ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ប្ដេជ្ញា​គោរព​តាម​បណ្ដាំ​ចុងក្រោយ​លោក ជា ស៊ីម
11, Jun 2015 , 11:00 am        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្ដេជ្ញា​ថា រូបលោក​នឹង​អនុវត្តតាម​បណ្ដាំ​របស់លោក ជា ស៊ីម ដែល​បាន​ផ្ដាំ​លោក​ជា​លើកចុងក្រោយ កាលពី​ចុងឆ្នាំ២០១៤កន្លងមក។ លោក​សម រង្ស៊ី បញ្ជាក់​ពី​បណ្ដាំ​ដែល លោក ជា ស៊ីម​ប្រាប់​ខ្លួន​ថា ឲ្យ​អ្នកស្នេហាជាតិ​ទាំងអស់​រួបរួមគ្នា ដើម្បី​ការពារ​ទឹកដី និង​រៀបចំ​ប្រទេស​កម្ពុជា​ឲ្យ​បានល្អ ក្លាយជា​ប្រទេស​រីកចម្រើន។


ក្នុង​ពិធី​គោរព​វិញ្ញាណ​ក្ខន្ធ​លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធានព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី១១ មិថុនា​នេះ លោក សម រង្ស៊ី បានបញ្ជាក់​យ៉ាងនេះ​ថា៖«ខ្ញុំ​តែងតែ​គោរព​សម្ដេច ជា ស៊ីម ជានិច្ច ក្រោយពី​ការបោះឆ្នោត​ឆ្នាំ១៩៩៣ ។ខ្ញុំ​បាន​តាមដាន ហើយ​គាំទ្រ​ជំហរ​សម្ដេច ជា ស៊ីម គាំទ្រ​ដោយ​ដឹងគុណ ពីព្រោះ​សម្ដេច ជា ស៊ីម តែងតែ​លើកតម្កើង ការបង្រួបបង្រួម​ជាតិ ការផ្សះផ្សា​ជាតិ​យ៉ាង​ស្មោះត្រង់។ ចង់​ឲ្យ​ខ្មែរ​យើង​ចេះ​ស្រលាញ់គ្នា ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​ជាមួយគ្នា។ នេះ​ជា​ឧ​ត្ត​ម​គតិ​របស់​យើងទាំងអស់គ្នា ហើយ​យើង​មិន​ភ្លេច​បណ្ដាំ​សម្ដេច ជា ស៊ីម ទេ យើង​នឹង​ធ្វើតាម​បណ្ដាំ​របស់លោក»។

សូម​ស្ដាប់​សំឡេង៖


ការគោរព​វិញ្ញាណ​ក្ខន្ធ លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ផ្លូវការ បានចាប់ផ្តើម​ពី​ព្រឹក​ថ្ងៃទី១០មិថុនា រហូតដល់​ថ្ងៃទី១៨មិថុនា។ព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សហមុនី និង​សម្ដេចម៉ែ បាន​យាង​ទៅ​គោរព​វិញ្ញាណក្ខន្ធ​​លោក ជា ស៊ីម នៅ​ព្រឹក​ថ្ងៃទី១០មិថុនា។ បន្តបន្ទាប់​មករ​ហូត​ដល់​ថ្ងៃទី១៨មិថុនា គឺ​ប្រតិភូ​អង្គទូត​នានា​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័នរដ្ឋ ថ្នាក់ដឹកនាំ​ខេត្ត​រាជធានី​។ ចំណែក​នៅ​ថ្ងៃទី១៩ មិថុនា ជា​ថ្ងៃ​បូជាសព​របស់ លោក ជា ស៊ីម នៅលើ​ទីធ្លា​សួនច្បារ​មុខ​វត្ត​បទុម​វ​ត្តី៕


© រក្សាសិទ្ធិដោយ thmeythmey.com