ជាតិ
​​​ន​យោ​បាយ​ជាតិ​
យុវជន​សម្ព័ន្ធ​សេនា​នាគ​ចេញមុខ​ស្បថ​ជំនួស​លោក ហ៊ុន សែន នៅមុខ​វាំង
15, Jun 2015 , 5:07 pm        
រូបភាព
ដោយ: ថ្មីៗ

ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ បានចេញ​មុខ​ស្បថ​ជាមួយ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា នៅមុខ​ព្រះអង្គ​ដង​កើ នៅ​ថ្ងៃទី២១ខែមិថុនា​ខាងមុខនេះ។ លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិ​ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ បញ្ជាក់ថា​ការចេញមុខ​ស្បថ​នេះ គឺ​ម្បី​ការពារ​កិត្តិយស និង​ភាព​ស្អាតស្អំ​របស់​បក្ស ហើយ​ថា​ការ​កំដរ​លោក ម៉ៅ ពិសេស ស្បថ​នៅពេលនេះ គឺ​ក្នុងនាម​ជា​មិត្ត មិនមែនជា​សត្រូវ​នោះទេ។ លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា ប្រសិនបើ​មាន​ព្រឹត្តិការណ៍​ស្បថ​នេះ​មែន លោក​នឹង​បញ្ជូន​ក្រុមអ្នកកាសែត​នៃ​ទូរទស្សន៍​ជាតិ​ទៅយក​ព័ត៌មាន​នៅ​ទីកន្លែង​រៀបចំ​ពិធី។


ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ បាន​ចេញមុខ​កំណត់​ថ្ងៃ​ទៅ​ស្បថ​នៅមុខ​ព្រះអង្គ​ដងទង់(ដង​កើ) ជាមួយ​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ជំនួស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។ ការកំណត់​ថ្ងៃ​ស្បថ​ជាមួយ​លោក ម៉ៅ ពិសេស​នេះ កើតឡើង​បន្ទាប់ពី​លោក​ម៉ៅ ពិសេស បានស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន កំណត់​ថ្ងៃ​ស្បថ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​គណបក្ស​ប្រជាជន​ជុំវិញ​លទ្ធផល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី។

លោក ប៉ាន់​ខែម ប៊ុនថន ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ បាន​ប្រាប់​សារព័ត៌មានថ្មីៗ នៅ​ព្រឹក​ថ្ងៃទី១៥មិថុនា​ថា៖«ឋានៈ​លោក ម៉ៅ ពិសេស ហ៊ាន​អញ្ជើញលោក​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​ស្បថ​ជាមួយ ដូចជា​តម្កើង​ខ្លួនឯង​ពេក។ បើ​ចង់​ស្បថ ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ អាច​កំដរ​គាត់​បាន មិនចាំបាច់​ដល់​លោកនាយក​រដ្ឋមន្ត្រី​នោះទេ ត្រឹមតែ​យុវជន​បក្ស​វា​លើសលប់​ពេក​ផង»។ ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ​រូបនេះ ក៏បាន​បញ្ជាក់ដែរថា ការចេញ​ស្បថ​នេះ គឺធ្វើឡើង​ក្នុងនាម​ជា​មិត្ត មិនមែនជា​សត្រូវ​រវាង​ជាតិ​សាសន៍​ឯង​នោះទេ ហើយ​ថា បើសិនជា​លោក ម៉ៅ ពិសេស មិន​ហ៊ាន​ទៅ​ស្បថ​នៅ​ថ្ងៃទី២១មិថុនា​ខាងមុខ​នោះ​មានន័យថា ការដែល​លោក​ម៉ៅ ពិសេស​ចេញ​លិខិតអញ្ជើញ​លោកនាយក​រដ្ឋមន្ត្រី​នោះ គឺ​គ្រាន់តែ​ចង់​ល្បីឈ្មោះ​ប៉ុណ្ណោះ។

តែ​យ៉ាងណាក៏ដោយ​ទាក់ទង​នឹង​គម្រោង​ស្បថ​ដែលមាន​ការចូលរួម​ពី​យុវជន​សម្ព័ន្ធ​សេនា​នាគ ជាង១ពាន់៥រយ​នាក់​នាក់​នេះ នៅ​មិនទាន់មាន​ការអនុញាត​ពី​សាលា​រាជធានី​ភ្នំពេញ​នៅឡើយ​ទេ។

លោក ម៉ៅ ពិសេស​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅថ្ងៃនេះ​ថា លោក មិន​ចាប់អារម្មណ៍​សេចក្តីប្រកាស​របស់​ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ​នោះទេ  ហើយ​លោក ក៏​មិន​ទៅ​ស្បថ​ជាមួយ​ក្រុមយុវជន​សម្ព័ន្ធ​សេនា​នាគ​នោះដែរ។

នៅក្នុង​កិច្ចប្រជុំ​នា​វិមាន​រដ្ឋសភា​នៅ​ថ្ងៃទី៨ ខែមិថុនា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​បាន​ថ្លែងខ្លាំងៗថា លោក​រង់ចាំ លោក សម រង្ស៊ី​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ ដើម្បី​ស្បថ​នៅមុខ​ព្រះអង្គ​ដង​កើបញ្ហាសំខាន់ៗពីរ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន បបួល​លោក សម រង្ស៊ី ស្បថ​គឺ​បញ្ហា​លួច​បន្លំ​សន្លឹកឆ្នោត និង​បញ្ហា​កាកបាទក្រហម​ចែក​អំណោយ«រើសមុខ»ដែល​ចោទ​ដោយ​គណបក្សប្រឆាំង។ លោក ម៉ៅ ពិសេស បាន​ចេញមុខ​ជំនួស​លោក សម រង្ស៊ី ដើម្បី​បបួល​លោកនាយក​រដ្ឋមន្ត្រី​ស្បថ ដែល​តម្រូវ​ឲ្យ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ចេញមុខ​តទល់​នឹង​លោក ម៉ៅ ពិសេស៕



© រក្សាសិទ្ធិដោយ thmeythmey.com