ជាតិ
អ្នកសង្កេតការណ៍៖ សិស្ស​បាក់​ឌុប​ជាប់​ច្រើន​ខណៈពេល​វិញ្ញាសារ​ខ្លះ​មាន​បញ្ហា
16, Sep 2015 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ បេក្ខជន​ប្រឡង​ជាប់​ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ២០១៥ឆ្នាំនេះ មាន​ចំនួន៤៦.៥៦០នាក់ ត្រូវជា៥៥,៨៨ភាគរយ​នៃ​បេក្ខជន​វត្តមាន​ចំនួន ៨៣.៣២៥ នាក់។ នេះ​បើ​យោងទៅតាម​សេចក្តីប្រកាស​ព័ត៌មាន​ចេញផ្សាយ​ដោយ​ក្រសួង​អប់រំ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ។


សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ឲ្យ​ដឹងថា បេក្ខជន​ដែល​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ជិត៤ម៉ឺន​នាក់ ត្រូវជា៥៣,៨៧ភាគរយ នៃ បេក្ខជន​ចំនួន ៧៣.៦៧០នាក់ ហើយ​នៅ​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន​ជិត៤ម៉ឺន​នាក់​ដែរ។

ក្រុម​អ្នកឃ្លាំមើល​ការប្រឡង​បាក់​ឌុប​បាន​ទទួលស្គាល់ថា ការប្រឡង​នៅ​ឆ្នាំ២០១៥នេះ គឺមាន​ភាពប្រសើរ និង​តម្លាភាព​ដូចគ្នា​នឹង​ឆ្នាំ២០១៤ តែ​ពួកគេ​ថា ក្រសួង​នៅមាន​ការខ្វះចន្លោះ​នៅក្នុង​ការរៀបចំ​វិញ្ញាសា​រលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ដូចជា​មុខវិជ្ជា​គីមីវិទ្យា និង​រូបវិទ្យា។

លោក​សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ប្រចាំ​នៅ​កម្ពុជា មានប្រសាសន៍ប្រាប់​វី​អូ​អេ​ថា ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ​គឺមាន​ភាពប្រសើរ​ជាង​ឆ្នាំ​ណា​ទាំងអស់ ដោយសារ​បាតុភាព​នៃ​ការនាំ​ឯកសារ​ចម្លង​ចូលក្នុង​បន្ទប់​ប្រឡង និង​ការប្រមូល​លុយ​ឲ្យ​គ្រូ​ដើម្បី​លួច​មើល​ឯកសារ​ចម្លង​ក្នុងពេល​ប្រឡង​ត្រូវបាន​លុបបំបាត់​ទាំងស្រុង។ ទោះបីជា​យ៉ាងណាក៏ដោយ ការប្រឡង​ឆ្នាំនេះ មាន​លេចចេញ​នូវ​វិញ្ញាសារ​ដែល​ចោទសួរ​សំណួរ​ខុស​នៅក្នុង​មុខវិជ្ជា​រូបវិទ្យា និង​គីមីវិទ្យា។ លោក​ថ្លែង ថា​នេះ​ជា​ចំណុច​ដ៏​ចម្បង​មួយ​ដែល​ក្រសួង​អប់រំ​ត្រូវតែ​ជៀសវាង សម្រាប់​ការប្រឡង​នៅ​ឆ្នាំក្រោយ។

«កំណែទម្រង់​ត​ទៀត​ទីមួយ ការ​រឹតបន្តឹង​ស្ថានភាព​ការប្រឡង​ហ្នឹង​នៅ​ដដែល ហើយ​ដំណើរការ​នៃ​ការកែ​ហ្នឹង​ដដែល ប៉ុន្តែ​ក្រសួង​ឆ្នាំក្រោយ​ត្រូវតែ​ពិនិត្យមើល​វិញ្ញាសារ​ដែល​ជៀសវាង ការខុស​ដូច​ឆ្នាំនេះ។ ឆ្នាំនេះ ពីរ​មុខវិជ្ជា​មាន សំណួរ​ខ្លះ​ខុស អញ្ចឹង​វា​នឹង​អាចមាន​ការវិភាគផ្សេងៗគ្នា ទៅលើ​ការ​ឲ្យ​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ ទៅលើ​មុខវិជ្ជា​ឬក៏​វិញ្ញាសារ​ដែល​ខុស​ហ្នឹង​ដែរ»។

