ជាតិ
សង្គមជាតិ
អ្នកសារព័ត៌មាន​តំបន់​ទន្លេមេគង្គ​ជាង ១០នាក់​ចុះ​កម្មសិក្សា​នៅ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន
23, Jun 2015 , 8:59 am        
រូបភាព
ដោយ:

 
ភ្នំពេញ៖ បណ្តាញ​អ្នកសារព័ត៌មាន​តំបន់​ទន្លេមេគង្គ​ជាង ១០នាក់ នឹង​ចាប់ផ្តើម​ចុះ​សិក្សា ស្រាវជ្រាវ​លើ​ប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍ​សង់​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រាម២ រយៈពេល ៥ថ្ងៃ ចាប់ពី​ថ្ងៃទី២២ ដល់២៦ ខែមិថុនា ឆ្នាំ២០១៥នេះ។

អ្នកសារព័ត៌មាន​ទាំងនោះ រួមមាន​មកពី​ប្រទេស​កម្ពុជា ថៃ វៀតណាម មី​យ៉ាន់​ម៉ា ឡាវ និង​ចិន។ ពួកគេ​នឹង​ចុះទៅ​ស្រាវជ្រាវ និង​ជួប​សម្ភាសន៍​ជាមួយ​ប្រជាជន​ដែល​រង​ប៉ះពាល់​នានា ក្នុង គម្រោង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន២ ខេត្ត​ស្ទឺ​ង​ត្រែង។

នា​កិច្ចពិភាក្សា​តុមូល នៅ​ថ្ងៃទី២២ មិថុនា​នេះ លោក Adam Hunt នាយក​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ ផ្សាយ និង​សារគមនាគមន៍ នៃ​អង្គការ​ភាពជា​ដៃគូ​ក្នុង​តំបន់​ទន្លេមេគង្គ បាន​ថ្លែង​ឲ្យ​ដឹង​ពី គោលបំណង​នៃ​ការចុះ​កម្មសិក្សា​ថា ការចុះ​កម្មសិក្សា​របស់​អ្នកសារព័ត៌មាន​នៅពេល​នេះ គឺ ជា​គម្រោង​ការពារ​បរិ​ស្ថាន​ក្នុង​តំបន់​ទន្លេមេគង្គ។ លោក​បន្ថែមថា បណ្តាញ​អ្នកសារព័ត៌មាន គ្រប់​ប្រភេទ នឹង​ទទួល​បទពិសោធន៍​ថ្មី​ជាក់ស្តែង​ជាច្រើន នៅពេល​ពួកគេ​ចុះ​ជួប​ជាមួយ ប្រជាជន ក៏ដូចជា​បរិស្ថាន​ក្នុង​តំបន់។ លោក​ថា៖«យើង​នឹង​ចុះទៅ​ក្នុង​តំបន់​សង់វា​រី​អគ្គិសនី ហើយ​យើង​នឹង​ជួប​ជាមួយ​ប្រជាជន​ក្នុង​តំបន់​នោះ យើង​ជឿជាក់ថា តំបន់​នោះ នឹង​ផ្តល់​មេរៀន ថ្មី​ជាច្រើន សម្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​តំបន់​ទន្លេមេគង្គ»។

ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម២ កម្លាំង៤២០មេ​ហ្គា​វ៉ា​ត់​ស្ថិតក្នុង ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​គឺជា​គម្រោង​ទំនប់​វា​រី​អគ្គិសនី​ធំជាងគេ​បំផុត​នៅ កម្ពុជា ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប (Royal Group) របស់​កម្ពុជា និង​ក្រុមហ៊ុន​ចិន Hydrolancang International Energy Co.Ltd លើ​គម្រោង​ទឹកប្រាក់​ជិត៩០០ លាន​ដុល្លារ​អាមេរិក។ គម្រោង​នេះ បាន​ដំណើរការ​សាងសង់​ដ៏​ចម្រូងចម្រាស អស់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ។ គម្រោង​នេះ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ ២០១៧ ។

គម្រោង​ដែលមាន​ភាពចម្រូងចម្រាស​នេះ ដែល​នឹង​បិទ​ទន្លេសេសាន និង​ទន្លេស្រែពក គឺជា​គម្រោង​មួយ ដែល​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​បន្ទាប់ពី​ការសិក្សា​ស្រាវជ្រាវ​លើ ផលប៉ះពាល់​ថា គម្រោង​នេះ​នឹង​នាំ​ឲ្យ​មាន​វិបត្តិ​សន្តិសុខ​ស្បៀង​នៅ​តំបន់​ទន្លេមេគង្គ ក្រោម ដែល​នឹង​ប៉ះពាល់​ប្រជាជន​រាប់ម៉ឺន​នាក់​នៅ​កម្ពុជា វៀតណាម ថៃ និង​ឡាវ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើងថា គម្រោង​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់​ច្រើន ជាង​ប៉ះពាល់​ពី​គម្រោង។

លោក ប៊ុន ណា​រិ​ទ្ធិ អគ្គនាយករង​នៃ​ថាមពល នៃ​ក្រសួង រ៉ែ និង​ថាមពល បាន​ថ្លែងថា គម្រោង​នេះ នឹង​អាចជួយ​ឲ្យ​ប្រជាជន​កម្ពុ​ជាមាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ នៅ​ទូទាំងប្រទេស ក្នុង​ឆ្នាំ ២០៣០។ ហើយ​ថា ផលប៉ះពាល់​នានា ក្នុង​គម្រោង​នោះ ត្រូវបាន​រដ្ឋាភិបាល​ក​ម្ពុ​ជា និង​ក្រុមហ៊ុន​វិនិយោគ​ចិន​ដោះស្រាយ​រួចហើយ​ដែរ។

លោក​ថា៖មកទល់ពេលនេះ ប្រជាជន​ដែល​រង​ប៉ះពាល់​ទទួល​ដី៥ហិច​តា​ក្នុង​មួយ​គ្រួសារ ហើយ​ក្នុងចំណោម​ចំណោម​ប្រជាជន​ទាំងអស់ ៨៧២គ្រួសារ មាន​ជាង ៧០ភាគរយ ដែល​ព្រម​ទទួលយក​សំណង​នេះ។ ក្រុមហ៊ុន​មាន​កញ្ចប់​ថវិកា​ចំនួន ៤១លាន​ដុល្លារ​អាមេរិក សម្រាប់​ដោះស្រាយ​លើ​ប៉ះពាល់​នានា»៕



© រក្សាសិទ្ធិដោយ thmeythmey.com