ជាតិ
តុលាការ​ប្រកាស​សាលក្រម​ឧកញ៉ា ថោង សារ៉ាត់ និង​ឪពុកម្តាយ​នៅ​ថ្ងៃទី១៥ ខែមិថុនា
11, Jun 2015 , 8:19 pm        
រូបភាព
ដោយ:
សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​នៃ​សំណុំរឿង​កាន់កាប់​អាវុធ​ខុសច្បាប់ ដែលមាន​ចុងចោទ ឧកញ៉ា ថោង សារ៉ាត់ លោក ថោង ចំរើន ជា​ឪពុក និង​អ្នកស្រី កែវ សារី ជា​ម្តាយ នៅ​រសៀល​ថ្ងៃទី១៥ ខែមិថុនា ខាងមុខ។

សំណុំ​រឿងនេះ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជី នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក។ លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ រួមទាំង​អង្គរក្ស​ម្នាក់ទៀត ត្រូវ​ចោទប្រកាន់​តាម​មាត្រា៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។

មេធាវី​ការពារ​ក្តី​លោក ថោង សារ៉ាត់ លោក ឈុន វី​នី​តា បាន​ឲ្យ​ដឹងថា តុលាការក្រុង​ភ្នំពេញ នឹង​ប្រកាស​សាលក្រម​កូនក្តី​របស់លោក​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៥ សប្តាហ៍​ក្រោយនេះ។ លោក​ថា៖«ខ្ញុំ​មិនទាន់​ទទួលបាន​លិខិត​ពន្យារ ឬ​លើក​ពេល​ប្រកាស​សាលក្រម​ពី​តុលាការ​ទេ។ តុលាការ​នឹង​ប្រកាស​សាលក្រម​តាម​សេចក្តីសម្រេច​គ្រោងទុក»។

ជាមួយគ្នានេះដែរ មេធាវី​ការពារ​ក្តី​ឲ្យ​ឪពុកម្តាយ​លោក ថោង សារ៉ាត់ លោក លីម វណ្ណា ក៏បាន​បញ្ជាក់ថា តុលាការ​នឹង​ប្រកាស​សាលក្រម​កូនក្តី​លោក​ដូច​ការកំណត់​ដែរ។ លោក​និយាយថា៖«តុលាការ​លើក​ពេល​ប្រកាស​ឬ យ៉ាងណា​នោះ ខ្ញុំ​ពុំទាន់​ទទួល​ព័ត៌មាន​ទេ តែបើ​តាម​ការកំណត់​តុលាការ​នឹង​ប្រកាស​នៅ​ថ្ងៃទី ១៥ខាងមុខនេះ»។

គួររម្លឹកថា អំឡុង​សវនាការ​អស់​រយៈពេល​ប្រមាណ ៤ម៉ោង កាលពី​រសៀល​ថ្ងៃទី២០ ខែឧសភា ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​ចោទប្រកាន់ថា ជា​អ្នកផ្តើមគំនិត​នៅ​ក្នុងករណី​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េង​ជឺ បាន​បដិសេធ​ចំពោះ​បទ​ចោទ ប្រកាន់​ដទៃទៀត ដែលថា លោក​កាន់កាប់​អាវុធ​ខុសច្បាប់។ ជាមួយគ្នានេះ លោក ថោង ចំរើន និង​លោកស្រី កែវ សារី ដែល​ត្រូវជា​ឪពុកម្តាយ​លោក ថោង សារ៉ាត់ ដែល​ត្រូវបាន ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការកាន់កាប់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត ក៏បាន​ចូលរួម​សវនាការ​ផងដែរ។ អ្នក​ទាំងពីរ​នាក់ ក៏បាន​អះអាងថា គ្មាន​ទោសកំហុស​ដែរ ហើយ​បាន​សុំ​ឲ្យ​តុលាការ លើកចោល​បទចោទប្រកាន់ ទាំងអស់​លើ​ពួកគេ ហើយ​ដោះលែង​ពួកគេ​ពី​ពន្ធនាគារ។

ចៅក្រម​ជំនុំជម្រះ ឃី ឆែ បាន​ប្រាប់​តុលាការ​ថា នគរបាល​បាន​ចុះទៅ​ផ្ទះ​របស់​អ្នក​ទាំង​បីនាក់​កាលពី​ខែធ្នូ បន្ទាប់ពី​ករណី​ឃាតកម្ម​លើ​ឧ​ញ៉ា អ៊ឹង ម៉េង​ជឺ ដោយ​រកឃើញ​គ្រាប់កាំភ្លើង និង​អាវុធ​ចំនួន ១៥ដើម ក្នុងនោះ កាំភ្លើង AK-47 ចំនួន​បួន​ដើម។ លោក​បញ្ជាក់ថា ក្នុងចំណោម​អាវុធ​ទាំងអស់ ពួកគេ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​កាន់កាប់​តែ​ពីរ​ប៉ុណ្ណោះ។

