ជាតិ
សង្គមជាតិ
គ្មាន​ការផ្សាយ​ផ្ទា​ល់ពី ពិធី​ដង្ហែ​សព​លោក ជា ស៊ីម ឡើយ
11, Jun 2015 , 10:01 am        
រូបភាព
រូបថត៖ AKP
រូបថត៖ AKP
ដោយ: ថ្មីៗ
រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដែលជា​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក ជា ស៊ីម បាន​ជំនុំ​មន្ត្រី​របស់ខ្លួន​នៅ​ថ្ងៃទី១០មិថុនា ដើម្បី​រៀបចំ​ការផ្សព្វផ្សាយ​អំពី​ពិធី​ដង្ហែ​សព លោក ជា ស៊ីម។ ប៉ុន្តែ​ថា វា​នឹងមិន​មានការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ និង​វិទ្យុជាតិ​នោះឡើយ។


មិនមាន​ការផ្សាយ​ផ្ទាល់​អំពី​ពិធី​ដង្ហែ​សព និង​ពិធី​បូជាសព​លោក ជា ស៊ីម នៅតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជាតិ​នោះទេ។ ប៉ុន្តែ​ការងារ​របស់​ទូរទស្សន៍ និង​វិទ្យុជាតិ ត្រូវ​ផ្តិត​យក​រាល់​សកម្មភាព​នៃ​ពិធី​នៅ​ថ្ងៃទី១៩មិថុនា​នោះ​ទាំងអស់ ដើម្បី​ការចាក់ផ្សាយ​ទាំងស្រុង​នៅ​យប់​ថ្ងៃទី១៩មិថុនា​នោះ។ នេះ​បើតាម​ការ​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា AKP ដែល​បាន​ស្រង់​ប្រសាសន៍​របស់លោក​រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ។

លោក​រដ្ឋមន្ត្រី​បាន​ពន្យល់​មន្ត្រី​ទទួលបន្ទុក​ការផ្សព្វផ្សាយ​នៅក្នុង​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃទី១០មិថុនា​យ៉ាង​ដូច្នេះ​ថា៖«ពិធី​ដង្ហែ និង​បុណ្យ​បូជាសព​របស់​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម នឹង​ប្រារព្ធ​ធ្វើ​ត្រឹមតែ៤០% នៃ​ព្រះរាជ​ពិធីបុណ្យ​ព្រះ​បរមសព ព្រះករុណា «ព្រះ​បរម​រតន​កោដ្ឋ»ប៉ុណ្ណោះ។មាន​ពិធី​ដង្ហែ​ជា​ក្បួន​និង​ផែនផ្សេងៗដូចគ្នា ប៉ុន្តែ​ត្រូវ​កាត់បន្ថយ​ចំនួន​មនុស្ស​ដង្ហែ​នៅ​តិចជាង»។

ថ្វី​ដ្បិត​វា​មិនមាន​ការផ្សាយ​ផ្ទាល់​មែន ក្រុមការងារ​របស់​ទូ​រ​ទស្សន៍ និង​វិទ្យុជាតិ​ត្រូវធ្វើ​ប្រមូល​រូបភាព​ឲ្យ​បាន​ច្រើន និង​បានល្អ ដើម្បី​ទុកជា​ឯកសារ​របស់​ជាតិ។ នេះ​បើតាម​ការពន្យល់​របស់​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បន្ថែមថា៖ «ម្យ៉ាងទៀត​គឺ​ដើម្បី​អាច​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​បានដឹងថា តើ​ពិធីបុណ្យ​សម្រាប់​ថ្នាក់ដឹកនាំ​ប្រទេសជាតិនីមួយៗធ្វើឡើង​ត្រឹម​កម្រិត​ណាខ្លះ? ហើយ​មាន​លក្ខណៈ​យ៉ាងណាខ្លះ»?

យោងតាម​AKP ដដែល លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​មន្ត្រី​ក្រសួង​ព័ត៌មាន​ជួយ​សម្រប​ស​សម្រួល​ផ្តល់​ភាពងាយស្រួល​ដល់​អ្នកសារព័ត៌មាន​ទូទៅ ដើម្បី​ពួកគេ​អាច​យក​ព័ត៌មាន និង​ផ្តិត​យក​រូបភាព​នៃ​ពិធី​ដង្ហែ និង​ពិធី​បូជាសព​នោះ។

ចំណែកឯ​លោក ម៉ៅ អាយុទ្ធ ដែលជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា​វិញ នឹងត្រូវ​តាមដាន​ស្ថានីយទូរទស្សន៍​ទាំងអស់ ដើម្បី​កុំ​ឲ្យ​ពួកគេ​ចាក់ផ្សាយ​កម្មវិធី​សប្បាយរីករាយ និង​មិន​ឲ្យ​ពិធីករ ពិធី​ការិនី​ស្លៀកពាក់​ឆើតឆាយ​ហួស​ធម្មតា៕

ប្រភព៖ AKP



© រក្សាសិទ្ធិដោយ thmeythmey.com