លោក​បន្តថា កំហុស​បច្ចេកទេស​នេះ ធ្វើ​ឲ្យ​ភាគរយ​នៃ​ចំនួន​អ្នក​ជាប់​ក្នុង​ការប្រឡង​កើនឡើង ដោយ​លោក​មានប្រសាសន៍ថា៖ «អាហ្នឹងៗ វា​អាច​រុញច្រាន ឲ្យ​មាន​ភាគរយ​នៃ​ការជាប់​ច្រើន ព្រោះ​អី១៦ពិន្ទុ​ណា៎ ហើយ​ចំនួន​នេះ​វា​អាច​សម្រាប់​អ្នក​ជាប់ ឬក៏​សម្រាប់​អាច​អ្នកធ្លាក់។ អញ្ចឹង វា​អាចមកពី​ចំណុច​នេះ ជា​ចំណុច​ប​ចេ្ច​ក​ទេស​មួយ​ដែល​ត្រូវ​កែលំអ​សម្រាប់​អនាគត​ដែរ»។

លោក​បញ្ជាក់​បន្ថែមថា ក្រៅពី​ការ​រឹតបន្តឹង​ការប្រឡង​បាក់​ឌុប ក្រសួង​អប់រំ​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​លុបបំបាត់​ការលក់​ឯកសារ​មេរៀន​នៅក្នុង​ថ្នាក់ និង​ធ្វើ​ឲ្យ​សិស្ស​មាន​ស្ថានភាព​គ្រួសារខុសៗគ្នា​មានលទ្ធភាព​ទទួលបាន​ការរៀនសូត្រ​លើ​មុខវិជ្ជាសំខាន់ៗនៅក្នុង​ថ្នាក់​ឲ្យ​បាន​ស្មើគ្នា ជាជាង​ការរៀន​គួរ​ក្រៅ​ម៉ោង។ មុខវិជ្ជាសំខាន់ៗទាំងនោះ រួមមាន​អក្ស​សាស្ត្រ​ខ្មែរ គណិតវិទ្យា រូបវិទ្យា ជីវៈវិទ្យា និង​គីមីវិទ្យា​ជាដើម។

វី​អូ​អេ​ពុំ​អាច​ទំនាក់ទំនង​លោក​ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​បានទេ។ វី​អូ​អេ​ក៏​ពុំ​អាច​សុំ​ការអធិប្បាយ​ពី​លោក​រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ​បានដែរ ដោយ​លោក​មិន​លើក​ទូរស័ព្ទ។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ដដែល​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា បេក្ខជន​ទទួលបាន​និទ្ទេស A មាន​ចំនួន១០៨នាក់ និទ្ទេស B មាន​ចំនួន១.០៨៥នាក់ និទ្ទេស C មាន​ចំនួន៣.២៩២នាក់ និទ្ទេស D មាន​ចំនួន ៦.០៩៣នាក់ និង​និទ្ទេស E មាន​ចំនួន៣៥. ៩៨២នាក់។ បេក្ខជន​ទ​ទូល​បាន​និទ្ទេស A មកពី​រាជធានី​ភ្នំពេញ​មាន​ចំនួន៤៨នាក់ សៀមរាប ១៤នាក់ បាត់ដំបង៧នាក់ ត្បូងឃ្មុំ និង​តាកែវ ៦នាក់ ក្នុង​មួយ​ខេត្ត កណ្តាល និង​កំពង់ចាម៥នាក់ ក្នុង​មួយ​ខេត្ត កំពត៤នាក់ ព្រះវិហារ កំពង់ធំ បន្ទាយមានជ័យ ក្រចេះ និង​ព្រះសីហនុ ២នាក់ ក្នុង​មួយ​ខេត្ត ហើយ​កំពង់ស្ពឺ ស្វាយរៀង និង​ប៉ៃលិន ១នាក់ ក្នុង​មួយ​ខេត្ត។

