ជាតិ
សង្គមជាតិ
ខ្មែរឥស្លាម​កំណត់​ថ្ងៃ១៨មិថុនា​ស្អែក​ដើម្បី​ផ្តើម​ខែ​រ៉​ម៉ា​ឌន
17, Jun 2015 , 2:59 pm        
រូបភាព
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមពិសារអាហារស្រាយបួសថ្នាក់ជាតិនៅសាលសន្និសីទកោះពេជ្រ នៅថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៤ ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមពិសារអាហារស្រាយបួសថ្នាក់ជាតិនៅសាលសន្និសីទកោះពេជ្រ នៅថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៤ ។
ភ្នំពេញ៖ ខែ​រ៉​ម៉ា​ឌន (Ramadan) ឫ​ខែ​បួស​របស់​សាសនា​ឥស្លាម​នៅ​ឆ្នាំនេះ​បានមក​ដល់​ហើយ។ នៅ​ប្រទេស​កម្ពុជា ខ្មែរឥស្លាម​បានកំណត់​យក​ថ្ងៃទី១៨ មិថុនា​ស្អែក ដើម្បី​ស្វាគមន៍ និង​ចាប់ផ្តើម​ខែ​រ៉​ម៉ា​ឌន​របស់ខ្លួន។ ខែ​រ៉​ម៉ា​ឌន ដែល​ត្រូវ​តម​អាហារ​នៅពេល​ថ្ងៃ​រយៈពេល​ពេញ​មួយខែ ត្រូវបាន​សាសនិក​ឥស្លាម​ជឿថា ជា​ខែ​ដ៏​ពិសិដ្ឋ​និង​ពិសេស​ជាង​ខែផ្សេងៗ ក្នុង​ការគោរព​សក្ការ​ទៅ​ព្រះ​ជា​ម្ចាស់ (អាល់​ឡោះ Allah)។


យោងតាម​សេចក្តីជូនដំណឹង​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា បាន​បង្គាប់​ឲ្យ​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ទាំងអស់ ត្រូវ​ផ្តើម​បួស​ចាប់​ពីថ្ងៃ​ព្រហស្បតិ៍​ស្អែក ជា​កំហិត។ សេចក្តីជូនដំណឹង​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ១៦ មិថុនា បានសរសេរថា អ៊ី​មុំ​ា​គ្រប់​ជាន់ថ្នាក់ (ថ្នាក់ដឹកនាំ​ឥស្លាម) ត្រូវ​ប្រកាស​ជូនដំណឹង​បន្ត​ទៅដល់​បងប្អូន​សាសនិក​ឥស្លាម​ផ្សេងទៀត ដើម្បី​ចូល​បួស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​កុំបី​ខាន។

ដូច​រៀងរាល់ឆ្នាំ មុន​ខែ​រ៉​ម៉ា​ឌន​មកដល់ សាសនិក​ឥស្លាម​នៅ​កម្ពុជា បានរៀបចំ​ចំណីអាហារ និង​សម្ភារ​ចាំបាច់​មួយចំនួន​សម្រាប់​ខែ​នេះ។ ម្ហូបអាហារ​មួយចំនួនធំ ត្រូវ​ទិញ​ទុកពេល​ព្រឹក និង​ត្រៀម​រៀបចំ​ចំអិន​អាហារ​សម្រាប់​ស្រាយ​បួស​ពេល​ល្ងាច(ពេល​ថ្ងៃ​លិច)។ ហាង​អាហារ និង​ភោជនីយដ្ឋាន​របស់​សាសនិក​ឥស្លាម​មួយចំនួនធំ បាន​បិទទ្វារ​ពេញ​មួយខែ​រ៉​ម៉ា​ឌន​នេះ។ នៅពេល​យប់ មានការ​ថ្វាយបង្គុំ​រួមគ្នា (សឡាត​តា​រ៉ា​វេស Taraweeh) នៅតាម​វិហារ​ឥស្លាម​តាម​មូលដ្ឋាន។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ចូលរួម​ពិធី​ហូប​អាហារ​ស្រាយ​បួស​និង​សាសនិក​ឥស្លាម​ជា​លើក​ទី២ ។ ពិធី​ស្រាយ​បួស​ជា​ថ្នាក់ជាតិ​នៅ​ឆ្នាំនេះ បានកំណត់​យក​ថ្ងៃទី ២៦ មិថុនា ដែល​រៀបចំឡើង​នៅ​សាលសន្និសីទ​កោះ​ពេជ្រ ហើយ​ដែលមាន​សាសនិក​ឥស្លាម​តាម​បណ្តា​ខេត្ត​ចូលរួម​ផង។ កាលពី​ឆ្នាំទៅ ពិធី​អាហារ​ស្រាយ​បួស​ជា​ប្រវត្តិសាស្ត្រ រៀបចំឡើង​នៅ​ថ្ងៃទី ១៨ កក្កដា ឆ្នាំ២០១៤ ដែលមាន​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​អង្គទូត​នានា​ចូលរួម​ផងដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com