ជាតិ
សង្គមជាតិ
ជំងឺ​ផ្លូវដង្ហើម​មិនទាន់​រកឃើញ​នៅ​កម្ពុជា​ទេ គិត​ត្រឹម​ថ្ងៃ២០មិថុនា
21, Jun 2015 , 9:06 am        
រូបភាព
គិត​ត្រឹម​ថ្ងៃទី២០ ខែមិថុនា​នេះ នាយកដ្ឋាន​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល ពុំទាន់​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា (MERS) នៅក្នុង​ប្រទេស​កម្ពុជា​នៅឡើយ​ទេ ។ ក្រសួងសុខាភិបាល​កំពុង​តាមដាន​ជំងឺ​នេះ​យ៉ាង​យកចិត្តទុកដាក់ ទាំង​នៅ​ប្រទេស​ថៃ ឧបទ្វីប​ម​ជ្ឈឹ​ម​បូព៌ា និង​ប្រទេស​កូរ៉េខាងត្បូង និង ពង្រឹង​ប្រ​ព័​ន្ទ​តាមដាន​ក្នុងប្រទេស​ជានិច្ច ។នេះ​បើតាម​ការចុះផ្សាយ​របស់​គេហទំព័​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង។


មន្ត្រី​ជំនាញ​នាយកដ្ឋាន​បញ្ជាក់ថា វិធានការ​ណ៏​បង្ការ​និង​ឆ្លើយតប​របស់​ក្រសួងសុខាភិបាល រួមមាន ការផ្សព្វផ្សាយ​អប់រំ​អំពី​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា​នេះ​ជូន​ប្រជាពលរដ្ឋ។ ការតាមដាន​សុខភាព​អ្នកដំណើរ​មកពី​បរទេស ជាពិសេស​អ្នកដំណើរ​ពី​កូរ៉េខាងត្បូង និង​ម​ជ្ឈឹ​ម​បូព៌ា។ ក្រសួង​ត្រៀមលក្ខណៈ​មន្ត្រី​ក្រុម​ឆ្លើយតប​បន្ទាន់ ២៤/៧ ។ ត្រៀម​មន្ទីរ​ពិសោធ​ន៏​សំ​រាប់រក​អត្តសញ្ញាណ​មេរោគ​លើ​ករណី​អ្នកជំងឺ​សង្ស័យ។ ត្រៀម​មន្ទីរពេទ្យ​ព្យាបាល និង​ដាក់​អ្នកជំងឺ​ដោយឡែក  និង​ការរៀបចំ​ទូរស័ព្ទ​ទាន់​ហេតុ​ការ​ណ៏​ជូន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ក្រសួង (១១៥, ០១២៤៨៨៩៨១, ០៨៩៦៦៩៥៦៧)។

ជាមួយគ្នានេះ​នាយកដ្ឋាន​ជំងឺឆ្លង​ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ជាពិសេស​ពលរដ្ឋ​កម្ពុជា​និង​អ្នកធ្វើដំណើរ​មក ពី​ប្រទេស​កូរ៉េខាងត្បូង ម​ជ្ឈឹ​ម​បូព៌ា និង​តាម​ច្រកព្រំដែន​អន្តរជាតិ​គប្បី​ទៅ​ត្រួតពិនិត្យ​សុខភាព​របស់ខ្លួន​នៅ​មន្ទី​ពេទ្យ ឬ​រាយការណ៍​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង បើ​សង្ស័យថា​មាន​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា​នេះ។ ចំណែក​ក្នុង​គ្រួសារ ក្នុងភូមិ ក្នុង​គ្រឹះស្ថាន​សុខាភិបាល មាន​ជំងឺ​ផ្លូវដង្ហើម​ច្រើន​ខុសធម្មតា គួរតែ​រាយ​ការ​ណ៏​ទៅ​នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង ដើម្បី​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​អ​ង្គេ​ត​ស្រាច​ជ្រាវ​ជាបន្ទាន់ ។ ហើយ​មន្ត្រី​ជំនាញ ត្រូវ​ពង្រឹង​តាមដាន​សុខភាព​អ្នកដំណើរ​នៅ​ច្រកព្រំដែន​អន្តរជាតិ ដើម្បី​បង្កា​ជំងឺ​ផ្លូវដង្ហើម​នេះ កុំ​ឲ្យ​ឆ្លង​ចូល​ប្រទេស​កម្ពុជា។

