ជាតិ
សង្គមជាតិ
អសន្តិសុខ​អ្នកប្តឹង ជា​ឧបសគ្គ​នៃ​ការប្រឆាំង​អំពើពុករលួយ
19, Jul 2015 , 8:30 pm        
រូបភាព
អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​ចុះ​ថ្ងៃទី១០ មករា​ឆ្នាំ២០១១ ។ អង្គភាព​នេះ ត្រូវ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ តាមរយៈ​ការអប់រំ ការសហការ​ផ្តល់ព័ត៌មាន​អំពី​ករណី​ពុករលួយ និង​ការអនុវត្ត​ទោសទណ្ឌ។មាន​ឧបសគ្គ​ច្រើន​ដែល​រំខាន​បេសកកម្ម​ដ៏​លំបាក​នេះ ដែល​ក្នុងចំណោម​នោះ ឧបសគ្គ​សំខាន់​មួយ គឺ​ការដែល​ពលរដ្ឋ​មិន​ហ៊ាន​រាយការណ៍ ឬ​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយសារតែ​ខ្លាច​មាន​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន។ ប៉ុន្តែ​ប្រធាន ACU បាន​ថ្លែង​ធានាថា លោក​នឹង​ការពារ​សុវត្ថិភាព​របស់​អ្នករាយការណ៍​ឲ្យ​ខាងតែបាន ហើយ​បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ហ៊ាន​រាយការណ៍​ករណី​ពុករលួយ​មក​អង្គភាព​របស់លោក។


មូលហេតុ​មួយ​ដែល​នាំ​ឲ្យ​ការប្រឆាំង​អំពើពុករលួយ​ទទួលបាន​ជោគជ័យ គឺ​ការចូលរួម។ ការចូលរួម​ដ៏​សំខាន់​មួយ​របស់​ពលរដ្ឋ គឺ​ការរាយការណ៍​អំពី​ករណី​ពុករលួយ​ដែល​ពួកគេ​បានឃើញ និង​បាន​ជួប។ របាយការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បង្ហាញថា នៅក្នុង​ឆ្នាំ២០១៤ ប្រជាពលរដ្ឋ​ដែល​បាន​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ចំនួន១.០០៨ករណី ក្នុងនោះ​មាន​បណ្ដឹង​ជនអនាមិក​ជាង៥០០បណ្ដឹង។

បើទោះជា​មើលឃើញ​ចំនួន​បណ្តឹង​ប្រមាណ១០០០ករណី​ក្នុង​ឆ្នាំ​កន្លងទៅ​ក៏ដោយ លោក ឱម យ៉ិនទៀង ទទួលស្គាល់ថា បើសិនជា​ពលរដ្ឋ​មិនបាន​បារម្ភ​ខ្លាច​ពី​សុវត្ថិភាព​របស់ខ្លួន ហើយ​ចូលរួម​រាយការណ៍​ករណី​ពុករលួយ​នោះ ចំនួន​បណ្តឹង​គួរតែ​បាន​កើនឡើង​ច្រើនជាង​នេះ។ ហេតុដូច្នេះ​ហើយ​បានជា​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​អ្នកកាសែត​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​គាំទ្រ​ដោយ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ពន្យល់​ប្រាប់​អ្នកសារព័ត៌មាន​អំពី​វិធានការ​ការពារ​សុវត្ថិភាព​ដើមបណ្តឹង ដែល​អង្គភាព​របស់លោក​បាន​អនុវត្ត​កន្លងមក។

នៅ​ចំពោះមុខ​អ្នកកាសែត​ជាង២០រូប​ដែល​មកពី​អង្គភាព​សារព័ត៌មានផ្សេងៗគ្នា លោក​ទេសរដ្ឋមន្ត្រី​បាន​ថ្លែង​យ៉ាង​ម៉ឺងម៉ាត់​យ៉ាង​ដូច្នេះ​ថា៖«អ្នក​ដែល​យើងខ្ញុំ​ការពារ និង​ត្រូវ​ថែទាំ​ជាងគេ គឺ​អ្នក​ដែល​មកប្ដឹង។ យើងខ្ញុំ​សុខចិត្ត​ចាញ់​បើ​យើងខ្ញុំ​ការពារ​ប្រភព​មិនបាន។ ហើយ​បញ្ជី​ឈ្មោះ​អ្នក​ដែល​ផ្ដល់​ប្រភពព័ត៌មាន​ឲ្យ​ខ្ញុំ គឺ​យើងខ្ញុំ​នឹង​ហែក​ចោល ដុតចោល បើសិនជា​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​តំណែង។ យើងខ្ញុំ​នឹងមិន​ផ្ទេរ​បញ្ជី​ឈ្មោះ​អ្នកប្តឹង​នេះ ទៅ​ឲ្យ​នរណា​ទេ។ យើងខ្ញុំ​មានទោស​បើសិនជា​បែកធ្លាយ​ឈ្មោះ​ប្រភព»។

