ជាតិ
សង្គមជាតិ
ផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​នឹងបិទ​ចរាចរណ៍​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​យូ​ហ្គា
16, Jun 2015 , 9:47 am        
រូបភាព
សៀមរាប៖ ទិវា​អន្តរជាតិ​ស្តីពី យូ​ហ្គា (International Day of Yoga) នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ធ្វើ​នៅមុខ​បរិវេណ​នៃ​ប្រាសាទអង្គរវត្ត។ ដើម្បី​សម្រួល​ចរាចរណ៍​នៅ​ថ្ងៃ​ប្រារព្ធ​ទិវា​នោះ​ឲ្យ​បានល្អ អាជ្ញាធរ​នឹងធ្វើ​ការបិទផ្លូវ​មុខ​ប្រាសាទអង្គរវត្ត​មួយរយៈ រហូតដល់​ចប់​កម្មវិធី។


ក្រសួងទេសចរណ៍ សហការ​នឹង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នឹង​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ស្តីពី យូ​ហ្គា នៅ​ថ្ងៃទី២១ មិថុនា ឆ្នាំ២០១៥ នៅ​បរិវេណ​ខាងមុខ​នៃ​ប្រាសាទអង្គរវត្ត។ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​កម្មវិធី​ខាងលើ អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​តួនាទី​គ្រប់គ្រង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នឹងធ្វើ​ការបិទ​ចរាច​រណ៍​ជា​បណ្តោះអាសន្ន រង់ចាំ​រហូតដល់​ចប់​កម្មវិធី ទើប​បើក​ចរាចរណ៍​ជាធម្មតា​វិញ។

ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី១៥ មិថុនា អាជ្ញាធរ​អប្សរា​បានបញ្ជាក់​ពី​ប្លង់​ដែល​ត្រូវ​ផ្អាក​ដំណើរ​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ទិវា​នោះ​ផងដែរ។ ហាម​យាន​ជំនះ​គ្រប់​ប្រភេទ មិន​ឲ្យ​ចរាចរណ៍​ចូល​ទីលាន​ខាងមុខ​ប្រាសាទអង្គរវត្ត​តាម​ច្រក​ទាំង៣ គឺ​ត្រង់ចំណុច​កែង​ផ្លូវ​ប៉ម​យាម​នគរបាល​បេតិកភណ្ឌ ចំណុច​កែង​ផ្លូវ​មកពី​ព្រលានយន្តហោះ និង​ចំណុច​កែង​ផ្លូវ​ត្រពាំង​សេះ។ ទីលាន​មុខ​ប្រាសាទ អនុញ្ញាត​តែ​ចំពោះ​ដំណើរ​ថ្មើរជើង​តែប៉ុណ្ណោះ។ ផ្លូវ​ស្រប​កសិណ​ខាងលិច​ឆ្ពោះទៅ​អង្គរធំ ឫ​ភ្នំ​បាខែង ចាប់ពី​ចំណុច​កែង​ផ្លូវ​កូ​ម៉ៃ​ទៅ​ជើង​ទល់នឹង​ប៉ម​យាម​នគរបាល​បេតិកភណ្ឌ​បត់​ទៅ​លិច​ទល់នឹង​ផ្លូវ​ថ្មី ត្រូវ​បង្វែរ​ជា​ផ្លូវ​ឯកទិស។ ចរាចរណ៍​ដែល​ត្រឡប់​ពី​អង្គរធំ ឫ​ភ្នំ​បាខែង​ឆ្លង​កាត់មុខ​អង្គរវត្ត ត្រូវ​បើក​តាមផ្លូវ​វាង​ត្រពាំង​សេះ​ខាងលិច បត់​ទៅ​ផ្លូវ​ព្រលានយន្តហោះ ឫ​បង្ហួស​ទៅ​ផ្លូវ​កូ​ម៉ៃ​តែម្តង។

លោក សុខ លក្ខិណា ក្នុងនាម​ជា​អគ្គនាយក​ស្តីទី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ខាងដើម​ថា ការប្តូរ​ទិស​ចរាចរណ៍​នេះ នឹង​ចាប់​អនុវត្ត​ចាប់ពី​ម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២០ មិថុនា​តទៅ រហូតដល់​ចប់​កម្មវិធី។ ចំពោះ​សាធារណជន មគ្គុទ្ទេសក៍ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាជ្ញាធរ​ជាតិ​អប្សរា ស្នើសុំ​ឲ្យ​មានការ​យោគយល់​ខ្ពស់ ចំពោះ​ការប្តូរ​ទិស​ចរាចរណ៍​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com