កីឡាជាតិ
ជាតិ
ជម្រុះ World Cup៖ ជំនួបកម្ពុជា-សឹង្ហបុរី ទាក់ទាញអ្នកគាំទ្រ​ប្រមាណ​៦ម៉ឺននាក់
11, Jun 2015 , 11:14 pm        
រូបភាព
ក្រុមអ្នកគាំទ្រ​កម្ពុជានា​ជំនួប​រវាងកម្ពុជា និង​សឹង្ហបុរី។ រូបថត ខឹម សុវណ្ណារ៉ា
ក្រុមអ្នកគាំទ្រ​កម្ពុជានា​ជំនួប​រវាងកម្ពុជា និង​សឹង្ហបុរី។ រូបថត ខឹម សុវណ្ណារ៉ា
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ពិតជា​មិនអាច​រកឃើញ​កីឡាករ​ឆ្នើម​ណាមួយ​ឡើយ ក្រោយ​ចាញ់​សឹង្ហ​បុរី ៤-០ នា​ការប្រកួត​លើកដំបូង​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​ពីរ​ឆ្ពោះទៅកាន់​ ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១៨ ប៉ុន្តែ​អ្នក​ដែល​ត្រូវ​ជាប់​ឈ្មោះ «Man of the Match» សម្រាប់​ជំនួប​នេះ គឺ​ក្រុម​អ្នកគាំទ្រ​ប្រមាណ៦ម៉ឺន​នាក់​ដែល​មិន​ធ្លាប់មាន​ពីមុន។


ពហុ ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ១៩៦៤ ហើយ​នៅមុន​សង្គ្រាម ពហុ​កីឡដ្ឋាន​ដែលមាន​ចំណុះ​ប្រមាណ៥ម៉ឺន​នេះ បានរៀបចំ​ព្រឹត្តិការណ៍​ធំ​ពីរលើក គឺ ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គា​ណេ​ហ្វូ​ពីថ្ងៃ​ទី២៥ ខែវិច្ឆិកា ដល់​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ១៩៦៦ និង​ជា​ទឹកដី​កណ្តាល​នៃ​ការប្រកួត World Cup រវាង​ក្រុម​អូស្ត្រាលី និង​កូរ៉េខាងជើង​ពីថ្ងៃ​ទី២១ ដល់ទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៦៥ ។

យោងតាម​ឯកសារ​ជាច្រើន ការប្រកួត​កីឡា​អាស៊ី​ហ្គា​ណេ​ហ្វូ បាន​ទាក់ទាញ​អ្នកគាំទ្រ​ប្រមាណ៥០០០០នាក់ ដែល​ស្មើនឹង​ចំណុះ​របស់​ពហុ​កីឡដ្ឋាន ខណៈ​ការប្រកួត World Cup រវាង​អូស្ត្រាលី និង​កូរ៉េខាងជើង ទាក់ទាញ​បាន​អ្នកចូលរួម​ប្រមាណ៤០០០០នាក់​ដោយ​សម្តេចឪ នរោត្តម សីហនុ បាន​តម្រូវ​ឲ្យ​ក្រុម​ក្រុម​អ្នកគាំទ្រ​ពាក់កណ្តាល​កាន់​ខាង​កូរ៉េខាងជើង ហើយ​ពាក់កណ្តាល​ទៀត​អបអរ​អូស្ត្រាលី។

សម្រាប់​ការប្រកួត​កាលពី​ រាត្រី​ថ្ងៃទី១១ ខែមិថុនា នេះ ចំនួន​អ្នកចូលរួម​ពិតជា​មិន​ស្មាន​ដល់ ដោយ​លើសពី​ចំណុះ​ផ្លូវការ​របស់​ពហុ​កីឡដ្ឋាន​ទៅទៀត។ ការប្រកួត​បានចាប់ផ្តើម​នៅវេលា​ម៉ោង៦ និង៣០នាទី ប៉ុន្តែ​ចរាចរណ៍​នៅមុន​ពហុ​កីឡដ្ឋាន​បានចាប់ផ្តើម​កកស្ទះ​តាំងពី​ជិត៤ល្ងាច​ មកម្ល៉េះ។





© រក្សាសិទ្ធិដោយ thmeythmey.com