ជាតិ
សង្គមជាតិ
ជន​ជា​តិ​បរ​ទេស ៣​រូប​​ទ​ទួល​បា​ន​ចំណា​ត់​​​ថ្នាក់​​​លេខ​​១ក្នុងកា​រ​ប្រកួត​​និ​យា​យ​​ពី​​ភា​​សា​ខ្មែរ​​ជា​​លើ​​កដំបូង​​​​​​
14, Jun 2015 , 8:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជនបរទេស ៣រូប​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ក្នុងការ​ប្រកួតប្រជែង​និយាយ ភាសា​ខ្មែរ ដែល​ចែកជា ៣កម្រិត​ផ្សេងគ្នា កាលពី​រសៀល​ថ្ងៃទី១៣ មិថុនា។ លទ្ធផល​ការប្រកួត កម្រិត​មធ្យម​ជ័យលាភី​លេខ១ បាន​លើ​ជនជាតិ​កូរ៉េខាងជើង​កញ្ញា Su Rim Ko រីឯ​ជ័យលាភី កម្រិត​ខ្ពស់ គឺ​ជនជាតិ​បារាំង លោកស្រី Anne Laure Poree  ហើយ​ជ័យលាភី​កម្រិត​ជំនាញ គឺ​ជនជាតិ​បារាំង​លោក Blaise Kilian។


ក្នុងការ​ប្រកួត​កម្រិត​ធ​ម្យ​ម​មាន​បេក្ខជន ៩រូប កម្រិត​ខ្ពស់​មាន​បេក្ខជន​ចំនួន ៧រូប និង កម្រិត​ជំនាញ​មាន​បេក្ខជន ៦រូប។ បេក្ខជន​ទាំង ២២នាក់​នេះ មកពី៩ ប្រទេស​បាន​ចូលរួម រួមមាន ប្រទេស​ជប៉ុន បារាំង ប៊ែ​ល​ស្សិ​ក កូរ៉េខាងត្បូង កូរ៉េខាងជើង អូស្ត្រាលី អ៊ីតាលី អង់គ្លេស និង អាមេរិក។ បេក្ខជន​ទាំងអស់​មាន​រយៈពេល៣នាទី ដើម្បី​និយាយ​ពី​ប្រធានបទ​ទាក់ទង​នឹង​កត្តា​ដែល​ជំរុញ​ឲ្យ​ពួកគេ​សិក្សា​ភាសា​ខ្មែរ និយាយ​ពី​សំនួន​ពាក្យ​នៅក្នុង​ភាសា​ខ្មែរ និង​និយាយ​ពី​អនុស្សាវរីយ៍​ដែល​ពួកគេ​ចងចាំ​បំផុត​នៅ​កម្ពុជា។

ជ័យលាភី​កម្រិត​មធ្យម កញ្ញា Su Rim Ko អាយុ ២០ឆ្នាំ មាន​អារម្មណ៍​សប្បាយរីករាយ នៅពេលដែល​ទទួលបាន​ជ័យលាភី។ និស្សិត​នៃ​សាកលវិទ្យាល័យ Limkokwing ភ្នំពេញ រូបនេះ អាច​ចេះ​និយាយ​ភាសា​ខ្មែរ​ជាង ២ឆ្នាំ​ហើយ​ដែរ។

ដោយឡែក ជ័យលាភី​កម្រិត​ខ្ពស់​លោកស្រី Anne Laure Poree ជនជាតិ​បារាំង បាន​និយាយ លោកស្រី​បាន​ស្នាក់នៅ និង​ធ្វើ​នៅក្នុង​ប្រទេស​កម្ពុ​ជាជាង ១០ឆ្នាំ​ហើយ ដូចនេះ លោកស្រី​ក៏ អាច​ចេះ​និយាយ និង​ស្តាប់​ភាសា​ខ្មែរ​បាន​យ៉ាង​ល្អ។ លោកស្រី​រៀបរាប់ថា ពេល​លោកស្រី សិក្សា​ភាសា​ខ្មែរ មានការ​លំបាក​ខ្លាំង។ ការលំបាក​ដែល​លោកស្រី​ជួប​នោះ​គឺ វេយ្យាករណ៍ និង​ការសរសេរ​អក្សរ​ខ្មែរ​តែម្តង។ យ៉ាងណា លោកស្រី​អះអាង គាត់​នៅតែ​ព្យាយាម​និយាយ ជាមួយ​ជនជាតិខ្មែរ និង​ស្តាប់​ចម្រៀង​ខ្មែរ​រហូតទល់​តែ​ចេះ។

