ជាតិ
សង្គមជាតិ
EU នឹង​ផ្ដល់​ថវិកា​ជាង ១០លាន​ដុល្លារ​អាមេរិក​សម្រាប់​ដំណើរការ​បោះឆ្នោត​ដល់​ឆ្នាំ ២០១៩
23, Jun 2015 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ៖ សហភាព​អឺរ៉ុប (EU) គ្រោង​ផ្ដល់ជំនួយ​ចំនួន ១០លាន​អឺរ៉ូ ស្មើនឹង​ប្រមាណ ១១ លាន​ដុល្លារ​អាមេរិក សម្រាប់​ជួយ​សម្រួល​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ២០១៦ ដល់​ឆ្នាំ ២០១៩ ខាងមុខ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ (AKP) ។
 
កញ្ចប់​ថវិកា​ដែលជា​ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ គឺ​ផ្ដោតទៅលើ​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០។ 
 
បើតាម AKP បន្ទាប់ពី​ជំនួប​ពិភាក្សា​រវាង គ.ជ.ប EU និង​ភាគី​ជប៉ុន នៅ​ទីស្តីការ គ.ជ.ប នា​រសៀល​ថ្ងៃទី ២២ ខែមិថុនា​នេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ.ជ.ប និង​លោក Jean-Francois CAUTAN ឯកអគ្គរដ្ឋទូត​សហគមន៍​អឺរ៉ុប លោក Yuji KUMAMARU ឯកអគ្គរាជទូត ជប៉ុន និង​លោក ADACHI តំណាង​អង្គការ JICA បានបញ្ជាក់​ជុំវិញ​ជំនួយ​នេះ​ថា ទីស្នាក់ការ កណ្ដាល នៃ​សហភាព​អឺរ៉ុប​នឹងធ្វើ​ការអនុម័ត នៅ​ខែតុលា ឆ្នាំ២០១៥ខាងមុខ។
 
ការផ្តល់​ជំនួយ​របស់​សហភាព​អឺរ៉ុប​នេះ នឹងត្រូវ​បែងចែក​ជា ៣រូបភាព ដូចជា ទី១, ការជួយ​ជា​អនុសាសន៍​លើ​បទបញ្ជា និង​និតិ​វិធី​សម្រាប់​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ទី២, អ្នកជំនាញ​ការដែល​នឹង​មកឈរ​ជើង​នៅ គ.ជ.ប ទាំង​រយៈពេល​វែង​និង​ខ្លី និង​ទី៣, ជំនួយ​ជា​សំភារៈផ្សេងៗ សម្រាប់​ការចុះឈ្មោះ និង​ដំណើរការ​បោះឆ្នោត» ។
 
ជាមួយគ្នានេះ លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ.ជ.ប បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច ប្រឹងប្រែង​របស់​សហភាព​អឺរ៉ុប និង​ជប៉ុន ដែល​សន្យាថា នឹង​សហការ​ដើម្បី​រក្សា​តម្លៃ នៃ​ជំនួយ សម្រាប់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com