លោកស្រី អ៊ុក ឆា​យ៉ា​វី ប្រធានស្តីទី​នៃ​សមាគម​គ្រូបង្រៀន​ឯករាជ្យ​មានប្រសាសន៍​ស្រដៀង​គ្នា​ទៅនឹង​លោក​សន ជ័យ​ចំពោះ​ស្ថានភាព​នៃ​ការប្រឡង និង​កំហុស​បច្ចេកទេស​នៃ​ការ​ចោទសួរ​ក្នុង​វិញ្ញាសារ​រូបវិទ្យា និង​គីមីវិទ្យា តែ​អ្នកស្រី​ស្នើ​ឲ្យ​ក្រសួង​អប់រំ​កែសម្រួល​ចំណុច​ខ្វះខាត​មួយចំនួន​នៅក្នុង​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំក្រោយ ទាក់ទង​នឹង​សកម្មភាព​នៃ​អ្នកឃ្លាំមើល​ការប្រឡង។

«អ្នកឃ្លាំមើល​ប្រើ​ទូរស័ព្ទ ប្រើ​ឥទ្ធិពល​របស់គាត់​ហាក់បីដូចជា​គ្រូបង្រៀន ដែល​នៅក្នុង​បន្ទប់ ជា​សិស្ស​ហ្នឹង​ហាក់ដូចជា ជា​ចំណាប់ខ្មាំង​របស់​គា​ត‍់»។ នេះ​ជា​សំណូមពរ​គួរតែ​កុំ​ប្រើ​ទាំងអស់​ក្នុងពេល​ប្រឡង ព្រោះ​អ្វី​ការដាក់​ឃ្លាំ វា​ពេញ​ទឹក ពេញ​ដី​ហើយ ហើយក៏​គ្មានអ្វី​កើតឡើង​ដែល​គួរ​ឲ្យ ដល់​ប្រើ​ទូរស័ព្ទ​បាន​មើល​បាន​ទាន់ ព្រោះ​អ្វី​នៅក្នុង​មណ្ឌល​ប្រឡង​វា​មាន ខ្សែបណ្តាញ​គេ ហើយ​មនុស្ស​ហាក់បីដូច​ជា​ស្រមោច​ហើយ ហើយ​ពួកគាត់​មាន​សិទ្ធិ​ប្រើ​ទូរស័ព្ទ​ឆ្វេ​ច​ឆ្វាច ហាក់បីដូចជា​ការគំរាមកំហែង ការគាបសង្កត់​ដល់​ស​តិ​អារម្មណ៍​ទាំង​សិស្ស​ទាំង​គ្រូ»។

លោកស្រី ក៏​សំណូមពរ​ឲ្យ​ក្រសួង​មាន​តម្លាភាព​នៅក្នុង​ការជ្រើសរើស​គណៈមេប្រយោគ ដើម្បី​ជៀសវាង​នៅ​អាក់អន់ចិត្ត​របស់លោក​គ្រូ និង​អ្នកគ្រូ​ដែល​បាន​ខិតខំ​បង្រៀន​ក្នុង​សាលា។

កាលពី​ឆ្នាំ​កន្លងទៅ​ក្រសួង​អប់រំ យុវជន និង​កីឡា បានធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ជាពិសេស​ទៅលើ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដោយ​សហការ​ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​លុបបំបាត់​ការស៊ីសំណូក​សូកប៉ាន់​ក្នុង​បន្ទប់​ប្រឡង​រវាង អនុរក្ស និង​បេក្ខជន ក៏ដូចជា​ការ​លួច​ប្រើ​គ្រឿង​អេ​ឡិ​ក​ត្រូ​និក និង​ការយក​សំណៅ​ឯកសារ​ចូល​បន្ទប់​ប្រឡង​ជាដើម។ ការណ៍​នេះ​បានធ្វើឱ្យ​អត្រា​ជាប់​របស់​បេក្ខជន​មាន​ត្រឹមតែ៤០,៦៧ភាគរយ រួមទាំង​ការប្រឡង​ចំនួន​ពីរលើក​នោះ៕

ផ្ដល់​សិទ្ធិ​ដោយ៖ វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក(VOA)
http://khmer.voanews.com/content/more-students-passed-high-school-exam-than-last-year/2963461.html


Tag:
 អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com