ជាតិ
សង្គមជាតិ
កម្ពុជា​នឹង​រៀបចំ​ការប្រកួត​និយាយ​ភាសា​ខ្មែរ​សម្រាប់​ជនបរទេស​ជា​លើកដំបូង
13, Jun 2015 , 10:38 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្ពុជា​នឹង​ប្រកួត​និយាយ​ភាសា​ខ្មែរ​សម្រាប់​ជនបរទេស​ជា​លើកដំបូង ក្នុង​គោលបំណង​លើកទឹកចិត្ត​ជនបរទេស​ឲ្យ​សិក្សា​ភាសា​ខ្មែរ ក៏ដូចជា​លើ​កក​ម្កើ​ង​ភាសា​ខ្មែរ។ ពិធី​នេះ នឹង​ប្រព្រឹត្តទៅនៅ​ម៉ោង ២រសៀល​ថ្ងៃទី១៣ ខែមិថុនា​នេះ នៅ​សាកលវិទ្យាល័យ​បញ្ញា​កម្ពុជា (ខាងត្បូង​វិមានឯករាជ្យ)។ ជនបរទេស​ចំនួន ២៥នាក់មកពី ៩ប្រទេស​ផ្សេងគ្នានឹងចូលរួម​ធ្វើ​បទ​បង្ហាញ​ប្រកួតប្រជែង​លើ​ប្រធានបទ​ទាក់ទង​នឹង​កត្តា​ជំរុញ​ទឹកចិត្ត​ឲ្យពួកគេ​សិក្សា​ភាសា​ខ្មែរ និយាយ​អំពី​សំនួន​ពាក្យ​ក្នុង​ភាសា​ខ្មែរ និង​និយាយ​អំពី​អនុស្សាវរីយ៍ដែលមាន​អត្ថន័យ​សម្រាប់​ពួកគេ​ចំពោះ​កម្ពុជា។


គោល​គំនិត​សំខាន់​នៅក្នុង​កម្មវិធី​នេះ គឺ​ដើម្បី​លើកកម្ពស់ផ្សព្វផ្សាយ​ការសិក្សា​ភាសា​ខ្មែរ ក៏ដូចជា​បង្ហាញ​ដល់​ប្រជាជន​កម្ពុជា​ថា ជនបរទេស​ជាច្រើនដែល​កំពុង​រស់នៅ​ប្រទេស​កម្ពុជាអាច​និយាយ និង​ប្រើប្រាស់​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ។ ម្យ៉ាងទៀត អ្នករៀបចំ​មានបំណង​លើក ទឹកចិត្ត​ដល់​ជនបរទេស​ក្នុងការ​សិក្សា​ភាសា​ខ្មែរ​ដែរ។

វិញ្ញាសារ​ដែល​ដាក់​ឲ្យ​បេក្ខជន​ប្រកួត​ចែកចេញជា៣កម្រិត រួមមាន កម្រិត​មធ្យម កម្រិត​ខ្ពស់ និង​កម្រិត​ជំនាញ។ បេក្ខជន​ដែល​ចូលរួម​ប្រកួត​មាន​ចំនួន ២៥រូបមកពី ៩ប្រទេស ដូចជា ជប៉ុន បារាំង ប៊ែ​ល​ហ្ស៊ី​ក កូរ៉េខាងត្បូង កូរ៉េខាងជើង អូស្ត្រាលី អ៊ីតាលី អង់គ្លេស និង​សហរដ្ឋអាមេរិក។ គណៈកម្មការ​ប្រកួតនឹង​ទុក​រយៈពេល ៣នាទីសម្រាប់​ឲ្យ​បេក្ខជននីមួយៗ និយាយ​បង្ហាញ​ជា​ភាសា​ខែ្មរ​ក្នុង​ប្រធានបទ​របស់​ពួកគេ។ ជ័យលាភី​ក្នុងការ​ប្រកួត​នេះ នឹង​ទទួលបាន​រង្វាន់​ជាច្រើនពី​ម្ចាស់​ឧបត្ថម្ភ ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ​នានា​ផងដែរ។

សមាជិក​គណៈកម្មការ​ក្នុងការ​ប្រកួត​នេះ មាន៦រូប ក្នុងនោះ រួមមាន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន និង​សាស្ត្រាចារ្យ​ផ្នែក​ខេ​មរ​វិទ្យា និង​ប្រវត្តិសាស្ត្រ​ខ្មែរ លោក សំបូរ ម៉ា​ណ្ណា​រ៉ា ព្រមទាំង​លោកគ្រូ អ្នកគ្រូ​ភាសា​ខ្មែរ​ផ្សេងទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com