ជាតិ
សង្គមជាតិ
EU រៀបចំ​ការប្រកួតប្រជែង​រូបថត​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​នៅ​កម្ពុជា
19, Jun 2015 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
សហភាព​អឺរ៉ុប​នឹង​រៀបចំ​កម្មវិធី​ប្រកួតប្រជែង​រូបថត​ដោយ​ផ្ដោតទៅលើ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ចាប់ផ្ដើម​សកម្មភាព​របស់ខ្លួន​ក្នុងការ​ឆ្លើយតប និង​ចូលរួម​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ដើម្បី​បង្ហាញ​ទៅកាន់​ពិភពលោក​ថា កម្ពុជា «ចាប់ផ្ដើម​ឥឡូវនេះ»។


សហភាព​អឺរ៉ុប​បាន​ឲ្យ​ដឹងថា ការចូលរួម​ក្នុងការ​ប្រកួតប្រជែង​រូបថត​នេះ​នឹង​ផុតកំណត់​ត្រឹម​ថ្ងៃ​ចន្ទ​ទី១៧ ខែសីហា ហើយ​ការប្រគល់​រង្វាន់​នឹងធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ទី២១ខែសីហា ដែលជា​កាល បរិច្ឆេទ​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​ទូរស័ព្ទ smartphone “ការរាប់​ថយក្រោយ​ចំនួន១០០ថ្ងៃមុន​ដល់​ថ្ងៃ​សន្និសីទ​លើក​ទី២១ នៃ​ភាគី​ហត្ថលេខី​ស្តីពី​ការប្រែប្រួល​អាកាសធាតុ (100-day countdown to COP21)” ។ ចំពោះ​អ្នក​ដែល​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​នេះ ត្រូវ​ពិគ្រោះ​ជាមួយនឹង​វិធាន​នៃ​ការប្រកួតប្រជែង ដែលមាន​នៅលើ​ទំព័រ​Facebookរបស់​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា https://www.facebook.com/eu.cambodia ។

អ្នកចូលរួម​ប្រកួត​ដែល​ជាប់​ចំណាត់ថ្នាក់​ទទួលបានរ​ង្វាន់​លើកទឹកចិត្ត រួមមាន​ម៉ាស៊ីនថតរូប​បែប​កីឡា Go-PRO ជា​រង្វាន់​ទីមួយ កង់​កីឡា​មួយគ្រឿង​ជា​រង្វាន់​ទី​ពីរ បន្ទះ​សូ​ឡា​មួយឈុត​ជា​រង្វាន់​ទី​បី នាឡិកាដៃ “Ready to Act!” ចំនួន៥០គ្រឿង​ជា​រង្វាន់​ទី​បួន និង​អាវយឺត​រួម​នឹង​មួក​កា​តិ​ប “Ready to Act!” ចំនួន៥០រង្វាន់​ជា​រង្វាន់​ទី​ប្រាំ។

លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ហ្ស​ង់​ហ្វ្រ​ង់​ស័​រ កូ​តាំង (Jean-François Cautain) មានប្រសាសន៍ថា ក្នុងនាម​ជា​ដៃគូ​ឈានមុខ​គេ​របស់​ប្រទេស​កម្ពុជា សហភាព​អឺរ៉ុប​គាំទ្រ​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ ប្រែប្រួល​អាកាសធាតុ និង​កាត់បន្ថយ​ការ​ប្រឈម​នឹង​គ្រោះមហន្តរាយ ។ លោក​ថា មូលហេតុ​ដែល​ប្រតិភូ​សហភាព​អឺរ៉ុប និង​បណ្តា​ស្ថានទូត​នៃ​រដ្ឋ​ជា​សមាជិក​របស់ខ្លួន​ចាប់ផ្តើម​ចាប់ដៃ​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ការបើក​យុទ្ធ នា​ការ​ការទូត​អំពី​អាកាសធាតុ ក្រោម​ប្រធានបទ «យើង​ត្រូវ​ចាប់ផ្តើម​ឥឡូវនេះ»។

ចំពោះ​យុទ្ធនាការ «យើង​ត្រូវ​ចាប់ផ្តើម​ឥឡូវនេះ!» របស់​សហភាព​អឺរ៉ុប​នៅ​ប្រទេស​កម្ពុជា ត្រូវបាន​ចាប់ផ្តើម​ក្រោម​គំនិត​ផ្ដួចផ្តើម​ការទូត​សហភាព​អឺរ៉ុប ដែល​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ប្រ៊ុ​សែ​ល កាលពី​ថ្ងៃទី១៩ខែមករា​ឆ្នាំ២០១៥ កន្លងទៅនេះ ។ យុទ្ធនាការ​នេះ​នឹង​កៀរគរ​ទាំង​ប្រ​ត​ភូ​សហភាព​អឺរ៉ុប និង​តំណាង​ការទូត​របស់​រដ្ឋ​ជា​សមាជិក នៃ​សហភាព​អឺរ៉ុប​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​ផ្ដួចផ្ដើម សកម្មភាព​ការទូត​មុន​ដល់​ថ្ងៃ​ប្រារព្ធ​សន្និសីទ COP21 ដើម្បី​បង្កើន​ការយល់ដឹង អំពី​សារៈសំខាន់​នៃ​សន្និសីទ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com