ជាតិ
កូរ៉េ​រៀបចំ​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី Classic Concert2015 នៅ​កម្ពុជា នា​ថ្ងៃ២០ ខាងមុខ
12, Jun 2015 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ៖ ស្ថានទូត​សាធារណៈរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ត​ន្រី្ត Classic Concert2015ពិសេស​មួយ ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កូរ៉េ កម្ពុជា។ សិល្បករ សិល្បការិនី​របស់​កូរ៉េ​ជាច្រើនរូប នឹង​រួមគ្នា​បង្ហាញ​សមត្ថភាព​ជំនាញ​របស់​ពួកគេ​ទៅកាន់​មហាជន​កម្ពុជា​ទាំងអស់ តាមរយៈ​ការចូល ទស្សនា​ផ្ទាល់ ក៏ដូចជា​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍។ ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ម៉ោង ៦កន្លះ​រសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ (CKCC) ស្ថិតក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP)។


ព្រឹត្តិការណ៍ Classic Concert2015 ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​កូរ៉េ​នេះ ទទួលបាន​ឧបត្ថម្ភ​ថវិកា​ពី មូលនិធិ​កូរ៉េ (Korea Foundation) ព្រមទាំង​ទទួលបាន​កិច្ចសហការ​ពី​សិល្បករ​កូរ៉េ​នៅ​កម្ពុជា។ បើតាម សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា សិល្បករ សិល្បការិនី តន្ត្រីករល្បីៗមកពី​ប្រទេស កូរ៉េ​នឹង​រួមគ្នា​ប្រគុំ​តន្ត្រី ព្រមទាំង​សម្តែង​សិល្បៈ ជាច្រើន​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​នេះ ក្នុងនោះ រួមមាន តន្ត្រីករ Soprano, Piano, Cello និង​តន្ត្រីករ​ក្លា​ស៊ី​ក​ដ៏​ល្បី​ជា Idol មកពី Uanglevioceរបស់​កូរ៉េ​ទៀតផង។

ការប្រគុំ​តន្ត្រី​នេះ មិនមែន​បើក​ទស្សនា​សម្រាប់តែ​សិស្ស និស្សិត និង​ប្រជាជន​ទូទៅ​នោះទេ ស្ថានទូត​កូរ៉េ​ក៏បាន​សហការ​ជាមួយ​អង្គការ​ជួយ​ជន​ងាយ​រងគ្រោះ​មួយចំនួន ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល ទស្សនា​ដែរ ក្នុងនោះ រួមមាន អង្គការ​គ្រួសារ​ថ្មី អង្គការ The Blind និង​The Underprivileged Children ជាដើម។ ជាងនេះទៀត កម្មករ កម្មការិនី​ដែល​ធ្វើការ​នៅ​រោងចក្រ​កូរ៉េ​នៅ​កម្ពុជា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ ចូលរួម​ទស្សនា​ការប្រគុំ​ត​ន្រី្ត​ផង។ ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​នេះ ក៏​នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ស្ថានីយ ទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ដើម្បី​ប្រជាជន​ទូទាំងប្រទេស​បាន​ទស្សនា​ទៀតផង។

ការប្រគុំ​តន្ត្រី​ក្នុង​គោលបំណង​រឹតចំណង​មិត្តភាព​នេះ ស្ថានទូត​កូរ៉េ បាន​សរសរ​បញ្ជាក់ថា៖«យើង​ជឿជាក់ ថា ការប្រគុំ​ត​ន្រី្ត​លើក​នេះ នឹង​ក្លាយជា​ឱកាស​រួម ចំណែក​ដល់​ការពង្រឹង​ចំណងមិត្តភាព​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា»។

ជាមួយគ្នានេះដែរ ស្ថានទូត​កូរ៉េ​បានបញ្ជាក់​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ថា ការប្រគុំ​តន្ត្រី​នេះ ក៏មាន​បង្កប់ អត្ថន័យ​រំលឹក​ដល់​លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា ដែល​ទើបតែ​ទទួលមរណភាព។ «ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​សែន​ក្រៀមក្រំ ចំពោះ​ការទទួល​មរណភាពរ​បស់ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា ជាមួយ​ក្រុមគ្រួសារ​នៃ​សព ដោយ​ក្តី​សោក សង្វេគ​ដ៏​ធំធេង ពោរពេញ​ដោយ​ក្តី​សោកស្តាយ​អាឡោះអាល័យ​ជាទីបំផុត»។ នេះ​ជាការ​សរសេរ​បញ្ជាក់ របស់​ស្ថានទូត​កូរ៉េ​ប្រចាំ​កម្ពុជា៕




© រក្សាសិទ្ធិដោយ thmeythmey.com