អនុប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ បាន​ចុះ​ត្រួតពិនិត្យ និង​ដាក់​វិធានការ​ពង្រឹង​ដល់​មន្ត្រី​សុខាភិបាល ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ត្រួតពិនិត្យ​ភ្ញៀវ​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ពី​ប្រទេស​ថៃ ចូលមក​ប្រទេស​កម្ពុជា ក្នុងការ​ការពារ​ជំងឺ​ផ្លូវដង្ហើម (MERS) ។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​បញ្ជាក់ថា ការប្រុងប្រយ័ត្ន​ទូទៅ​ក្នុងការ​កាត់បន្ថយ​ការ​ប្រឈម​នៃ​ជំងឺ​ផ្លូវដង្ហើម (MERS)នេះ ចៀសវាង​ប៉ះពាល់​ជិតស្និត​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច។ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក បន្ទាប់ពី​ប៉ះពាល់​ជាមួយ​អ្នកជំងឺ ឬ​បរិស្ថាន​ជុំវិញ​គាត់។ ចៀសវាង​បរិភោគ​ផលិតផល​សត្វ​ដែល​ចម្អិន​មិន​ឆ្អិន​ល្អ ដូចជា ទឹកដោះ សាច់។ ចៀសវាង​ប៉ះពាល់​ជិតស្និត​ជាមួយ​សត្វ​កសិដ្ឋាន ឬ​សត្វ​រស់ ដែលជា​កន្លែង​មេរោគ​ចំលង។

គួរ​បញ្ជាក់ថា ប្រទេស​ថៃ​បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា​ជា​លើកដំបូង​លើ​ពាណិជ្ជករ​មកពី​ប្រទេស​អូ​ម៉​ង់ (តំបន់​ម​ជ្ឈឹ​ម​បូព៌ា) ដោយ​អ្នកជំងឺ​មាន​អាយុ ៧៥ឆ្នាំ ភេទ​ប្រុស គាត់​មក​ស្វែងរក​ការព្យាបាល​ជំងឺ​បេះដូង​នៅ​ប្រទេស​ថៃ។ តែ​គ្រូពេទ្យ​មានការ​សង្ស័យថា​មាន​ជំងឺ​ផ្លូវដង្ហើម ក៏​យក​គាត់​ទៅពិនិត្យ​មើលឃើញ​មាន​មេរោគ​ជំងឺ​ផ្លូវដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា ។ ចំណែក​អ្នក​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ចំនួន ៥៩នាក់​បាន​ដាក់អោយ នៅ​ដោយឡែក ក្នុងនោះ​រួមមាន សមាជិកគ្រួសារ អ្នក​អង្គុយ​លើ​យន្ត ហោះ​ជិត​គាត់ អ្នកបំរើ​លើ​យន្តហោះ គ្រូពេទ្យ បុគ្គលិក សណ្ឋាគារ អាហា​រដ្ឋា​ន អ្នកលក់​ទំនិញ និង អ្នករត់ តាក់ស៊ី​ដែល​រកឃើញថា​បាន ប៉ះពាល់​ជាមួយ​គាត់ ។

ដោយឡែក​នៅ​កូរ៉េខាងត្បូង​បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវ ដង្ហើម​ម​ជ្ឈឹ​ម​បូព៌ា (MERS) ចំនួន ១៦៦ករណី និង​ក្នុងនោះ ២៥នាក់ បាន​ស្លាប់ និង​ដាក់​អ្នក​បាន​ប៉ះពាល់ ជាមួយ​ជំងឺ​ចំនួន ៦៧២៩នាក់​ឲ្យ​នៅ​ដោយឡែក​ពី​គេ (ដាក់​ក្នុងផ្ទះ​ឬ​មន្ទី​ពេទ្យ) និង​តាមដាន​សុខភាព ដើម្បី​បង្ការ​ចំលង​ទៅ​អ្នក​ដ៏ទៃទៀត៕


© រក្សាសិទ្ធិដោយ thmeythmey.com