ជាតិ
សង្គមជាតិ
មន្ត្រី​ប្រឆាំង​គ្រឿងញៀន ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​នៅ​វិទ្យាល័យ​កំពង់ធំ
24, Jun 2015 , 8:19 am        
រូបភាព
ដោយ:
កំពង់ធំ៖ គ្រូបង្រៀន និង​សិស្សសាលា​នៃ​វិទ្យាល័យ​កំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី២២ ខែមិថុនា បានទទួល​ការអប់រំ​ណែនាំ​ពី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក ងួន ហៀ​ង ស្តីពី​កម្មវិធី​កម្ចាត់​គ្រឿងញៀន​នៅក្នុង​វិទ្យាល័យ​របស់ខ្លួន។


យុទ្ធនាការ​ផ្សព្វផ្សាយ ដែលមាន​ការចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​គ្រូបង្រៀន និង​សិក្សា​នុ​សិស្ស​នៃ​វិទ្យាល័យ​កំពង់ធំ បាន​ផ្តោតទៅលើ​ផលប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ការប្រើប្រាស់​គ្រឿងញៀន ដែល​ជះឥទ្ធិពល​ដល់​អ្នកប្រើប្រាស់​ផ្ទាល់ និង​សង្គមជាតិ។

លោក ជា តុង​ហៃ មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្តកំពង់ធំ បានបញ្ជាក់​ឲ្យ​ដឹងថា៖ «កម្មវិធី​អប់រំ​នេះ គឺ​ទាក់ទង​ទៅនឹង​កម្មវិធី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​រដ្ឋាភិបាល ដោយ​ផ្តោតលើ​ការផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន»។

លោក​បាន​លើក​ឧទាហរណ៍​ប្រាប់​អ្នកចូលរួម​ថា​គ្រឿងញៀន មាន​ផលប៉ះពាល់​ដូចជា ការបាត់បង់​ទ្រព្យសម្បត្តិ កិត្តិយស និង​ពេលវេលា ហើយ​អាចឈាន​ទៅដល់​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទៀតផង។ បន្ថែម​ពីលើ​នេះ អ្នកប្រើប្រាស់​គ្រឿងញៀន​អាចមាន​ស្ថាន​ទម្ងន់ទោស ត្រូវ​ជាប់គុក​ពី៦ខែ​ទៅ១ឆ្នាំ ។ ចំណែក​អ្នក​ចែកចាយ​និង​ជួញដូរ នឹងត្រូវ​ជាប់ពន្ធនាគា​រហើយ នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ផងដែរ។

បើតាម​លោក ជា តុង​ហៃ កង្វល់​ដ៏​ធំ​នោះ គឺ​សិស្សសាលា​ក្លាយជា​គោលដៅ​មួយ​សម្រាប់​ចែកចាយ​គ្រឿងញៀន​របស់​ក្រុម​ជួញដូរ ដូច្នេះ​ការបញ្ជ្រាប​បញ្ហា​នេះ​ទៅ​ពួកគេ នឹង​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន។

លោក សឹម នី គ្រូបង្រៀន​វិទ្យាល័យ​កំពង់ធំ ក៏បាន​កត់សម្គាល់​ផងដែរ​ថា ការផ្សព្វផ្សាយ អប់រំ សិក្សា​នុ​សិស្ស​ស្តីពី​គ្រោះថ្នាក់​គ្រឿងញៀន ផ្តល់​ភាពងាយស្រួល​ក្នុងការ​ទប់ស្កាត់ ពីព្រោះ​កន្លងមក សមត្ថកិច្ច​ធ្លាប់​បានដឹង​ពីមុខ​សញ្ញា​នៃ​បណ្តាញ​ក្រុម​ទុច្ចរិត​នៅក្នុង​សាលា។

«សម្រាប់​ខ្ញុំ​យល់ថា ជា​រឿង​ល្អ​ដែល​គេ​ចុះមក​អប់រំ​ដល់​សិស្ស​នៅក្នុង​សាលារៀន​ខ្ញុំ ជាពិសេស​សិស្ស​មួយចំនួន​ដែល​មិនទាន់​យល់ដឹង អាចឱ្យ​ពួកគេ​បានដឹង​ច្រើនជាង​មុន»។ នេះ​ជាស​ម្តី​របស់​យុវ​សិស្ស ឈួន វិសិដ្ឋ។ វិសិដ្ឋ​លើកឡើងថា គ្រឿងញៀន​មាន​ផល​អាក្រក់​ច្រើនណាស់​សម្រាប់​សិស្សសាលា
ដូចជា ខាតបង់​ពេលវេលា​សិក្សា លុយកាក់ សុខភាព និង​កេរ្តិ៍ឈ្មោះ​ក្រុមគ្រួសារ​ទៀតផង៕


© រក្សាសិទ្ធិដោយ thmeythmey.com