ជាមួយគ្នានេះ ជ័យលាភី​កម្រិត​ជំនាញ លោក Blaise Kilian ជា​ជនជាតិ​បារាំង ដែល​បានមក​ស្នាក់នៅ​កម្ពុ​ជាជាង ២០ឆ្នាំ​ហើយ​នោះ បាន​និយាយថា លោក​រីករាយ​នឹង​ចេះ ភាសា​ខ្មែរ ដោយ​លោក​លើកឡើងថា ភាសា​ខ្មែរ​អាចជួយ​ឲ្យ​ការទំនាក់ទំនង​ការងារ​របស់ លោក​ក្នុង​តែមាន​ភាព​ស្និត​ស្នាល​ល្អប្រសើរ។ ជាងនេះទៀត មន្ត្រី​ទូត​បារាំង​រូបនេះ អះអាងថា លោក​ចាប់អារម្មណ៍​នឹង​បន្ត​សិក្សា​លើ​ផ្នែក​ប្រវត្តិសាស្ត្រ​ខ្មែរ ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត។ លោក Blaise Kilian បាន​ប្រកួតប្រជែង​ឈ្នះ​បេក្ខជន​មកពី​ប្រទេស​អូស្ត្រាលី ១នាក់  ជប៉ុន៣នាក់ និង​អង់គ្លេស ១នាក់។

លោកស្រី Sonia CAUTAIN ប្រធាន​វិទ្យាស្ថាន​សិក្សា​ភាសា​ខ្មែរ និង​ជា​ប្រតិភូ​នៃ​សហភាព​អឺរ៉ុប ដែលជា​អ្នករៀបចំ​កម្មវិធី​នេះ បាន​និយាយថា គោលបំណង​នៃ​ការប្រកួត​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ ជនបរទេស​សិក្សា​ភាសា​ខ្មែរ។ ម្យ៉ាងទៀត លោកស្រី​ចង់​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រកួត​បែប នេះ ឲ្យ​ច្រើន​ទៀត ដើម្បី​រក្សា​ទំនាក់ទំនង​ជនជាតិ​បរទេស​ក្នុងប្រទេស​កម្ពុជា។
គួរ​បញ្ជាក់ថា ពិធី​ប្រកួតប្រជែង​នេះ រៀបចំ​នៅក្នុង សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ទីតាំង​ខាងត្បូង​វិមានឯករាជ្យ  ហើយ​បេក្ខជន​ចំនួន ២២នាក់ មកពី៩ ប្រទេស​បាន​ចូលរួម។ គណៈកម្មការ​ក្នុង ការប្រកួត​នេះ រួមមាន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ព្រមទាំង​មានការ​ចូលរួម​ពី សំណាក់​ឯកអគ្គរដ្ឋទូត​នៃ​បណ្តា​ប្រទេស​មួយចំនួន សាស្ត្រាចារ្យ និង​និស្សិត​សរុប​ជាង ៥០០នាក់។
 
រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន បានបង្ហាញ​ចំណាប់អារម្មណ៍​ថា កម្មវិធី​នេះ បាន​ជួយ​លើកទឹកចិត្ត​ដល់​ជនបរទេស​ដែល​កំពុងតែធ្វើការ និង​រស់នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ចេះ​និយាយ​ភាសា​ខ្មែរ។ លោក​បន្ថែមថា ជនបរទេស​មិន​ត្រឹមតែ​សិក្សា​ភាសា​ខ្មែរ​នោះទេ តែ​ពួកគេ​ថែមទាំង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ស្វែង​យល់ដឹង​ពី​វប្បធម៌​ខ្មែរ​បន្ថែម​ទៀតផង៕
 



© រក្សាសិទ្ធិដោយ thmeythmey.com