ជាតិ
បទវិភាគ
​​​ន​យោ​បាយ​ជាតិ​
មេរោគ​ធ្វើ​ឲ្យ​ជាតិ​មហន្តរាយ!
11, Jun 2015 , 1:41 pm        
រូបភាព
ដោយ:
អំពើពុករលួយ​គឺជា​មេរោគ​ដ៏​គ្រោះថ្នាក់​បំផុត ដែល​ប្រទេស​នៅលើ​ពិភពលោក​នេះ មិនត្រូវ​ការ ហើយ​ស្វែងរក​វិធី​ដើម្បី​បង្ការ កាត់បន្ថយ និង​កម្ចាត់​មេរោគ​ចង្រៃ​មួយ​នេះ ចេញពី​សង្គម​ឲ្យ​មាន​ប្រសិទ្ធភាព។ នៅ​កម្ពុជា​ក៏​មិន​ខុសពី​ប្រទេស​ដទៃ​លើ​លោក​ដែរ ប្រជាជន រដ្ឋាភិបាល តែងតែ​អះអាងថា ពួកគេ​ស្អប់​អំពើពុករលួយ​ខ្លាំងណាស់ តែ​ជា​អកុសល​ប្រទេស​ក្រីក្រ​មួយ​នេះ នៅតែ​ត្រូវ​រង​ការទន្ទ្រាន​បឺត​ជញ្ជក់​ដោយ​មេរោគ​ដ៏​សាហាវ​មួយ​នេះ​រាល់ថ្ងៃ។  មេរោគ​ពុករលួយ​នេះ  កំពុង​បង្ក​វិនាសកម្ម​បន្តិចម្តងៗ ដល់​សង្គម​ខ្មែរ ដែល​ទាមទារ​ឲ្យ​មាន​ចំណាត់ការ​ម៉ឺងម៉ាត់​ដោះស្រាយ​បន្ទាន់។ ពីព្រោះថា ប្រសិនបើ​អំពើពុករលួយ​កើតមាន​នៅទីណា​ហើយ វា​នឹង​បង្ក​មហន្តរាយ​ដល់​កន្លែង ឬ​ស្ថាប័ន​នោះ។

សឹងតែ​រាល់​ឆ្នាំ​ទៅហើយ កម្ពុជា​មិនដែល​ទទួលបាន​ដំណឹង​ល្អ​នៃ​ចំណាត់ថ្នាក់​ពុករលួយ​នោះទេ ពោលគឺ​ប្រទេស​នេះ នៅតែ​រត់​មិន​រួច​ពី​ចំណាត់ថ្នាក់​ផ្នែក​ពុករលួយ​ច្រើនជាងគេ​នៅលើ​លោក​ដដែល។ នៅ​ឆ្នាំ ២០១៤ កន្លងទៅនេះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​រកឃើញថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ពុករលួយ​លេខ ១៥៦ ក្នុងចំណោម​ប្រទេស​ចំនួន ១៧៥ ដែល​អង្គការ​នេះ​បាន​សិក្សា។ ចំណាត់ថ្នាក់​នេះ ជា​ចំណាត់ថ្នាក់​ស្ថិតនៅក្នុង​លំដាប់​អាក្រក់ បើទោះបីជា​វា​គ្រាន់បើ​ជាង​ឆ្នាំ ២០១៣ ដែល​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ១៦០ ក៏ដោយ។
 
នៅ​កម្ពុជា គ្មាន​ការស្រាវជ្រាវ​ណាមួយ​ច្បាស់លាស់​នោះទេ​ថា ក្នុងមួយឆ្នាំៗរដ្ឋាភិបាល បាត់បង់​ថវិកា​ប៉ុន្មាន ដោយសារតែ​អំពើពុករលួយ​នេះ តែបើ​តាម​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មួយចំនួន និង​គណបក្សប្រឆាំង កន្លងមក​ធ្លាប់​អះអាងថា ដោយសារតែ​អំពើ​ពុក រលួយ​នេះ ក្នុងមួយឆ្នាំៗ រដ្ឋាភិបាល​ត្រូវ​ខាតបង់​ថវិកាជាតិ​ប្រមាណ ៧ រយ​លាន​ដុល្លារ​អាមេរិក។ ទម្រង់​នៃ​ការប្រព្រឹត្ត​អំពើពុករលួយ មន្ត្រី​ខ្មែរ ប្រព្រឹត្ត​ក្នុង​រូបភាពផ្សេងៗគ្នា ស្ទើរ​គ្រប់​ស្ថាប័នរដ្ឋ​ទាំងអស់ និង​ស្ថាប័នឯកជន​មួយចំនួន​ផង។ កន្លងមក វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យ​តុលាការ វិស័យ​ការងារ និង​វិស័យ​ពាណិជ្ជកម្ម ជាដើម។ល។ សុទ្ធតែ​ធ្លាប់​បែកធ្លាយ នៃ​ព័ត៌មាន​ដែល​មន្ត្រី​នៅក្នុង​ស្ថាប័ន​ទាំងអស់នេះ បាន​ប្រព្រឹត្ត​អំពើពុករលួយ។ 

