ជាតិ
ឥទ្ធិពល​នៃ​ចំណេះដឹង
18, Jul 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ អ៊ិត សាន អនុបណ្ឌិត វិទ្យាសាស្ត្រ​នយោបាយ៖


យើង​បានដឹងគ្រប់ៗគ្នា​ហើយ​ថា ការ​ពុំមាន​ចំណេះដឹង​ជាស​ត្រូវ​មួយ​យ៉ាង​ធំ សម្រាប់​ខ្លួន​និង​សង្គមមនុស្ស​ទាំងមូល។ហេតុដូច្នេះ​ហើយ​បាន​តាំងពី​បុរាណ​រហូតដល់​បច្ចុប្បន្ន​ក៏​ដូច​ទៅ​អនាគត មនុស្ស​មានការ​ស្វះស្វែង​យ៉ាង​ខ្លាំងក្លា​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ទុកជា​ចំណេះដឹងល្អៗសម្រាប់​ការអភិវឌ្ឍ​ខ្លួន​និង​សង្គម​ទាំងមូល ឈានទៅរក​ភាព​រីកចម្រើន។

    មនុស្ស​មានចំណេះដឹង​គឺមាន​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន ព្រោះ​មនុស្សម្នាក់ៗកើតមក​ពុំ​ចេះដឹង​អ្វី​ឡើយ។ដូច្នេះហើយ​បានជា​មនុស្ស​មួយចំនួនធំ​លើ​លោក​អាចមាន​ការយល់​និង​អនុវត្ត​ការងារ​បាន​ជោគជ័យ។បញ្ហា​នេះ​គឺ​ដោយសារ​បានមកពី​ការចេះដឹង​របស់​បុគ្គល​ម្នាក់​នោះឯង។ការចេះដឹង​នោះ​ពុំមែន​បានមក​ដោយ​ឯកឯង​នោះទេ គឺ​បានមកពី​ការខិតខំ​សិក្សា​រៀនសូត្រ​និង​ស្វែងយល់​គ្រប់បែបយ៉ាង​របស់​ពួកគេ​ទោះជា​ស្ថិតក្នុង​កាលៈទេសៈពិបាកៗយ៉ាងណា​ក៏​គេ​មិន​រុញ​រា​ដែរ។

គេ​ឃើញថា​នៅពេល​ពួកគេ​មានចំណេះដឹងខ្ពស់ៗគឺអាច​ធ្វើ​អ្វី​អោយ​បុគ្គល​គេ​ផ្ទាល់​មានការ​រីកចម្រើន​យ៉ាងខ្លាំង​សម្រាប់​ជួយ​ខ្លួនគេ​មានទ្រព្យ​សម្បត្តិ​និង​កេ​រ្តិ៏​ឈ្មោះ​និង​មានការ​ងារ​ធ្វើ​មាន​លក្ខណៈ​ល្អជា​ជាច្រើន​ដូចជា​លោក ហេ​ហ្គើ​ល​យល់ថា ការងារ​គឺជា​មធ្យោបាយ​នៃ​ការ​ស្រោចស្រង់​ខ្លួនឯង។ព្រោះ​ការងារ​គឺជា​ការអនុវត្ត​នៃ​ចំណេះដឹង​ដែល​គេ​មាន​ក្នុង​ខ្លួន​នេះហើយ។ក្រៅពី​មាន​ចំនុច​ទាំងអស់​នេះហើយ ចំណេះដឹង​ក៏បាន​ធ្វើអោយ​បុគ្គល​ម្នាក់​ចេះ​គិត​នូវ​អ្វីដែល​ពុំ​ត្រឹមត្រូវ​និង​ត្រឹមត្រូវ​ក្នុងន័យ​លើក​តម្លៃ​ផ្នែក​សីល​ធ៌​ម​របស់​ខ្លួនឯង​ដែរ។ដូច្នេះ​ឃើញថា​ចំណេះដឹង​មាន​សារៈសំខាន់​ណាស់​ចំពោះ​មនុស្សម្នាក់ៗជា​ប្រទីប​មួយ​នាំ​ផ្ឡូ​វ​បុគ្គល​ទាំងនោះ​ឈានទៅរក​សុភមង្គល​និង​សេចក្ដី​រុងរឿង​មួយជីវិត​លើ​លោក​យើង​នេះ។

