ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នក​ម្នាង អ៊ុក ផល្លា ចេញពីព្យាបាលនៅថៃត្រឡប់មកកម្ពុជាវិញ
15, Jun 2015 , 2:21 pm        
រូបភាព
រូបថត អ្នកម្នាង អ៊ុក ផល្លា និងទ្រង់ រណឫទ្ធិ នៅព្រលានយន្ត​ហោះក្នុង​ប្រទេសថៃ ពីហ្វេសប៊ុក គណបក្ស ហ៊្វុនស៊ិនប៉ិច
រូបថត អ្នកម្នាង អ៊ុក ផល្លា និងទ្រង់ រណឫទ្ធិ នៅព្រលានយន្ត​ហោះក្នុង​ប្រទេសថៃ ពីហ្វេសប៊ុក គណបក្ស ហ៊្វុនស៊ិនប៉ិច
ដោយ: ថ្មីៗ
ស្ថានភាព​សុខភាព​របស់​អ្នក​ម្នាង អ៊ុក ផល្លា ដែល​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ចុងខែ​មេសា​ កន្លងទៅនោះ មកដល់ពេលនេះ មាន​ភាពល្អប្រសើរ​ហើយ។ អ្នក​ម្នាង នឹងចាកចេញពីប្រទេសថៃ ហើយវិលត្រឡប់មកដល់​ប្រទេសកម្ពុជាវិញនៅម៉ោង ២ កន្លះ ថ្ងៃទី ១៥ ខែមិថុនានេះ ។ នេះ​បើតាមលោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុន​ស៊ិនប៉ិច។


មន្រ្តីជាន់ខ្ពស់គណបក្ស​ ហ៊្វុនស៊ិនប៉ិចជាច្រើនរូប មានលោក លោក ញ៉េប ប៊ុនជិន ជាដើម បានដឹកនាំអ្នកគាំទ្រមួយចំនួនទៅចាំទទួលអ្នកម្នាង ផល្លា នៅព្រលានយន្តហោះអន្តរជាតិនៅថ្ងៃនេះ។ ឯព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានយាងទៅដង្ហែអ្នកម្នាងរបស់ព្រះអង្គពីប្រទេសថៃតែម្តង កាលពីថ្ងៃទី ១២ ខែមិថុនា។ បើតាម​លោក ញ៉េប ប៊ុនជិន បើទោះបីជាស្ថានភាពរបួសអ្នកម្នាង ផល្លា បានធូរស្រាលច្រើន ហើយចេញពី​មន្ទីរពេទ្យ​នៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញមែន តែទំនងមានក្រុមគ្រូពេទ្យជំនាញនៅកម្ពុជា នឹងជួយតាមដានស្ថានភាពរបួស​របស់​ទ្រង់។

សូម​រម្លឹកថា កាលពី​ថ្ងៃទី ២៤ ខែមេសា ក្រោយពី​វិលត្រឡប់​មកពី​ជួប​អ្នកគាំទ្រ​ខ្លួ​នៅក្នុង​ខេត្តកំពង់ចាម ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​អ្នក​ម្នាង អ៊ុក ផល្លា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំណាត់​ផ្លូវជាតិ​លេខ៧ ក្នុងភូមិ​ព្រៃ​ខ្វិត ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ដោយ​រថយន្ត​ដឹក​ដី​បាន​ចូល​កាត់​ក្បួន​រថយន្ត​ទ្រង់ ក្នុង​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ។ បន្ទាប់ពី​រងរបួស​ធ្ងន់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នេះ អ្នក​ម្នាង ផល្លា ត្រូវគេ​បញ្ជូនមក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បញ្ជូន​បន្តទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ៕ 





© រក្សាសិទ្ធិដោយ thmeythmey.com