អំពើពុករលួយ​នៅក្នុង​ប្រទេស​ដែល​ធ្លាប់​ឈ្លក់​ដោយ​ភ្លើងសង្គ្រាម​មួយ​នេះ គឺជា​ឧបសគ្គ និង​ជា​មេរោគ​ដ៏​គ្រោះថ្នាក់ ដែល​រាំងស្ទះ​ដល់​ការរីកលូតលាស់​នៃ​ប្រទេសជាតិ។ ពីព្រោះថា មេរោគ​នេះ វា​នឹង​បំផ្លាញ​សរីរាង្គ​របស់​សង្គម​ឲ្យ​អន្តរាយ​បន្តិចម្តងៗ រ​ហូត​ដល់​រលំរលាយ​សោះសូន្យ​តែម្តង ប្រសិនបើ​គ្មាន​ថ្នាំ​ព្យាបាល​ទាន់ពេល ពោលគឺ​ចំណាត់​ការដែល​ចេញពី​ឆន្ទៈ​ពិតប្រាកដ និង​ដោយ​ស្មើមុខ​គ្នា ពី​សំណាក់​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេនោះ។ ដោយ​មិនចាំបាច់​និយាយ​ពី​ស្ថាប័នរដ្ឋ​ទាំងមូល គ្រាន់តែ​ក្រ​ឡេក​មើល​ស្ថាប័ន​អប់រំ​មួយ​តែប៉ុណ្ណោះ យើង​នឹង​ឃើញ​មហន្តរាយ​ផ្នែក​ធនធានមនុស្សស្រស់ៗ នៅពេលដែល​អំពើពុករលួយ ​ជ្រាបចូល​ទៅក្នុង​ប្រព័ន្ធ​នៃ​ការអប់រំ។ ប្រឡងម្តងៗ សិស្ស​ឲ្យ​លុយ​គ្រូ ឬ​អនុរក្ស ជា​ថ្នូរ​នឹង​ការបើក​វិញ្ញាសា​ចម្លង ហើយ​ពេល​សិក្សា លោកគ្រូ អ្នកគ្រូ​ខ្លះ​យកលុយ​ពី​សិស្ស​ពេល​បង្រៀន ខុស​គោលការណ៍ ដែល​ធ្វើ​ឲ្យ​សិស្ស​ក្រីក្រ​មួយចំនួន ត្រូវ​បង្ខំចិត្ត​បោះបង់​ការសិក្សា​ដោយសារ​គ្មាន​លុយ​ឲ្យ​គ្រូ។ នៅពេលដែល​សិស្ស​បោះបង់​ការសិក្សា ហើយ​សិស្ស​ភាគច្រើន​បើក​វិញ្ញាសា​ចម្លង​នោះ វា​ជាស​ញ្ញាណ​នៃ​គ្រោះថ្នាក់​ផ្នែក​ធនធានមនុស្ស ដែល​មិន​អាចជួយ​ឲ្យ​កម្ពុជា វិវឌ្ឍន៍​ខ្លួន​នោះឡើយ ខណៈដែល​ប្រទេសជិតខាង​កម្ពុជា មានដូចជា ថៃ និង​វៀតណាម ជាដើម​កាន់​រីកចម្រើន​ទៅមុខ​រាល់ថ្ងៃ។  ហើយ​អំពើពុករលួយ​នេះ កុំថាឡើយ​នៅក្នុង​ស្ថាប័ន​ជាតិ សូម្បីតែ​នៅក្នុង​គ្រួសារ​មួយ​ដែលជា​រឿង​ឯកជន​សោះ ប្រសិនបើ​មាន​អំពើពុករលួយ​កើតឡើង ដែល​ប្រព្រឹត្ត​ដោយ​សមាជិកគ្រួសារ​ណាមួយ​ហើយ គ្រួសារ​នោះ នឹងមិន​រីកចម្រើន ហើយ​ប្រឈម​នឹង​ការបែកបាក់​គ្នា និង​អន្តរាយ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាមិនខានដែរ។ 
 
នៅ​ចំពោះមុខ​បញ្ហា​ទាំងអស់នេះ វា​មិនមែនជា​ពេលដែល​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​នៅ​ស្ងៀម​បន្ត​ឲ្យ​អំពើពុករលួយ​កើតឡើង ដោយ​គ្មាន​វិធានការ​ទប់ស្កាត់ និង​កាត់បន្ថយ​ក្រោម​ហេតុផល​ថា កម្ពុជា​ទើបតែ​រួច​ពី​សង្គ្រាម​នោះទេ។ ជាការ​ពិត កន្លងមក​រដ្ឋាភិបាល​តាមរយៈ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​ធ្លាប់​បំបែកសំណុំរឿង​ពុករលួយ​នៅក្នុង​ស្ថាប័នរដ្ឋ​មួយចំនួន​ផងដែរ។ ជាមួយគ្នានេះ ក្រោម​ការដឹកនាំ​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​ថ្មី លោក ហង់ ជួន ណា​រ៉ុ​ន អំពើពុករលួយ​ក្នុងពេល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​សឹងតែ​កាត់បន្ថយ​បាន​ទាំងស្រុង។ នេះ​ជា​សកម្មភាព​ដែល​គួរ​ឲ្យ​សាទរ។