    ជាមួយគ្នានេះដែរ​ការអភិវឌ្ឍ​សហគម​ន៏​ក៏​ទាមទារ​នូវ​ចំណេះដឹង។ព្រោះ​សង្គមជាតិនីមួយៗដែលមាន​អរិយ​ធ៌​ម​ខ្ពង់ខ្ពស់​ទៅបាន អាស្រ័យ​ដោយ​សង្គម​នោះបាន​គិតគូរ​យ៉ាងខ្លាំង​ចំពោះ​ចំណេះដឹង​របស់​ពលរដ្ឋ​របស់ខ្លួន​ទាំងអស់។ចំណេះដឹង​ផ្ដល់​ដល់​សមាជិក​សង្គម​ជា​បញ្ហា​មួយ​លំបាក​ស្មុកស្មាញ​បំផុត ប៉ុន្តែ​ជា​ករណី​កិច្ច​មួយ​ចាំបាច់​ដែរ​ដែល​ត្រូវធ្វើ​ដើម្បី​អភិវឌ្ឍ​សង្គម។សង្គម​មានការ​រីកចម្រើន ស៊ី​វិ​ល័យ អាស្រ័យ​តែ​លើ​ភាព​សម្បូរបែប​នៃ​សម្ភារៈ​ឯកឯង​នោះទេ វា​ត្រូវ​ទាក់ទង​ផ្នែក​ចំណេះដឹង​ផងដែរ។ចង់បាន​សង្គម​មួយ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​និង​ចម្រើន​លូតលាស់​ទាន់សម័យ​លុះត្រា​ពលរដ្ឋគ្រប់ៗរូប គ្រប់​សហគម​ន៏ផ្សេងៗត្រូវមាន​ចំណេះដឹង​ទូលំទូលាយ​ដែល​រួមមាន ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកទេស គំនិត​ប្រាជ្ញា​និង​សីល​ធ៌​ម​រស់នៅ​ផងដែរ។តម្លៃ​របស់​ចំណេះដឹង​មាន​សារៈសំខាន់​ណាស់​ចំពោះ​មនុស្ស​និង​សង្គមមនុស្ស។បើសិន​នៅតាម​ស្ថាប័ន សមាគម អង្គការ ក្រុមហ៊ុន ទី​ភ្នា​ក់ផ្សេងៗ ពោរពេញ​ទៅដោយ​អ្នកមានចំនេះដឹង​ភាគច្រើន​នោះ​ទីកន្លែង​ការងារ​ទាំងនោះ​ពិតជា​មានការ​អភិវឌ្ឍ​ល្អ​ជាក់​ជាពុំខាន។យើង​ឃើញថា​សព្វថ្ងៃនេះ​មាន​ប្រទេស​ខ្លះ​រីកចម្រើន​ហើយ​ក៏មាន​ប្រទេស​ខ្លះ​អន់​ខ្សោយ​ដែល​កត្តា​នេះ​មួយផ្នែកធំ​កើតចេញពី​ប្រទេស​ដែល​សម្បូរ​ទៅដោយ​អ្នក​គ្មាន​ចំណេះដឹង​ច្រើន​និង​អ្នកមានចំណេះដឹង​តិច​នេះ។

    ដូច្នេះ​ការដែល​នាំគ្នា​យកចិត្តទុកដាក់​ផ្ដល់នូវ​ចំណេះដឹង​ដល់​មនុស្ស​ក្នុង​សហគម​ន៏មួយៗជាការ​ចាំបាច់​សម្រាប់ធ្វើ​អោយ​សហគម​ន៏​ទាំងនោះ​មាន​ភាព​លូតលាស់​និង​មាន​ដំណើរការ​សកម្មភាព​ល្អជា​និច្ច។

    ជាពិសេស​ទៅទៀត​នោះ​ការដឹកនាំ​ប្រទេសជាតិ​រឹតតែ​ត្រូវការ​ជា​ចាំបាច់​នូវ​ចំណេះដឹង។ព្រោះ​ក្រុម​អ្នកដឹកនាំ​ប្រទេសនីមួយៗតែងតែ​ខិតខំ​គ្រប់បែបយ៉ាង​សម្រាប់​អភិវឌ្ឍ​ផ្ទៃក្នុង​លើ​គ្រប់​វិស័យ​ទាំងអស់​ដើម្បីអោយ​ប្រជាពលរដ្ឋ​រស់នៅ​បាន​សុខ​ស្រួល។ក្រៅពីនេះទៀត​ក៏ត្រូវ​ទាមទារ​ធ្វើការ​ទំនាក់ទំនង​ជាមួយ​ឆាក​អន្តរជាតិ​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យផ្សេងៗនិង​ការជួយ​គ្នា​ទៅវិញទៅមក​ផងដែរ។ការអភិវឌ្ឍ​ក្នុងប្រទេស​ក្ដី​ការទំនាក់ទំនង​អន្តរជាតិ​ក្ដី​សុទ្ធ​តែមាន​ក្បួនខ្នាត​ក្នង​ការអនុវត្ត​យ៉ាងពិត​ប្រាកដ។ទាំងអស់នេះ​ពុំមែន​ជាការ​ងាយស្រួល​ប៉ុន្មាន​ទេ​បើសិនជា​គេ​ពុំបាន​រៀបចំ​ចាត់ចែង​មនុស្ស​ដែលមាន​ចំណេះដឹង​មក​ប្រតិបត្តិការ ការងារ​ទាំងនោះ។

    ដូច្នេះ​ចំណេះដឹង​ជា​កត្តា​មួយ​យ៉ាងសំខាន់​បំផុត​សម្រាប់​ជួយ​ខ្លួនឯង ជួយ​សហគម​ន៏ ក៏ដូចជា​ប្រទេសជាតិ​និង​សង្គមមនុស្ស​ទាំងមូល។ព្រោះ​ចំណេះ​ដឹងបាន​គ្របដណ្ដប់​ទៅលើ ចំណេះដឹង​ផ្នែក​ទ្រឹស្ដី ចំណេះដឹង​ក្នុងការ​អនុវត្ត ចំណេះដឹង​ផ្នែក​សីល​ធ៌​ម ចំណេះដឹង​របៀប​រស់នៅ​ក្នុងការ​ទំនាក់ទំនង​ល្អ។ការដែល​មានចំណេះដឹង​មានន័យថា​បាន​រំដោះខ្លួន​និង​ប្រទេសជាតិ​ចេញពី​ភាពក្រីក្រ​លំបាក​វេទនា​ផ្ទុយ​មកវិញ​គ្មាន​ចំណេះដឹង​ការអភិវឌ្ឍ​ទាំងឡាយ​ដែល​នាំទៅរក​ភាពរុងរឿង​នោះ​ពិតជា​ជូ​ប​នូវ​វិបត្តិផ្សេងៗជាក់​ពុំខាន៕
     



© រក្សាសិទ្ធិដោយ thmeythmey.com