ខ្មែរ​ក្រហម
ជាតិ
សាក្សី​បញ្ជាក់ប្រាប់​ពី​ការសម្លាប់​ផ្តាច់​ពូជ​ទៅលើ​ជនជាតិ​ចាម​នៅ​មន្ទីរ​សន្តិសុខ​អូរ​ត្រកួន
15, Sep 2015 , 12:01 pm        
រូបភាព
ដោយ: ថ្មីៗ
សាក្សី​ទី៤ ទាក់​ទឹង​អង្គហេតុ​ការប្រព្រឹត្ត​ទៅលើ​ជនជាតិ​ចាម គឺ​លោក សេន ស្រ៊ុន បាន​ប្រាប់​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៥ ថា​មាន​បញ្ជា​ពី​ថ្នាក់លើ​ឱ្យ​ប្រធាន​សហករណ៍​ស្រង់​ស្ថិតិ​ល់​ជនជាតិ​ចាម​ដែល​រស់នៅក្នុង​សហ​ការណ៍​របស់ខ្លួន​និង​ក្រោយមក​មានការ​ប្រមូល​ចាប់ខ្លួន​ពួកគេ​ទាំងអស់​យកទៅ​សម្លាប់ចោល​នៅមន្ទីរ​សន្តិសុខ​ក្នុង វត្ត​អូរ​ត្រកួន ស្ថិតនៅក្នុង​ស្រុក​កងមាស ខេត្តកំពង់ចាម។ បើតាម​សាក្សី សេន ស្រ៊ុន ដែល​បាន មក​ផ្តល់​សក្ខី​ក ម្ម​បញ្ជាក់​ប្រាប់ថា​ជនជាតិខ្មែ​រ​ឥស្លាម​ដែល​រស់នៅក្នុង​តំបន់​របស់លោក​ប្រមាណ ចន្លោះ​ពី ៤០០ ទៅ៥០០ នាក់​ត្រូវបាន​ក្រុមខ្មែរក្រហម​ចាប់ខ្លួន និង​សម្លាប់ចោល​ក្នុង​រយៈពេល មួយ​យប់ និង​ដោយមាន​ចាក់​ចម្រៀង​តាម​មមី​ក្រូ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​មន្ទីរ​សន្តិ សុខ​នោះ​ចាប់អារម្មណ៍​ពី​ការសម្លាប់​ដ៏​រង្គាល​នេះ។
 
លោក សេន ស្រ៊ុន ដែល​បាន​ស្នាក់នៅ​ចម្ងាយ​ប្រមាណ ២០០ ម៉ែត្រ​ពី​មន្ទីរ​សន្តិសុខ​វត្តអូរ​ត្រ​កូន​បាន​ថ្លែងថា​មានការ​ចាប់ខ្លួន​ទៅលើ​ជនជាតិ​ចាម​ទាំងអស់​ដោយ​ក្រុមខ្មែរក្រហម​ដែល​គេ​ឱ្យ​ឈ្មោះថា​ក្រុម​ដាវ​វែង។ លោក​ត្រូវបាន​ខ្មែរក្រហម​ឱ្យជួយ​មើល​មនុស្ស ដែល​ត្រូវគេ​ចាប់ខ្លួន។ លោក​ថ្លែងថា​ក្រុមខ្មែរក្រហម​បាន​ចូលចាប់​បងប្អូន​ខ្មែរឥស្លាម​ភ្លាម​នៅតាម​ផ្ទះ​ហើយ​ការ
ចាប់​ប្រមូល​ខ្លួន​ជនជាតិ​ចាម​ដែល​ធ្វើឡើង​នោះ​ទាំង​ក្មេង​ទាំងចាស់ និង​ចាប់​ទាំង​ក្រុមគ្រួសារទាំងអស់​ដែល​សរុប​ទាំងអស់​មាន​ប្រមាណ​ជាង ៤០០នាក់។ លោក​បាន​ថ្លែងថា​នៅពេលដែល
លោក​នាំ​អ្នកទោស​ចូលទៅក្នុង​មន្ទីរឃុំឃាំង លោក​បានឃើញ​គេ​ដាក់​ខ្នោះ​កងជើង ហើយពេលដែល​នាំ​បងប្អូន​ចាម​ចូលទៅ គឺ​អ្នកទោស​មាន​ច្រើន​ពេញ ព្រះវិហារ​តែម្តង។
 
សាក្សី​បាន​ថ្លែងប្រាប់​អង្គជំនុំជម្រះ​សាលាដំបូង​ថា​ជនជាតិ​ចាម​ដែល​ត្រូវបាន​ចាប់ខ្លួនត្រូវបាន​សម្លាប់ចោល​ទាំងអស់ ហើយកូនៗ ដែល​តាម​មកជា​មួយ​ឪពុកម្តាយ​របស់គេ​ត្រូវបាន
សម្លាប់​ដោយ​ចាប់​ហែក​ជើង​សម្លាប់ បោក​ក្បាល​នឹង​គល់ឈើ​បោះ​ចូលទៅក្នុង​រណ្តៅ​សាកសព​រួមជាមួយ​ឪពុកម្តាយ​របស់គេ។ លោ​កថា​ក្រោយមក លោក​បានឃើញ​មាន​រណ្តៅ ៥ ធំ
ដែល​កប់​សាកសព​ជនជាតិ​ចាម នៅពេលដែល​លោក​ឡើងត្នោត។ ក្រោយ​ឆ្នាំ ១៩៧៩  នៅពេលដែល​មានការ ជីករណ្តៅ​សាកសព​នោះ មាន​ឃើញ​សម្លៀកបំពាក់​ជនជាតិ​ចាម និង​មាន
លលា​ដ៏​ក្បាល​របស់​កូនក្មេង​ផងដែរ។ 
 
