ជាតិ
សង្គមជាតិ
អគ្គ​រដ្ឋ​ទូត​សហរដ្ឋអាមេរិក​ផ្ញើ​សារ​ជូនពរ​ខ្មែរឥស្លាម​ក្នុង​ខែ​បុណ្យ​រ៉ា​ម៉ា​ឌន
24, Jun 2015 , 1:29 pm        
រូបភាព
អគ្គ​រដ្ឋ​ទូក​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​ផ្ញើ​សារ​ជូនពរ​ដល់​សាសនិក​ឥស្លាម​នៅ​កម្ពុជា​ទាំងអស់ ដែល​កំពុង​ប្រតិបត្តិ​បួស​ក្នុង​ខែ​បុណ្យ​រ៉​ម៉ា​ឌន។ សម្រាប់​សហរដ្ឋអាមេរិក បុណ្យ​រ៉ា​ម៉ា​ឌន គឺមាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​សហគមន៍​ឥស្លាម​ទូទាំង​ពិភពលោក។


«នៅ​ប្រទេស​កម្ពុជា ក្រុម​ចាម​ដែលមាន​ចំនួន​ភាគតិច ក៏​កំពុង​ប្រារព្ធ​បុណ្យ​រ៉ា​ម៉ា​ដាន​ផងដែរ ដែលជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង៥ ក្នុង​សាសនា​ឥស្លាម។ ក្នុង​រយៈពេល​ដែល​ខ្ញុំ​ធ្វើជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ចាត់ទុក​ការកសាង និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​គ្រប់​សហគមន៍​ទាំងអស់​នៅ​កម្ពុជា ដោយ​រួមទាំង​ក្រុម​ចាម​ដែល​កាន់សាសនា​ឥស្លាម​ផង គឺជា​អាទិភាព​មួយ​សំរាប់​ស្ថានទូត​អាមេរិក»។ នេះ​ជា​ខ្លឹមសារ​មួយ​នៅក្នុង​លិខិត​ជូនពរ​របស់លោក William E. Todd អគ្គ​រដ្ឋ​ទូក​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ។

លោក E. Todd បន្ថែមថា បុណ្យ​ខែ​រ៉ា​ម៉ា​ឌន ជា​បុណ្យ​សាសនា​ដ៏​ធំ និង​សំខាន់បំផុត​សម្រាប់​សាសនា​ឥស្លាម។ ហើយ​អំឡុង​ពេលនេះ សាសនិក​ឥស្លាម​ទាំងអស់​ត្រូវ​តម​អាហារ​ចាប់​ពីមុន​ថ្ងៃ​រះ រហូតដល់​ថ្ងៃ​លិច ដើម្បី​បង្កើន​អំណរគុណ និង​ការ​ភ្ញាក់រ​ឮ​ក​ពី​ក្តីមេត្តា​របស់​ព្រះ។

ក្នុង​សារ​ជូនពរ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ២៤ មិថុនា​នេះ លោក​អគ្គរដ្ឋទូត​ជិត​ផុត​អាណត្តិ​បាន​រម្លឹក​ពី​សកម្មភាព​មួយចំនួន​ដែល​ស្ថាន​ទូក​បានធ្វើ​សម្រាប់​សហគមន៍​ខ្មែរឥស្លាម​នៅ​កម្ពុជា ដែល​រួមមាន ការរៀបចំ​ពិធី​អាហារ​ស្រាយ​បួស នៅ​បំណាច់​បុណ្យ​ខែ​រ៉ា​ម៉ា​ឌន។ ក្រៅពីនោះ ក៏មាន​ការផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស និង​ការផ្តល់​កម្មវិធី​អប់រំ​ជាច្រើន​ដល់​សហគមន៍​ឥស្លាម​ជាដើម។


គួររម្លឹកថា ក្នុង​ខែ​បុណ្យ​រ៉ា​ម៉ា​ឌន​នេះ នៅ​សហរដ្ឋអាមេរិក លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បានរៀបចំ​ពិធី​អាហារ​ស្រាយ​បួស​ជាមួយ​អ្នក​កាន់សាសនា​ឥស្លាម​នៅ​ទីនោះ ខណៈដែល​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​យក​ថ្ងៃទី២៦ មិថុនា ដើម្បី​រៀបចំ​អាហារ​ស្រាយ​បួស​ដូចគ្នានេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ភាព​សិ្ន​ទ្ធ​ស្នាល និង​បង្កើន​ចំណងមិត្តភាព​រវាង​សហគមន៍​ខ្មែរឥស្លាម និង​ថ្នាក់ដឹកនាំ​ប្រទេស៕









© រក្សាសិទ្ធិដោយ thmeythmey.com