ជាតិ
សង្គមជាតិ
សេចក្តីព្រាងច្បាប់​NGOs បាន​ទៅ​ដល់ដៃ​រដ្ឋសភា តែ​មិនទាន់​កំណត់​ថ្ងៃ​ពិភាក្សា
17, Jun 2015 , 4:46 pm        
រូបភាព
សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ដ៏​ចម្រូងចម្រាស់​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល បាន​បញ្ជូនទៅ​ដល់ដៃរ​ដ្ឋ​សភា​ហើយ នៅ​ថ្ងៃទី១៦ខែមិថុនា។ យ៉ាងណាក៏ដោយ​រដ្ឋសភា​មិនទាន់​សម្រេច​ថ្ងៃ​ដើម្បី​ពិភាក្សា ឬ​អនុម័ត​ច្បាប់​នេះ​នៅឡើយ រង់ចាំ​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៅ​សប្តាហ៍​ក្រោយ​ជាមុនសិន។


សេចក្តីព្រាងច្បាប់​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម ជា​ប្រធានបទ​ក្តៅ​ដ៏​ចម្រូង     ចម្រាស់​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល បើទោះបីជា​វា​ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី សម្រេច​អនុម័ត​ទៅហើយ​ក្តី។ សេចក្តីព្រាងច្បាប់​នេះ ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល កាលពី​ថ្ងៃទី ៥មិថុនា និង​បាន​បញ្ជូនទៅ​ដល់ដៃ​រដ្ឋ​សភា​ហើយ នៅ​ថ្ងៃទី១៦ខែមិថុនា។

តែ​យ៉ាងណាក៏ដោយ​រដ្ឋសភា មិនទាន់​កំណត់​ថ្ងៃ​ដើម្បី​ពិភាក្សា ឬ​អនុម័ត​នៅឡើយ ដោយ​រង់ចាំ​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៅ​សប្តាហ៍​ក្រោយ​ជាមុនសិន។ នេះ​បើតាម​លោក ឈាង វុន អ្នកនាំពាក្យ​រដ្ឋសភាជាតិ។

លោក​បាន​បញ្ជាក់ថា៖«យើង​មិនទាន់​កំណត់​ថ្ងៃ​ដើម្បី​ពិភាក្សា អនុម័ត​ទេ។ គណៈកម្មការ​អចិន្ត្រៃយ៍ នឹង​បើក​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ ហើយ​គណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​បញ្ជូន​សេចក្តីព្រាងច្បាប់​នេះ ទៅ​គណៈកម្មាធិការ​ជំនាញ​ណាមួយ​របស់​រដ្ឋសភា ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ពិនិត្យ មុនពេល​ដាក់​ឲ្យ​មានការ​ពិភាក្សា​ពិគ្រោះ​យោបល់»។
 
ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន១០ បាន​ជួបពិភាក្សា​ជាមួយ លោក កឹម សុខា អនុប្រធាន​ទី១នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី១៧ខែមិថុនា​នេះ។
ក្នុងជំនួប​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល បានស្នើ​ឱ្យ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ជួយផ្តល់​យោបល់​ទៅ​រដ្ឋសភា​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សេចក្តីព្រាងច្បាប់​នេះ មានការ​ពិភាក្សាបាន​ទូលំទូលាយ​ពី​គ្រប់ភាគី។ យ៉ាងណាក៏ដោយ លោក កឹម សុខា បាន​ថ្លែងថា រហូតមកដល់​ពេលនេះ ទាំង​លោក កឹម សុខា មិនទាន់​បានទទួល​សេចក្ដីព្រាងច្បាប់​នេះ​ជា​ផ្លូវការ​នៅឡើយ។

សេចក្តីព្រាងច្បាប់​ចុងក្រោយ​ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សមាគម មាន៩ជំពូក និង៣៩មាត្រា។ រដ្ឋាភិបាល​បានសម្រេច​កែសម្រួល​ពាក្យពេចន៍ និង​បាន​ដក​មាត្រា​ចំនួន​ពីរ​ចេញពី​សេចក្តីព្រាងច្បាប់​នេះ គឺ​មាត្រា​ដែល​ចែង​ពី​ការដាក់កំហិត​លើ​ការចំណាយ​ថវិកា​រដ្ឋបាល​របស់​អង្គការ សមាគម និង​នីតិវិធី​នៃ​ការចុះបញ្ជី​របស់​អង្គការ​អន្តរជាតិ។

សូមបញ្ជាក់ថា កន្លងមក​តំណាង​អង្គការសហប្រជាជាតិ​មួយចំនួន និង​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​បានចេញ​មុខ​សំដែង​ការព្រួយបារម្ភ​ជា​ចំហ​ទល់នឹង​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​រហូតដល់​រដ្ឋាភិបាល​កម្ពុជា​ចេញ​កំណត់​ទូត​តទល់​នឹង​ការអត្ថាធិប្បាយ​របស់ អង្គការ​អន្តរជាតិ និង​ទូត​អាមេរិក​ទៀតផង។

ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់​រដ្ឋាភិបាល​ថា តាក់តែង​សេចក្តីព្រាងច្បាប់​ដែល​មិនមាន​ការចូលរួម​ពី​សង្គម​ស៊ីវិល ហើយ​មាន​ខ្លឹមសារ​រឹតត្បិត​សិទ្ធិ និង​សកម្មភាព របស់​អង្គការក្រៅរដ្ឋាភិបាល។ ប៉ុន្តែ​ផ្ទុយ​ពី​ការលើកឡើង​របស់​អង្គការ​សង្គម​ស៊ីវិល រាជរដ្ឋាភិបាល​កម្ពុជា អះអាងថា​សេចក្តីព្រាងច្បាប់​នេះ បង្កើតឡើង​ដើម្បី​លើកស្ទួយ​ការប្រើប្រាស់​សិទ្ធិសេរីភាព ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល  និង​លើកកម្ពស់​កិច្ច​សហ​ប្រតិ​ប្រតិបត្តិការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើ​គ្រប់​វិស័យ៕



© រក្សាសិទ្ធិដោយ thmeythmey.com