សាក្សី​បាន​ថ្លែងថា​លោក​មិនបាន​ដឹង​ពី​មូលហេតុ​ពិតប្រាកដ​នៃ​ការចាប់ខ្លួន​ជនជាតិ​ចាម​នោះទេ។ លោក​ថ្លែងថា​បងប្អូន​ជនជាតិ​ចាម​គឺជា​ដំណាក់កាល​កម្ទេច​ចុងក្រោយ​របស់​ក្រុម​ខ្មែរ
ក្រហម បន្ទាប់ពី​បានសម្លាប់​ទៅលើ​ប្រជាជន​ថ្មី និង​ពេលខ្លះ ក្រុមខ្មែរក្រហម​បាន​រំលោភ​ទៅលើ​ស្ត្រីក្មេងៗស្អាត​ដែលជា​ប្រជាជន​ថ្មី មុននឹង​យកទៅ​សម្លាប់ចោល​និង​ក្រុមមន្ត្រី​រាជការ​ដែល
ធ្លាប់​បម្រើ​ការងារ​នៅ​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ លន់ នល់។ 
 
លោក​បន្តថា មានការតាមដាន និង​ចាប់ខ្លួន​ទៅលើ​កម្មាភិបាល​ចាស់​ផងដែរ។ លោក​បាន​ថ្លែងថា​ក្រៅពី​អ្នក​ទាំងនោះ ជនជាតិ​ចិន និង​អ្នក​ជាប់​សែ​ស្រឡាញ​ចិន​ក៏​ត្រូវបាន​គេ​តាមដាន និង​ចាប់ខ្លួន​ផងដែរ។ សាក្សីថ្លែងថា ចំនួន​ប្រជាជន​ពលរដ្ឋ​ដែល​គេ​យកទៅ​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ​អូរ​ត្រកួន មាន​ចំនួនតិចជាង ២០០០០ នាក់ ហើយ​លោក​បាន​ថ្លែងថា តួលេខ​ដែលថា អ្នកស្លាប់​ជាង ៣៥០០០ នាក់​នៅ​មន្ទីរ​សន្តិសុខ​នេះ ទំនងជា​មិន​ត្រឹមត្រូវ​ឡើយ។   
        
 
គួរ​បញ្ជាក់ថា សាក្សី សេន ស្រ៊ុន នៅពេល​ជម្លៀស​ទៅដល់​ស្រុក​កងមាស លោក​បានស្នាក់នៅ​ក្បែរ​វត្ត​អូរ​ត្រកួន​ប្រមាណ ២០០ ម៉ែត្រ និង​ជា​អ្នក​ឡើងត្នោត​នៅ​ជុំវិញ​វត្ត​អូរ​ត្រកួន។ លោក​បាន​ថ្លែងថា បន្ទាប់ពី​ចាប់​ផ្សឹក​ព្រះសង្ឃ​នៅក្នុង​វត្ត​នោះ​រួច វត្ត​នេះ​ត្រូវបាន​គេ​ប្រើប្រាស់ធ្វើជា​មន្ទីរឃុំឃាំង។ សាក្សី​ថ្លែងថា លោក​បានឃើញ​ការដឹក​ប្រជាពលរដ្ឋ​ចូលទៅក្នុង​វត្ត​នោះជា​រៀងរាល់ថ្ងៃ ហើយ​មិនឃើញ​ដឹក​ចេញ​មកវិញ​ទេ។ លោក​បាន​ថ្លែងថា​នៅមុន ឆ្នាំ ១៩៧៧ មិនមាន​ការហាមឃាត់​ឱ្យ​មនុស្ស​ដើរ​នៅមុខ​វត្ត​នោះទេ ហើយ​គេ​អាច​មើលឃើញ​អ្នកទោស ប៉ុន្តែ​ចាប់តាំងពី​ឆ្នាំ ១៩៧៧មក គឺ​គេ​មិន​អនុញ្ញាតឱ្យ​ដើរកាត់​ទៀត​ទេ។ 
 
លោ​កថា​ពេលដែលខ្មែរក្រហម​យក​មនុស្ស​ទៅ​សម្លាប់​ពួកគេ​បាន​ចាក់​ចម្រៀង​របប​ខ្មែរក្រហម​តាម​មីក្រូ​ដើម្បី​កុំឱ្យ​ប្រជាជន​ដែល​រស់នៅ​ជុំវិញ​នោះ​បានឮ​សំឡេង​ស្រែក​របស់​អ្នកទោស។   សាក្សី​បាន​ថ្លែងថា​នៅពេលដែល​កម្មាភិបាល​និរតី​ចូលមក​តំបន់​ភូមិភាគ​ឧ​ត្ត​រ​ការសម្លាប់ មនុស្ស​មាន​កាន់តែច្រើនឡើងៗ ។ 
   
 
 
 
 

Tag:
 ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com