ជាតិ
សង្គមជាតិ
អង្គការ​ស៊ី​ប៉ា​ធ្វើ​យុទ្ធនា​ការអប់រំ​អំពី​បរិស្ថាន​តាមរយៈ​បណ្ណាល័យ​ចល័ត
20, Jun 2015 , 8:05 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា អង្គការ​ស៊ី​ប៉ា បាន​បើកសម្ពោធ​គម្រោង​ថ្មី «យុទ្ធនា​ការអប់រំ​អំពី​បរិស្ថាន» តាមរយៈ​បណ្ណាល័យ​ចល័ត កាលពី​ថ្ងៃទី ១៧ ខែមិថុនា នៅ​ភូមិ​ត្រពាំង​សុ​ក្រំ ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។


គម្រោង «យុទ្ធនា​ការអប់រំ​អំពី​បរិស្ថាន» ធ្វើឡើង​ក្រោមរូបភាព​ជា​បណ្ណាល័យ​ចល័ត​ពិសេស​មួយ​របស់​អង្គការ​ស៊ី​ប៉ា ដោយ​ទទួលបាន​ការឧបត្ថម្ភ​ទាំងស្រុង​ពី​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា។ ក្រៅពី​ការលើកកម្ពស់​អំ​ណាន​តាមរយៈ​ការផ្តល់​លទ្ធភាព​ទទួលបាន​សៀវភៅ និង​ព័ត៌មាន​បណ្ណាល័យ​ចល័ត​នេះ​ក៏​ធ្វើ​បេសកកម្ម​ថ្មី​មួយ​បន្ថែមទៀត​ដែរ គឺ​ការអប់រំ​បញ្ជ្រាប​អំពី​ការការពារ​បរិស្ថាន សុវត្ថិភាព​ចរាចរណ៍ និង      អនាម័យ​ទៅដល់​ប្រជាជន ជាពិសេស​កុមារ និង​យុវវ័យ។ បណ្ណាល័យ​ចល័ត​ថ្មី​នេះ​បានចាប់ផ្តើម​សកម្មភាព​នៅតាម​សហគមន៍​តាំងពី​ដើមឆ្នាំ២០១៥ ហើយ​ធ្វើ​ការផ្តោត​សំខាន់​លើ​ការអប់រំ​បញ្ជ្រាប​តាមរយៈ​ឧបករណ៍​ព័ត៌មានផ្សេងៗ ។

ក្នុង​ឆ្នាំ២០១៥នេះ បណ្ណាល័យ​ចល័ត «បរិស្ថាន» កំពុង​ប្រតិបត្តិការ​នៅ​ជុំវិញ​ព្រលានយន្តហោះ នៅតាម​សហគមន៍​ចំនួន៥ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​អង្គការ​ស៊ី​ប៉ា និង​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា ហើយ​នៅតាម​សហគមន៍​ចំនួន៦០ផ្សេងទៀត ដែល​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ។ គម្រោង​នេះ​នឹងមាន​អ្នកទទួលផល​ច្រើនជាង៣០០០នាក់ ហើយ​ពួកគេ​នឹង​បាន​ចូលរួម​កម្មវិធី​អប់រំ​បញ្ជ្រាប​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន សុវត្ថិភាព​ចរាចរណ៍ និង​អនាម័យ​ចំនួន២ដង​ក្នុង​មួយ​សប្តាហ៍។ ដូច្នេះ សកម្មភាព​អប់រំ​បញ្ជ្រាប​ចំនួន១០០ដង នឹងត្រូវ​ធ្វើឡើង​ដោយ​បណ្ណាល័យ​ចល័ត​នេះ​ក្នុង​រយៈពេល​មួយឆ្នាំ។

ក្នុង​មួយដង កម្មវិធី​អប់រំ​បញ្ជ្រាប​មាន​សកម្មភាព​ជាច្រើន​ដូចជា ការនិទាន​រឿង​ដោយ​បណ្ណារក្ស​ចល័ត ការអាន​រឿង​ដោយ​សេរី ការអាន​សាលា​កប​ត្រ​ព័ត៌មាន ការចែក​ក្រដាស​ផ្សព្វផ្សាយ​ពី​បញ្ហា​បរិស្ថាន​ដល់​សាធារណៈជន ការឆ្លើយ​សំណួរ ការ​បញ្ចាំង​វីដេអូ​ខ្លី​ទាក់ទង​នឹង​ប្រធានបទ​អប់រំ ឥរិយាបថ​ល្អ​ក្នុងការ​ការពារ​បរិស្ថាន ការរក្សា​អនាម័យ និង​ការខ្ចី​សង​សៀវភៅ​ជាដើម។ បណ្ណាល័យ​ចល័ត​មាន​បណ្ណារក្ស​ម្នាក់ និង​ជាធម្មតា​មាន​និស្សិត​ស្ម័គ្រចិត្ត២នាក់​ដើម្បី​ជួយ​ដល់​សកម្មភាព​អប់រ​បញ្ជ្រាប ហើយ​រថយន្ត​ចល័ត​មាន​ផ្ទុក​សៀវភៅ និង​សម្ភារៈ​អប់រំ​ជាច្រើន។

ពិធី​សម្ពោធ​គម្រោង​មានការ​ចូលរួម​ពី​សំណាក់ លោកស្រី ក្លូ​អេ ឡា​ពេ​យ៍ អ្នកគ្រប់គ្រង​ទូទៅ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ហុក សុទ្ធិ នាយក​អង្គការ​ស៊ី​ប៉ា តំណាង​មកពី​មន្ទី​អប់រំ​ខេត្តកណ្តាល  និង​ការចូលរួម​របស់​ប្រជាជន ដែល​ទទួលផល​ពី​គម្រោង​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com