ជាតិ
សង្គមជាតិ
ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី Classic Concert 2015 រឹតចំណង​មិត្តភាព​កូរ៉េ កម្ពុជា
23, Jun 2015 , 10:09 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បានរៀបចំ​ព្រឹត្តិការ​ណ៍តន្រី្ត Classic Concert 2015 ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កូរ៉េ កម្ពុជា កាលពី​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥ នា​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា កូរ៉េ (CKCC) ស្ថិតក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ។


សិល្បករ សិល្បការិនី​មកពី​ប្រទេស​កូរ៉េ​ជាច្រើនរូប បានរួម​គ្នា​បង្ហាញ​សមត្ថភាព​ជំនាញ​របស់​ពួកគេរៀងៗខ្លួន ទៅកាន់​អ្នកចូលរួម​ទស្សនា​ផ្ទាល់ ក៏ដូចជា​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​នៅ ក្នុង​ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​។ ការសម្តែង​ទាំងនេះ រួមមាន តន្ត្រីករ Soprano, Piano, Cello និង​តន្ត្រីករ ក្លា​ស៊ី​ក​ដ៏​ល្បី​ជា Idol មកពី Uanglevioce របស់​កូរ៉េ​ទៀតផង។

ព្រឹត្តិការណ៍ Classic Concert 2015 ដែល​រៀបចំឡើង​ដោយ​ស្ថានទូត​កូរ៉េ​នេះ ទទួលបាន​ឧបត្ថម្ភ​ថវិកា​ពីមូលនិធិ​កូរ៉េ (Korea Foundation) ព្រមទាំង​ទទួលបាន​កិច្ចសហការ​ពី​សិល្បករ​កូរ៉េ​នៅ​កម្ពុជា។

ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះ មានការ​ចូលរួម​ទស្សនា​ផ្ទា​ល់ពី​សំណាក់​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រី ភឿង ស​កុ​ណា ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា លោក គីម វ៉ុ​ន​ជិន (KIM Won-jin) ឯកអគ្គ​រដ្ឋ​សហភាព​អឺរ៉ុប ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា លោក ហ្ស​ង់​ក្លូដ ពាំ​បឺ​ហ្វ ផលិតករ​ភាពយន្ត ព្រមទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ទៀត។

Classic Concert 2015 នេះ មិនមែន​បើក​ទស្សនា​សម្រាប់តែ​សិស្ស និស្សិត និង​ប្រជាជន​ទូទៅ​នោះទេ ស្ថានទូត​កូរ៉េ​ក៏បាន​សហការ​ជាមួយ​អង្គការ​ជួយ​ជន​ងាយ​រងគ្រោះ​មួយចំនួន ដើម្បី​ឲ្យ​ពួកគេ​បាន​ចូលទស្សនា​ដែរ ក្នុងនោះ រួមមាន អង្គការ​គ្រួសារ​ថ្មី អង្គការ The Blind និង​The Underprivileged Children ជាដើម។ ជាងនេះទៀត កម្មករ កម្មការិនី​ដែល​ធ្វើការ​នៅ​រោងចក្រ​កូរ៉េ​នៅ​កម្ពុជា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យចូលរួម​ទស្សនា​ការប្រគុំ​ត​ន្រី្ត​ផង។


ព្រឹត្តិការណ៍​ប្រគុំ​តន្ត្រី​នេះ ក៏​ត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ស្ថានីយទូរទស្សន៍​ជាតិ​កម្ពុជា (TVK) ដើម្បី​ប្រជាជន​ទូទាំងប្រទេស​បាន​ទស្សនា​ទៀតផង៕




© រក្សាសិទ្ធិដោយ thmeythmey.com