ស្មើនឹង​ជាង ៩ពាន់​ដុល្លារ​បន្ថែមទៀត ដើម្បី​ថតចម្លង​ឯកសារ​ទាំងអស់។ ហើយ​ពេលនេះ យើង​ថត​បាន​ចំនួន ២២៣១ទំព័រ​ហើយ​ដែរ »។ នេះ​ជា​ប្រសាសន៍​បញ្ជាក់​របស់​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។
លោក ថាច់ សេដ្ឋា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ជួយ​ចូលរួម​ថវិកា ក្នុងការ​ថតចម្លង​នេះ។ លោក​ថា៖«ខ្ញុំ​សូម​ថ្វាយបង្គំ​ព្រះសង្ឃ ជូន​បងប្អូន​ជនរួមជាតិ សុំ​ជួយ​ចូលរួម​ជា​ថវិកា ទោះ១រៀល ២រៀល​ក្តី ដើម្បី​ជួយ​ថតចម្លង​ឯកសារ​ប្រវត្តិសាស្ត្រ​យើង»។

គួរ​បញ្ជាក់ថា ឯកសារសំខាន់ៗ ទាក់ទង​នឹង​ទឹកដី​កម្ពុជា​ក្រោម​ប្រមាណ៥ពាន់​ទំព័រ​នោះ​ត្រូវបាន សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រកឃើញ​នៅក្នុង​ប​ណ្ណា សា​រដ្ឋា​ន​ជាតិ​បារាំង នៅ​ខេត្ត​អេ​អង់​ប្រូ​វ៉ង់ (Aix-en-Provence) តាមរយៈ​ការណែនាំ​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា។

ឯកសារ​ទាំងនោះ រួមមាន ព្រះរាជសារ​ព្រះករុណា​ព្រះបាទ​នរោត្តម​ផ្ញើរ​ទៅ​រដ្ឋាភិបាល​បារាំង កិច្ចព្រមព្រៀង​បារាំង​វៀតណាម​នៅ​ឆកសមុទ្រ​ហា​ឡុង នៅ​ដា​ឡា​ត់ និង​នៅ​ហ្វុ​ង​តេន​ណឺ​ប្លូ ជាដើម។ ជាងនេះទៀត ខ្មែរក្រោម​ក៏​រកឃើញ​កំណត់ហេតុ​ប្រជុំ​សភា​បារាំង​ក្នុងការ​កាត់​ទឹកដី ខ្មែរ​ឲ្យ​វៀតណាម​ថ្ងៃទី០៤ មិថុនា ឆ្នាំ១៩៤៩ សន្ធិសញ្ញា​បារាំង​វៀតណាម និង​កំណត់ហេតុ​ចរចាផ្សេងៗ ព្រមទាំង​លិខិត​ឆ្លងឆ្លើយ​សម្ងាត់​ដែល​ទាក់ទង​នឹង​ការ​កាត់​ផ្ទេរ​ទឹកដី ខ្មែរ​ឲ្យ​វៀតណាម​ផងដែរ។
 
បើតាម​លោក ថាច់ សេដ្ឋា បន្ទាប់ពី​បញ្ចប់​ការថត​ចម្លង​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​នឹងធ្វើ ការបកប្រែ​ជា​ផ្លូវការ​នូវ​ឯកសារ​ទាំងនោះ​ពី​ភាសា​បារាំង​មកជា​ភាសា​ខ្មែរ និង​អង់គ្លេស។ រួចហើយ ពួកគេ​នឹងដាក់​ជូនទៅ​កាន់​ក្រសួង​អប់រំ​ដើម្បី​ស្នើសុំ​បញ្ចូល​ក្នុង កម្មវិធីសិក្សា​តម្កល់​នៅ​រាជ្យ​បណ្ឌិតសភា​កម្ពុជា និង​អង្គការ​យូ​ណេ​ស្តូ​ដើម្បី​រក្សា​ទុកជា​ប្រវត្តិសាស្ត្រ​ជាតិ​ទៀតផង៕



© រក្សាសិទ្ធិដោយ thmeythmey.com