ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ចែករំលែក​ការងារ​គ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ដល់​មី​យ៉ាន់​ម៉ា
23, Jun 2015 , 3:07 pm        
រូបភាព
សៀមរាប៖ ប្រទេស​មី​យ៉ាន់​ម៉ា ដែល​គ្រោង​នឹង​រៀបចំ​ឯកសារ​នានា ដើម្បី​ស្នើសុំ​ចុះ​ក្នុង​បញ្ជី​ប្រាសាទបុរាណ​របស់ខ្លួន​ជា​សម្បត្តិ​បេតិកភណ្ឌ​លោក​នាពេលខាងមុខ​នោះ បាន​ចុះមក​សិក្សា​និង​ស្វែងយល់​ការងារ​អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ​ពី​អាជ្ញាធរ​ជាតិ​អប្សរា។ នេះ​ជា​លើក​ទី​បី​ហើយ ដែល​គណៈប្រតិភូ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា សុំ​ឲ្យ​អាជ្ញាធរ​អប្សរា ប្រាប់​ពី​គន្លឹះ​សំខាន់ ក្នុងការ​គ្រប់គ្រង​រម​ណី​យ​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​ឲ្យ​មាន​ប្រសិទ្ធិភាព។


គណៈប្រតិភូ​មី​យ៉ាន់​ម៉ា ដឹកនាំ​ដោយ​លោក Myint Zaw ប្រធាន​នាយកដ្ឋាន​បុរាណវិទ្យា និង​សារមន្ទីរ​នៃ​ក្រសួង​វប្បធម៌​មី​យ៉ាន់​ម៉ា បានមក​បំពេញ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​អប្សរា។ ដំណើរ​ទស្សនកិច្ច​សិក្សា​រយៈពេល៥ថ្ងៃ របស់​មី​យ៉ាន់​ម៉ា គឺ​ផ្តោតលើ​ការងារ​គ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ ដែល​អាជ្ញាធរ​អប្សរា ទទួលបាន​ជោគជ័យ​នាពេល​កន្លងមក។

នៅ​ទីស្នាក់ការ​អាជ្ញាធរ​អប្សរា លោក ប៊ុន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​អប្ស និង​មន្ត្រី​ជំនាញ​ជាច្រើនរូប បានធ្វើ​បទ​បង្ហាញ​ជាច្រើន​ទាក់ទង​នឹង​ការងារ​គ្រប់គ្រង អភិរក្ស និង​អភិវឌ្ឍ​រមណីយដ្ឋាន​អង្គរ ដូចជា​ការជួសជុល និង​អភិរក្ស​ប្រាសាទ ការគ្រប់គ្រង​ទេសចរណ៍ និង​ជាពិសេស​គឺ​ការលើកតម្លៃ​បេតិកភណ្ឌ​អរូបី​ក្នុង​រមណីយដ្ឋាន​អង្គរ​ជាដើម។

ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់ខ្លួន ប្រតិ​ភូមី​យ៉ាន់​ម៉ា គ្រោង​នឹង​ចុះ​ទៅតាម​ការដ្ឋាន​មួយចំនួន ដើម្បី​មើល​ផ្ទាល់​ពី​ការងារ​ជួសជុល​ប្រាសាទ​ផងដែរ។ អាជ្ញាធរ​អប្សរា បាន​ក្លាយជា​គំរូ​ល្អ​ដល់​ពិភពលោក ក្នុង​ការងារ​អភិរក្ស និង​ជួសជុល​ប្រាសាទបុរាណ និង​ដែល​បានទទួល​សិទ្ធិ​រៀបចំ​កិច្ចប្រជុំ​អន្តរជាតិ អាយ​ស៊ី​ស៊ី​អង្គរ (ICC-Angkor) ចាប់ពី​ឆ្នាំ២០១៣មក។

គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​បី​ហើយ ដែល​ប្រតិ​ភូមី​យ៉ាន់​ម៉ា បាន​ចុះមក​សិក្សា និង​ស្វែងយល់​ការងារ​គ្រប់គ្រង និង​អភិរក្ស​រមណីយដ្ឋាន​អង្គរ​នៅ​ទី​ស្នាក់​អាជ្ញាធរ​អប្សរា ខេត្តសៀមរាប។ ក្នុងជំនួប​ដំបូង គឺ​រវាង​អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា លោក U Nyan Tun និង​លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​អប្សរា កាលពី​ថ្ងៃទី២ មេសា ឆ្នាំ២០១៥កន្លងទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com