បើ​ស្តាប់​ការអះអាង​របស់លោក ឱម យ៉ិនទៀង អង្គភាព​ប្រឆាំង​អំពី​ពុករលួយ​ធ្លាប់​អនុវត្ត​ការការពារ​អត្តសញ្ញាណ​នៃ​ប្រភព​អ្នកប្តឹង​មែនហើយ ប៉ុន្តែ​បញ្ហា​នៅត្រង់ថា ការធានា​យ៉ាងនេះ មិនទាន់​ត្រូវបាន​ប្រកាស​យ៉ាង​ទូលំទូលាយ​នៅឡើយ។ ហេតុ​ដូច្នេះហើយ បានជា​មនុស្ស​មួយចំនួនទៀត​មិន​ហ៊ាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហើយក៏​បិទ​ភ្នែក​សំងំសុខ​តែម្តងទៅ។ ជាក់ស្តែង​ដូចជា​មន្ត្រី​កងរាជអាវុធហត្ថ​មួយរូប ដែល​សុំ​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​បញ្ជាក់ថា ករណី​មន្ត្រី​ខ្មោច​ក្នុង​អង្គភាព​របស់លោក គឺ​នៅតែមាន បើទោះជា​មាន​វិធានការ​ពី​រដ្ឋាភិបាល និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏ដោយ។ នៅពេល​សួរថា តើ​ហេតុអ្វី​បានជា​មន្ត្រី​កងរាជអាវុធហត្ថ ដែល​បាន​បំពេញការងារ​នេះ៦ឆ្នាំ​មកហើយ​នៅ​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​ក្នុង​រាជធានី​ភ្នំពេញ​មិន​យក​ករណី មន្ត្រី​ខ្មោច​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មន្ត្រី​កងរាជអាវុធហត្ថ​រូបនេះ​និយាយ​យ៉ាង​សាមញ្ញ​ថា រូបគេ«ខ្លាច​មាន​បញ្ហា​នៅ​កន្លែងធ្វើការ និង​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន»។ មន្ត្រី​វ័យ៣០ឆ្នាំ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​មិន​ហ៊ាន​ប្ដឹង​នោះទេ ព្រោះ​ខ្ញុំ​មិនដឹងថា​ប្ដឹង​ដើម្បី​អ្វី ហើយ​មិនដឹងថា​បាន​អ្វី​មកវិញ? ណាមួយ​អាចមាន​បញ្ហា​សម្រាប់​ខ្ញុំ​នៅ​កន្លែងធ្វើការ​ទៀតផង»។

ដូចគ្នា​ដែរ មន្ត្រី​កងរាជអាវុធហត្ថ​សម្បុរ​ខ្មៅ​មួយរូប​ទៀត ថ្វីដ្បិតតែ​មាន​មាឌធំ ប៉ុន្តែ​លោក​ក៏​បារម្ភ​អំពី​សុវត្ថិភាព​ផ្ទាល់ខ្លួន ក្រោយ​ការរាយការណ៍​ករណី​ពុករលួយ​ដែរ។ កងកម្លាំងប្រដាប់អាវុធ​ដែល​ស្នើ​មិនអោយ​បញ្ចេញ​ឈ្មោះ បាន​បន្ថែម​ឲ្យ​ដឹង​ដែរ​ថា លោក​ក៏​មិនដឹង​អំពី​របៀប​ប្តឹង​នោះ​ទៅទៀត។

មិនដឹង​ពី​របៀប​ប្តឹង ក៏​ជា​បញ្ហា​របស់​អ្នកស្រី សេង ហឿង ដែលជា​អ្នកលក់ដូរ​តាមផ្លូវ​ក្នុង​សង្កាត់​ទឹកថ្លា​នៃ​ខណ្ឌ​សែន​សុខ​ដែរ។ នៅពេល​មាន​កិច្ចការ​ត្រូវ​ពឹង​សេវា​របស់​សង្កាត់ម្តងៗ អ្នកស្រី ហឿង តែងតែ​ចំណាយ​ប្រាក់​ពី១០ ទៅ២០ដុល្លារ​ឲ្យ​មន្ត្រី ហើយ​អ្នកស្រី​ក៏​មិនដឹងថា តើ​វា​ជា​តម្លៃ​ផ្លូវការ ឬ​មិន​ផ្លូវការ​អ្វី​ឡើយ។ «មីង​មិនដែល​គិត​រឿង​ប្តឹង​មន្ត្រី​អ្វី​នោះទេ ព្រោះ​ឃើញ​មនុស្ស​គ្រប់គ្នា​បាន​ចំណាយដូចៗគ្នា​ឲ្យ​មន្ត្រី​អ៊ីចឹង។ ហើយ​បើ​ត្រូវ​ប្តឹង ក៏​មិនដឹង​ទៅប្តឹង​នៅឯណា​ដែរ»។ នេះ​ជាការ​រៀបរាប់​របស់​អ្នកស្រី សេង ហឿង។
ការបារម្ភ​អំពី​សុវត្ថិភាព​របស់​អ្នកប្តឹង​ជា​បញ្ហា​មួយ ប៉ុន្តែ​ខ្វះ​ចំណេះដឹង​ផ្នែក​ប្តឹងផ្តល់​នេះ ក៏​ជា​បញ្ហាសំខាន់​មួយទៀត​ដែរ។ ប្រការនេះ​ទាមទារ​ឲ្យ​មានការ​ផ្សព្វផ្សាយ​អប់រំ​ខ្លាំង និង​ទូលំទូលាយ​ដល់​ពលរដ្ឋ ដើម្បី​ទទួលបាន​ការចូលរួម​ពី​មហាជន។

