ជាតិ
សង្គមជាតិ
ភ្លើងស្ដុបចំនួន២០ កន្លែង នឹងដាក់កាមេរ៉ាសុវត្ថិភាពទប់ស្កាត់បទល្មើស 15, Jul 2015 , 10:56 am
× កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ផ្តើមដាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្តាភ្លើងស្តុប នៃមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ និងសណ្តាប់ធ្នាប់សង្គម។ ការដាក់កាមេរ៉ាសុវត្ថិភាពនេះ គឺអគ្គស្នងការដ្ឋាននគរបាលជាតិ មានការសហការជាមួយក្រសួងសន្តិសុខសាធារណៈចិន ដើម្បីកំណត់គោលដៅស្ដុបចំនួន២០ នៅរាជធានីភ្នំពេញ។
បើតាមអគ្គស្នងការនគរបាលជាតិ លោក សោម ធារិទ្ធ នាយការិយាល័យទូរស័ព្ទ នៃនាយកដ្ឋានវិទ្យុទាក់ទង អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការបំពាក់កាមេរ៉ាទាំងនេះ ក្នុងគោលបំណងទប់ស្កាត់បទល្មើសលួច ឆក់ ប្លន់ ករណីគ្រោះថ្នាក់ចរាចរណ៍ ការមិនគោរពច្បាប់ចរាចរណ៍ ដែលអាចឲ្យសមត្ថកិច្ចងាយស្រួលធ្វើការផាកពិន័យទៅតាមភស្តុតាងជាក់ស្តែង តាមរយៈកាមេរ៉ាសុវត្ថិភាពនេះ។
ភ្លើងស្តុបសំខាន់ៗតាមដងវិថីដែលត្រូវបានបំពាក់កាមេរ៉ាសុវត្ថិភាព ទាំង២០គោលដៅធំៗគឺ ៖ ១.ស្តុបច្រមុះជ្រូកក្បាលថ្នល់ ២.ស្តុបក្រសួងមហាផ្ទៃ ៣.ស្តុបចំការមន ៤.ស្តុបបូកគោ ៥.ស្តុបពេទ្រចិន៦.ស្តុបទូតអាលឺម៉ង់ ៧.ស្តុបផ្សារអូរឬស្សី ៨.ស្តុបផ្សារថ្មី ៩.ស្តុបសួនកាណាឌីយ៉ា ១០.ស្តុបសណ្ឋាគារណានជីង ១១.ស្តុបដេអិន ១២.ស្តុបវិទ្យាល័យសន្ធរមុខ ១៣.ស្តុបទេពផន ១៤.ស្តុបម៉ុងឌីយ៉ាល់ ១៥.ស្តុបផ្សារដើមគរ ១៦.ស្តុបអាងទឹកអូរឡាំពិច ១៧.ស្តុបនាងគង្ហីង ១៨.ស្តុបផ្សារដេប៉ូ ១៩.ស្តុបអូឡាំពិច និង២០ ស្តុបច្បារអំពៅ២៕
© រក្សាសិទ្ធិដោយ thmeythmey.com