ជាតិ
សង្គមជាតិ
ក្រសួងទេសចរណ៍៖ លំ​ហាត់​យូ​ហ្គា​ពិតជា​ធ្វើ​ឲ្យ​ផ្លូវកាយ​និង​ផ្លូវចិត្ត​ដំណើរ​ការល្អ
21, Jun 2015 , 1:29 pm        
រូបភាព
រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក សូ ម៉ា​រ៉ា ដែល​បាន​ចូលរួម​លំ​ហាត់​យូ​ហ្គា នៅ​ព្រឹក​ថ្ងៃទី២១មិថុនា នៅមុខ​ប្រាសាទ​អង្គរ ទទួលស្គាល់ថា ការធ្វើ​លំ​ហាត់​យូ​ហ្គា គឺមាន​លក្ខណៈ​វិសេស​ដែល​សម្រួល​ដល់​ផ្លូវកាយ និង​ផ្លូវចិត្ត ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ខុសពី​លំ​ហាត់ប្រាណ​បែប​ធម្មតា ។ ក្រសួងទេសចរណ៍ សហការ​ជាមួយ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា បានរៀបចំ​ប្រារព្វ​ទិវា​អន្តរជាតិ​ស្ដីពី​យូ​ហ្គា (International Day of Yoga)នៅ​ថ្ងៃទី២១ មិថុនា​នេះ​នៅ​បរិវេណ​ទីធ្លា​ខាងមុខ​ប្រាសាទអង្គរវត្ត។


ក្រោយពី​ចូលរួម​លំ​ហាត់ប្រាណ​ជាមួយ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​មួយ​ពាន់​នាក់​នោះ លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា លំ​ហាត់​យូ​ហ្គា ជាការ​សម្រួល​ដល់​ផ្លូវដង្ហើម ការគ្រប់គ្រង​ទម្ងន់ និង​បទ​បែន​ដងខ្លួន​ឲ្យ​មាន​ភាពរហ័សរហួន​ជាដើម ។ លោក​បន្ថែមថា កម្ពុជា​នឹង​ប្រារព្វ​ទិវា​អន្តរជាតិ​ស្ដីពី​យូ​ហ្គា (International Day of Yoga)នៅ​ថ្ងៃទី២១ មិថុនា​នេះ ជា​រៀងរាល់ឆ្នាំ។

ចំណែក​នៅ​ម៉ោងជាង៥ ថ្ងៃទី២១មិថុនា​នេះ​ក្រសួងទេសចរណ៍​នឹង​រៀបចំ​ការធ្វើ​លំ​ហាត់​យូ​ហ្គា នៅមុខ​ទីលាន​មុខ​ព្រះបរមរាជវាំង​ដែរ។នេះ​បើតាម​សេចក្ដីជូនដំណឹង​ក្រសួងទេសចរណ៍។

ការធ្វើ​លំ​ហាត់ប្រាណ «យូ​ហ្គា» នេះ គឺជា​លំ​ហាត់ប្រាណ​បែប​សម្មាធិ​សម្រួល​អារម្មណ៍​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត និង​ការសម្រួល​សាច់ដុំ ដើម្បី​ឲ្យ​មាន​សុខភាព​មាំមួន។ការរៀបចំ​ទិវា​អន្តរជាតិ​ស្ដី​យូ​ហ្គា​ឡើង ក្រោយពី​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេច​មួយ​កំណត់​យក​ថ្ងៃ ២១ ខែមិថុនា​ជា​ថ្ងៃ ទិវា​Yoga អន្តរជាតិ។

គួរ​បញ្ជាក់ថា កាលពី​ចុង​ឆ្នាំមុន​មហាសន្និបាត​អង្គការសហប្រជាជាតិ​បានអនុម័ត​សេចក្តីសម្រេច​មួយ​កំណត់​យក​ថ្ងៃ ២១ ខែមិថុនា​ជា​ថ្ងៃ ទិវា​Yoga អន្តរជាតិ ដោយ​សេចក្តីសម្រេច​នេះ​រៀបចំឡើង​ដោយ​ប្រទេស១៧៧ ជា​សមាជិក​អង្គការសហប្រជាជាតិ។ តាមពិតទៅ​គំនិត​បង្កើត​ទិវា Yoga នេះដែរ​ផ្តួចផ្តើម​ឡើងជា​ផ្លូវការ​ដោយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ក្នុងពេលដែល​លោក​ថ្លែង​សុន្ទរកថា​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៦៩ ខែវិច្ឆិកា ឆ្នាំមុន៕



© រក្សាសិទ្ធិដោយ thmeythmey.com