ជាងនេះទៅទៀត ដើម្បី​ឲ្យ​ប្រទេស​កាន់តែ​ចាក​ឆ្ងាយ​ពី​អំពើពុករលួយ​នោះ  សកម្មភាព​មួយចំនួន ដែល​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ត្រូវអនុវត្ត​មានដូចជា៖
 
ចំណុច​ទី១៖ អ្នកដឹកនាំ​ប្រទេស មន្ត្រី​រដ្ឋាភិបាល ត្រូវមាន​ឆន្ទៈ​ពិតប្រាកដ និង​មាន​ទស្សនៈវិស័យ​វែងឆ្ងាយ ព្រមទាំង​យុត្តិសាស្ត្រ ដើម្បី​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព បោសសម្អាត​អំពើពុករលួយ​ឲ្យ​ប្រាស​ចេញ​ឆ្ងាយ​ពី​ប្រទេស​កម្ពុជា។ សកម្មភាព​នេះ ត្រូវការ​ស្មារតី​ភ្ញាក់រលឹក ពី​មន្ត្រី​គ្រប់លំដាប់​ថ្នាក់​ចាប់ពី​ថ្នាក់​កំពូល​ដល់​ថ្នាក់មូលដ្ឋាន។

ចំណុច​ទី២៖ ការអនុវត្ត​ច្បាប់ ត្រូវធ្វើឡើង​ដោយមាន​តម្លាភាព និង​ប្រសិទ្ធភាព ដោយ​មិន​គិតពី​អ្នកមានអំណាច និង​អ្នក​គ្មាន​អំណាច។ 

ចំណុច​ទី៣៖ ប្រព័ន្ធ​អប់រំ​វិញ ត្រូវ​បញ្ចូល​ខ្លឹមសារ​មេរៀន​ទាក់ទង​នឹង​អំពើពុករលួយ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ដល់​សិស្ស​ចាប់ពី​ថ្នាក់ទាប​រហូតដល់​ថ្នាក់ខ្ពស់។ ក្នុងន័យនេះ គឺ​មានន័យថា មេរៀន ត្រូវ​ប្រាប់​សិស្ស​អំពី​មហន្តរាយ​នៃ​អំពើពុករលួយ ដែល​ជះឥទ្ធិពល​ដល់​សង្គម។ 

ចំណុច​ទី៤៖ នៅក្នុង​គ្រួសារ ម្តាយ ឪពុក ឬ​អាណាព្យាបាល ត្រូវ​ឧស្សាហ៍​អប់រំ​ទូន្មានកូនៗរបស់ខ្លួន ឲ្យ​ខ្ពើមរអើមអំពើ​​ពុករលួយ។

ចំណុច ទី៥៖ អ្នក​ដែល​រងគ្រោះ​ដោយសារ អំពើពុករលួយ ឬ​បានដឹង និង​ឮ​អំពី​ព័ត៌មាន​នៃ​អំពើពុករលួយ​នៅក្នុង​ស្ថាប័ន​ណាមួយ ត្រូវមាន​ភាពក្លាហាន ក្នុងការ​រាយការណ៍ ឬ​ប្តឹង​អំពី​ករណី​អំពើពុករលួយ មកកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច ឲ្យ​ចាត់វិធានការ​រឿងនេះ។ សុំ​កុំភ្លេចថា ប្រសិនបើ​យើង​រងគ្រោះ និង​ដឹង​ពី​ជន​ណាមួយ ឬ​ក្រុម​ណាមួយ​ប្រព្រឹត្ត​អំពើពុករលួយ​ហើយ មិន​ប្តឹង មិន​រាយការណ៍ មានន័យថា យើង​កំពុងតែ​ជួយ​លាក់បាំង នឹង​អំពើពុករលួយ​នោះ។ 

ជារួម​មក ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​រីកចម្រើន កាត់បន្ថយ​អំពើពុករលួយ រហូត​លុបបំបាត់​មេរោគ​ដ៏​គ្រោះថ្នាក់​មួយ​នេះនោះ ត្រូវ​ចាប់ផ្តើម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ តាំងពី​អ្នកដឹកនាំ មន្ត្រី អ្នកនយោបាយ ព្រះសង្ឃ បរិស័ទ​គ្រប់​សាសនា ព្រមទាំង​កសិករ កម្មករ ត្រូវ​បណ្តុះ​នូវ​គំនិត​ស្អាតស្អំ ស្អប់ខ្ពើម​អំពើពុករលួយ។ ចូរ​ចងចាំ​ថា «អ្នក​សូក និង​អ្នកទទួល​សំណូក គឺ​ត្រូវ​ជាប់ទោស​ដូចគ្នា ដូច្នេះ​ខ្មែរ​គ្រប់​ជ​នា ត្រូវ​លា​ឆ្ងាយ​ពី​អំពើពុករលួយ» ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com