ជាតិ
សង្គមជាតិ
សិស្ស​និង​គ្រូ​វិទ្យាល័យ​ត្បែង​ធ្វើ​បទ​បង្ហាញ​ពី​កម្មវិធីសិក្សា​អំពើពុករលួយ​ដល់​និស្សិត
21, Jun 2015 , 4:30 pm        
រូបភាព
ដោយ:
កំពង់ធំ៖ នាពេល​កន្លងទៅថ្មីៗនេះ អង្គការ​តម្លាភាព​នៃ​កម្ពុជា​សហការ​ជាមួយ​សកល​វិទ្យាល័យខេមរៈ បានរៀបចំ​សិក្ខាសាលា​មួយ​ស្តីអំពី «ការបញ្ចូល​ប្រធានបទ​ស្តីពី​តួនាទី​របស់​ពលរដ្ឋ​និងអភិបាលកិច្ច ទៅក្នុង​កម្មវិធីសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា»។ សិក្ខាសាលា​នេះ ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ទីក្រុង​ភ្នំពេញ។ កម្មវិធី​នេះដែរ ត្រូវបាន​រៀបចំឡើង​សម្រាប់​និស្សិត​សកល​វិទ្យាល័យ​តែប៉ុណ្ណោះ ប៉ុន្តែ​អ្នករៀបចំ​កម្មវិធី​បាន​អ​ញ្ចើ​ញ​គ្រូ​និង​សិស្ស​វិទ្យាល័យ​ត្បែង ធ្វើ​បទ​បង្ហាញ​ពី​ការរៀន​និងបង្រៀន​ពី​ការបញ្ជ្រាប​ប្រឆាំង​ពុករលួយ​ផងដែរ។


នៅក្នុង​សិក្ខាសាលា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ អង្គការ​តម្លាភាព​កម្ពុ​ជា បាន​អ​ញ្ជើ​ញលោកគ្រូ​ម្នាក់ និង យុវ​សិស្ស​ពីរ​នាក់ ពី​វិទ្យាល័យ​ត្បែង។ ការ​អ​ញ្ចើ​ញ​ឱ្យចូល​រួម​នេះ គឺ​ក្នុង​គោលបំណង
ឱ្យ​លោកគ្រូ និង​សិស្ស​បង្ហាញ​អំពី​មុខវិជ្ជា​ថ្មី (ប្រឆាំង​ពុករលួយ) របស់​ក្រសួង​អប់រំ ដល់​អ្នកចូលរួមទាំងអស់​បាន​ស្តាប់ និង​ស្វែងយល់​បន្ថែម​ពី​ដំណើរការ​បណ្តុះបណ្តាល​ក្នុង​ថ្នាក់​វិទ្យាល័យ​ត្បែង។ «នេះ​ជា​មោទនភាព​របស់ខ្ញុំ​ក៏ដូចជា​សាលា​ខ្ញុំ​ដែរ ដែល​ត្រូវបាន​គេ​អ​ញ្ជើ​ញ​ឱ្យធ្វើ​បទ​បង្ហាញ​ពីការអប់រំ​បណ្តុះបណ្តាល ពី​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​សិក្ខាសាលា​មួយ​នាទី​ក្រុងភ្នំពេញ»។ នេះ​បើតាម​ប្រសាសន៍​របស់លោក កែ គឹមហុង ដែល​បាន​ដឹកនាំ​សិស្ស​ពីររូប​ទៅ​ចូលរួម​សិក្ខាសាលា។ លោក​បាន​ថ្លែងបន្តថា នេះ​ក៏​លើកទីមួយ​ហើយ ដែល​លោក​ឡើង​ធ្វើ​បទ​បង្ហាញ និង​ឆ្លើយ​សំណួរ​ដ៏​ច្រើន​ពី​អ្នកចូលរួម​ដ៏​ច្រើន ហើយ​ភាគច្រើន​ជា​និស្សិត​មកពី​សាកលវិទ្យាល័យ​នានា។

លោកគ្រូ គឹមហុង​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា៖«សំណួរ​ភាគច្រើន គឺ​ទាក់ទង​ទៅនឹង​ការអប់រំ​ប្រឆាំង​ពុករលួយ ។ ព្រោះ​សាលា​យើង​បានធ្វើ​ទៅដោយ​រលូន​ទៅតាម​គោលដៅ​របស់​ក្រសួង​អប់រំ។ លោក​បាន​បញ្ជាក់ថា នេះ​ចាត់ទុកជា​ជោគជ័យ​មួយ ប៉ុន្តែ​វា​មិនទាន់​ជា​ជោគជ័យ​ពេញលេញ​នៅឡើយ​ទេ ព្រោះថា ទីមួយ​ដោយសារតែ កម្មវិធី​ប្រឆាំង​អំពើពុករលួយ​នេះ ជា​ជំហាន​សាកល្បង ហើយក៏​ជា​កម្មវិធី​ថ្មី​ដែរ សម្រាប់​សិស្សានុសិស្ស។ មួយវិញទៀត វា​មិនមែនជា​មុខវិជ្ជា​មួយ​ច្បាស់លាស់ ដូច្នេះ​មិនទាន់​អាច​បង្រៀន​បាន​ពេញលេញ​ដូច​មុខវិជ្ជា​ដែល​ធ្លាប់មាន​ឡើយ»។ 

អារម្មណ៍​រីករាយ និង​មោទន ក៏មាន​សម្រាប់​សិស្ស​ទាំង២រូប​គឺ យុវ​សិស្ស ផាន ជាង​អ៊ំ និង នូ ពិសីដែល​ត្រូវបាន​ដឹក​នាំទៅ​ភ្នំពេញ​នោះដែរ។ សិស្ស​ទាំងពីរ​មាន​អារម្មណ៍​មោទន​ដែល​បាន​ចូលរួម​ឆ្លើយ​នឹង​សំណួរ​របស់​និស្សិត​ថ្នាក់​មហាវិទ្យាល័យ​អំពី​ការសិក្សា​មុខវិជ្ជា «ការប្រឆាំង​អំពើពុករលួយ»៕



© រក្សាសិទ្ធិដោយ thmeythmey.com