ជាការ​ឆ្លើយតប​នឹង​សម្តី​របស់​ចៅក្រម លោក ថោង សារ៉ាត់ ដែលជា​អតីត​ឧ​ត្ត​ម​សេនីយ៍​ទោ និង​ជា​ម្ចាស់​បុរី ៩៩៩ បាន​និយាយថា លោក​ត្រូវបាន​ចោទប្រកាន់​ខុស។ លោក​ថា៖«ខ្ញុំ​ពិត ជា​បដិសេធ ចំពោះ​បទចោទប្រកាន់​មកលើ​រូបខ្ញុំ​នេះ ខ្ញុំ​មិនបាន​កាន់កាប់​កាំភ្លើង​ខុសច្បាប់។ ខ្ញុំ​មិនបាន​ទុក​កាំភ្លើង​នៅ​ក្នុងផ្ទះ​របស់ខ្ញុំ​ទេ»។

បន្ទាប់ពី​កា​រប​ដិ​ស​សេធ​របស់​កូនប្រុស​រួច លោកស្រី កែវ សារី អាយុ ៥៥ឆ្នាំ បាន​និយាយ​ទៅកាន់​តុលាការ​ថា លោកស្រី​មានតែ​កាំភ្លើងខ្លី​ពីរ​ដើម ដែលមាន​ច្បាប់​អនុញ្ញាត ដែល​ត្រូវបាន​រឹបអូស​ក្នុងផ្ទះ​របស់លោក​ស្រី។ ស្ត្រី​ដើមកំណើត​វៀតណាម​រូបនេះ និយាយ​ភាសា​ខ្មែរ​ប៉ែឡាំៗថា៖«ក្នុងចំណោម​អាវុធ​ទាំងអស់ ខ្ញុំ​ទទួលស្គាល់​តែ​ពី​រថា ជា​អាវុធ​ផ្ទាល់​របស់ខ្ញុំ និង​ប្តី​របស់ខ្ញុំ ព្រោះ​យើង​បានស្នើ​សុំ​ពី​ក្រសួងការពារជាតិ។ ខ្ញុំ​ប្រើ​សម្រាប់​ការពារ​សុវត្ថិភាព​ខ្លួន និង​ការពារ​ពេលដែល​ខ្ញុំ​ជញ្ជូន​លុយ​ពី​អតិថិជន ព្រោះ​លុយ​ចូល​ច្រើន​ក្នុងមួយថ្ងៃ»។

មេធាវី​ការពារ​ក្តី​ឪពុកម្តាយ​លោក ថោង សារ៉ាត់ លោក លីម វណ្ណា បាន​ថ្លែងថា អាវុធ​មួយចំនួន​ក្នុងចំណោម​អាវុធ​ទាំងអស់ ដែល​រឹបអូស​ពី​ផ្ទះ​ពួកគេ ត្រូវបាន​ដាក់​ដោយ​នគរបាល ដើម្បី​ចោទប្រកាន់​លើ​កូនក្តី​របស់លោក។ លោក​ថា៖«មិនមាន​ភស្តុតាង​ពិតប្រាកដ​បង្ហាញថា កូនក្តី​របស់ខ្ញុំ​បាន​កាន់កាប់ និង​រក្សា​អាវុធ​ទាំងនោះ​នៅក្នុង​ផ្ទះ​ពួកគេ​ទេ។ ខ្ញុំ​សូម​ឲ្យ​តុលាការ​លើកចោល​បទ​ចោទ​នេះ»។

ឧ​ត្ត​ម​សេនីយ៍​ទោ មាស វណ្ណា នាយករង​ខុ​ទ្ទា​កាល័យ​ក្រសួងការពារជាតិ បាន​ថ្លែង​បញ្ជាក់ប្រាប់​តុលាការ​ថា ក្រសួង​បានចេញ​អាជ្ញាប័ណ្ណ​កាំភ្លើង​ចំនួន ៩ដើម​ដល់​លោក ថោង សារ៉ាត់ កាលពី​ខែមិថុនា ឆ្នាំ២០១៤ និង ២ដើម​ទៅ​លោក ថោង ចំរើន និង​លោកស្រី កែវ សារី សម្រាប់​បំពេញបេសកកម្ម។ លោក​ថា៖«លិខិតអនុញ្ញាត​ប្រើប្រាស់​កាំភ្លើង​ទាំង ១១ ដើម​នេះ នៅមាន​សុពលភាព​នៅឡើយ សម្រាប់​បំពេញបេសកកម្ម​ឲ្យ​ក្រសួង។ ប៉ុន្តែ​ខ្ញុំ​មិនអាច​បញ្ជាក់​លើសពីនេះ​ទេ ព្រោះនេះ ការសម្ងាត់​របស់​ជាតិ»។

នៅក្នុង​សវនាការ​ជា​សាធារណៈ​នេះ លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ រំពឹងថា ពួកគេ​នឹង​ទទួលបាន​នូវ​ការដោះលែង ដោយសារតែ​អាវុធ​ពួកគេ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ហើយ​អាវុធ​ផ្សេងទៀត​គឺជា​របស់​កង​អង្គរក្ស៕



© រក្សាសិទ្ធិដោយ thmeythmey.com