ជាតិ
សង្គមជាតិ
ប៉ូលីសឃាត់ខ្លួនជនជាតិចិន និងវៀតណាមខុសច្បាប់ជាង២០០នាក់នៅកោះពេជ្រ 23, Jun 2015 , 4:51 pm
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមិថុនានេះ កម្លាំងសមត្ថកិច្ចនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះឆែកឆេររកឃើញជនជាតិចិន និងវៀតណាមឆ្លងដែនធ្វើការងារខុសច្បាប់ជាង ២០០នាក់
នៅទីតាំងស្នាក់នៅ ៣កន្លែង ក្នុងការដ្ឋានសំណង់ នាមជ្ឈមណ្ឌលកោះពេជ្រ។
នគរបាលអន្តោប្រវេសន៍បានរកឃើញជនជាតិវៀតណាម និងចិនចំនួន ២១៥នាក់ដែល កំពុងរស់នៅ និងធ្វើការខុសច្បាប់នៅកម្ពុជា ព្រឹកថ្ងៃទី២៣មិថុនា នៅលើទីតាំងការដ្ឋានទីក្រុងរណបកោះពេជ្រ។ ក្នុងចំណោមជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ មានជនជាតិ១៣១នាក់ និងជនជាតិចិន ៨៤នាក់។
![](/imgs/image/12b/1-Immigration-Vietnam-China.jpg)
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក អ៊ុក ហៃសិលា បានប្រាប់សារព័ត៌មានថ្មីៗថា ជនអន្តោប្រវេសន៍ខុសច្បាប់ទាំងពីរជនជាតិនេះ កំពុងតែស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងការដ្ឋានសំណង់កោះពេជ្រ។ មន្ត្រីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបន្តថា ភាគច្រើននៃជនអន្តោប្រវេសន៍ខុសច្បាប់ដែលត្រូវបានឃាត់ខ្លួន មិនមានលិខិតឆ្លងដែន និងទិដ្ឋាការសម្រាប់ការស្នាក់នៅធ្វើការងាររយៈពេលវែងនៅកម្ពុជានោះទេ។
បន្ទាប់ពីការឃាត់ខ្លួននេះហើយ ជនបរទេសទាំងអស់ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានជនអន្តោប្រវេសន៍ ដើម្បីធ្វើការអប់រំណែនាំពីនីតិវិធីសុំធ្វើទិដ្ឋាការ ក៏ដូចជាលិខិតឆ្លងដែន មុននឹងសមត្ថកិច្ចបញ្ជូនពួកគេទៅស្រុកកំណើតវិញ។ ហើយថា ប្រសិនបើជនបរទេស ណាម្នាក់ រឹងទទឹងមិនអនុវត្តតាមច្បាប់នោះ សមត្ថកិច្ចនឹងចាប់បញ្ជូនខ្លួនឡើងតុលាការ តែម្តង។ នេះបើតាមការពន្យល់របស់លោក អ៊ុក ហៃសិលា។
លោកបានរំឮកប្រាប់សារព័ត៌មានថ្មីៗថា ចាប់តាំងពីការបង្កើតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅពាក់កណ្តាលឆ្នាំ២០១៤ មកដល់ខែ ៦ ឆ្នាំ២០១៥នេះ សមត្ថកិច្ចនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍បានចាប់បញ្ជួនខ្លួនជនបរទេស ខុសច្បាប់ជាង ២ពាន់នាក់ ដែលមាន ៤៣ សញ្ជាតិ ទៅស្រុកកំណើតពួកគេវិញ។ ក្នុងចំណោមនោះ ជនបរទេសខុសច្បាប់ភាគច្រើន គឺជាជនជាតិវៀតណាម ដែលមានជិត ២ពាន់នាក់ បន្ទាប់មកគឺជាជនជាតិចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com