ជាតិ
ជ្រូកព្រៃ​ប្រើ​ចង្កូម​ជា​អាវុធ​ការពារ​ខ្លួន និង​រក​ចំណី
18, Jul 2015 , 6:00 pm        
រូបភាព
ដោយ: ថ្មីៗ
ជ្រូកព្រៃ(Sus scrofa)


ភិនភាគ៖
ជ្រូកព្រៃ​ជាស​ត្វ​មាន​សម្បុរ​ផ្លាស់ប្តូរ​ទៅតាម​វ័យ។ នៅ​តូ​ចវា​មាន​សម្បុរ​ប្រផេះ-ត្នោត និង​ប្រែជា​ប្រផេះ​សុទ្ធ​កាលណា​វា​មាន​អាយុ​ជាង ៥ឆ្នាំ។ ជ្រូកព្រៃ​បា​មាន​កន្ទុយ​បះ​ត្រង់​ទៅក្រោយ ឬ​ត្រង់​ឡើងលើ ឯ​ជ្រូកព្រៃ​មេមាន​កន្ទុយ​សំ​យ៉ុង​ចុះក្រោម។ ជ្រូកព្រៃ​មាន​ចង្កូម​មួយគូ​ដុះ​លូត​ចេញ​ជា​ខ្នាយ​ស្រួច ជួនកាល​ខ្នាយ​នេះ​កោង​ខុប​ចុះក្រោម​ជា​រង្វង់ ដែលជា​អាវុធ​សំខាន់​សម្រាប់​ការពារ​ខ្លួន និង​សម្រាប់​ឈ្មូ​សដី។ ជ្រូកព្រៃ​មាន​វិញ្ញាណ​វៃ​បំផុត​ដោយ​ប្រើ​ច្រមុះ និង​ត្រចៀក។

ជីវសាស្ត្រ៖ ជា​សត្វ​ចូលចិត្ត​រស់នៅ​ជាយព្រៃ​ស្រោង ព្រៃ​ដែលមាន​កូនឈើ​ស្នាប់​ជិត និង​ព្រៃ​ស្ងាត់​ដែលមាន  ថ្លុក ត្រពាំង សម្រាប់​ដេក​ត្រាំ​ភក់​នៅពេល​ថ្ងៃ ហើយ​ចូលចិត្ត​រស់នៅ​បំផុត​ក្នុងព្រៃ​សើម។ នៅ​រដូវប្រាំង​វា​តែងតែ​នៅតាម​បណ្តោយ​ដងស្ទឹង ព្រែក ឬ​អូរ។ ជ្រូកព្រៃ​ជាស​ត្វ​ស៊ី​អាហារ​គ្រប់​ប្រភេទ មាន​សត្វ​ឥត​ត​ឆ្អឹង​កង​នានា ផ្សិត ឬ​ស​ឈើ សាកសព​សត្វ មើម​ឈើ ពន្លក​ល្បះ ទំពាំង ព្រមទាំង​ផ្លែឈើ និង​បន្លែ​រាប់ទាំង​គ្រប់​ធញ្ញជាតិ​ផង។ វា​រក​ចំណី​ដោយ​ប្រើ​ច្រមុះ​សម្រាប់​ឈ្មួ​សដី រឹង-ទន់។ ជ្រូកព្រៃ​ជាធម្មតា​រកស៊ី​នៅពេល​ព្រឹកស្រាងៗ និង​ព្រលប់ ប៉ុន្តែ​វា​អាច​រកស៊ី​នៅពេល​យប់​ផងដែរ កាលណា​បើ​មានការ​រំខាន​ពេលវេលា​រកស៊ី​របស់​វា​ច្រើន។ វា​ដោយ​ញី-ឈ្មោល​នៅ​ខែវិច្ឆិកា ហើយ​ក្រោយពី​មាន​ពពោះ​រយៈពេល ៥ខែ ជ្រូក​មេ​អាច​ផ្តល់កំណើត​កូនជ្រូក​ជា​លើកដំបូង ពី ៤-៨ក្បាល និង​អាច​ដល់ ១៥-១៧ក្បាល និង​បំបៅ​ដោះ​រហូតដល់ ៣-៤ខែ។ សត្វ​ជ្រូកព្រៃ​ញី​អាច​បន្ត​ពូជ​បាន​នៅ​អាយុ ៦-៧ខែ។ អាយុកាល​របស់​វា​ជា​មធ្យម ១០-១២ឆ្នាំ និង​អាច​ដល់២០ឆ្នាំ។

រប៉ាយ​រស់នៅ៖ នៅ​ប្រទេស​កម្ពុជា​វា​មាន​ស្ទើរ​គ្រប់​ទីកន្លែង និង​មាន​ការរីក​សាយភាយ។ ជ្រូកព្រៃ​មាន​វត្តមាន​មាន​ស្ទើរ​គ្រប់​លើ​ពិភពលោក​ដូចជា​នៅ​អឺរ៉ុប​ភាគ​ខាងជើង ទ្វីបអាហ្វ្រិក អាស៊ី និង​ប្រទេស​ជប៉ុន។

ស្ថានភាព​អភិរក្ស៖ ជ្រូកព្រៃ​ស្ថិតក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ ព្រោះ​វា​មាន​អត្រា​ខ្ពស់​ក្នុង​ការបង្ក​កំណើត។



© រក្សាសិទ្ធិដោយ thmeythmey.com