លោក លី​ពិជ័យ មន្ត្រី​កម្មវិធី​ជំរុញ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​និង​យុវជន​នៃ​អង្គការ​តម្លាភាព ដែល​ធ្លាប់​ចុះ​បង្រៀន​អប់រំ និង​ពន្យល់​ប្រជាពលរដ្ឋ​ពី​អំពើពុករលួយ​នៅតាម​សហគមន៍ និង​តាម​បណ្ដា​ខេត្ត​នានា ទទួលស្គាល់ថា ប្រជាពលរដ្ឋ​ពិតជា​នៅ​ភ័យខ្លាច​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​មិន​ហ៊ាន​ប្ដឹង​ទៅកាន់​អង្គភាព​អំពើពុករលួយ​មែន។នៅមាន​បញ្ហាសំខាន់​មួយទៀត​ដែល​មន្ត្រី​នៃ​អង្គការ​តម្លាភាព​កម្ពុជា​រូបនេះ​បាន​មើលឃើញ​ជា​ឧបសគ្គ​រារាំង​ការចូលរួម​រាយការណ៍​ករណី​អំពើពុករលួយ​ពី​មហាជន។ នោះ​គឺ​មាត្រា​នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ដែល​ចែង​ដាក់ទោស  «អ្នករាយការណ៍​ព័ត៌មាន​ខុស»។

មាត្រា៤១ក្នុង​ជំពូក៦ នៃ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​ចែងថា អំពើ​ប្ដឹង​បរិហារ​ដោយ​ភូតកុហក​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ​តុលាការ​នូវ​អង្គហេតុ​បទល្មើស​ពុករលួយ ហើយ​កាលបើ​អំពើ​នោះ​នាំ​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ដោយ​ឥតប្រយោជន៍ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី១ខែ ទៅ៦ខែ និង​ពិន័យ​ជា​ប្រាក់​ពី១០ម៉ឺន​រៀល ទៅ១លាន​រៀល។
មាត្រា​នេះ​មិនបាន​ធ្វើ​ឲ្យ​លោក ព្រាប កុល ដែលជា​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​សប្បាយចិត្ត​នោះឡើយ។ លោក​បានស្នើ​ឲ្យ​មានការ​លុបមាត្រា​នេះ​ចោល ហើយ​ផ្ទុយទៅវិញ សម្រាប់​លោក គឺ​គេ​ត្រូវ​សរសេរ​មាត្រា​ការពារ​អ្នករាយការណ៍​ព័ត៌មាន​ពុករលួយ​ទៅវិញ​ទេ។ លោក ព្រាប កុល ពន្យល់ថា៖«ព័ត៌មាន​ស្តីពី​អំពើពុករលួយ​គឺ​បានមកពី​ការរាយការណ៍។បើទោះជា​ស៊ើបអង្កេត​មិនឃើញ ដូច​ការរាយការណ៍ ក៏​មិនត្រូវ​ដាក់ទោស​អ្នករាយការណ៍​ដែរ។ តែ​ត្រូវការពារ​អ្នករាយការណ៍​លើកទឹកចិត្ត និង​ផ្តល់​ភាពកក់ក្តៅ​ជូន​ពួកគេ»។

មន្ត្រី​អប់រំ​ផ្នែក​ការប្រឆាំង​អំពើពុករលួយ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក លី ពិជ័យ ច្បាស់​ជាមាន​យោបល់​ស្រប​ជាមួយ​សហការី​របស់លោក។ ប៉ុន្តែ​ក្នុង​កាលៈទេសៈ​នេះ លោក លី ពិជ័យ បានថ្លែងថា ប្រសិនបើមានពលរដ្ឋណា​មានបំណងចង់រាយការណ៍ ឬ​ប្តឹង​ករណី​ពុករលួយនោះ អង្គការ​តម្លាភាព​កម្ពុជា​អាច​ជួយ​ណែនាំពួកគេអំពី​ការ​ដាក់ពាក្យ​បណ្តឹងទាំងនោះ៕



© រក្សាសិទ្ធិដោយ thmeythmey.com