ជាតិ
រដ្ឋាភិបាល​បន្ថយ​រយៈ​ពេល​វិនិយោគ​ក្រុមហ៊ុន៣៧ ខណៈ​ក្រុមហ៊ុន២៣ទៀត​ត្រូវបាន​ដក​មកវិញ
15, Sep 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល សម្រេច​កាត់បន្ថយ​រយៈ​ពេល​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន ៩ សម្រាប់​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច មក​ត្រឹម៥០ឆ្នាំ ។ រហូតមកដល់​ពេលនេះ មាន​ក្រុមហ៊ុន​ចំនួន ៣៧ ហើយ ដែល​ត្រូវ​រដ្ឋាភិបាល​កាត់បន្ថយ​រយៈពេល​វិនិយោគ​មក​ត្រឹម៥០ឆ្នាំនេះ។ ចំណែក​ក្រុមហ៊ុន ចំនួន២៣ទៀត ត្រូវបាន​រដ្ឋាភិបាល​ដ​ក​ហូត​វិញ។


បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃទី១៥ កញ្ញា​នេះ ក្រុមហ៊ុន​ចំនួន៩ ដែលមាន​ផ្ទៃដី​សរុប ២១៨៣៩ ហិកតា ដែល​ស្ថិតនៅក្នុង​តំបន់​ប្រើប្រាស់​នៃ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ខេត្តកំពង់ធំ ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​បន្ថយ​រយៈពេល​វិនិយោគ​មក​ត្រឹម៥០ឆ្នាំ​វិញ។

សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា រដ្ឋាភិបាល​បានផ្តល់​គោលការណ៍​គម្រោង​វិនិយោគ​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន១១៣ដែលមាន​ផ្ទៃដី​សរុប៦១០២៩៦,៧៥ហិកតា​ស្ថិតនៅក្រោម​ការ​គ្រ​វប់​គ្រង​របស់​ក្រសួងបរិស្ថាន ដោយ​គម្រោង​ចំនួន១០៩ បានដាក់​ឆ្លង​អង្គប្រជុំ​គណៈកម្មាធិការ​អន្តរក្រសួង​ពិភាក្សា ដើម្បី​ដាក់​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច។ ហើយ​ក្នុងនោះ​គម្រោង​ចំនួន២៣ មាន​ផ្ទៃដី​សុ​រប៩០៦៨២ហិកតា ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​ដកហូត​សិទ្ធិ​វិនិយោគ ។ គម្រោង៤ មាន​ផ្ទៃដី១៥៧៩៩ហិកតា ត្រូវបាន​កាត់បន្ថយ​ទំហំ​ផ្ទៃដី វិនិយោគ ។

ដោយឡែក គម្រោង៤ មាន​ផ្ទៃដី​សរុប ១៥៣៩៩ ហិកតា បានប្រគល់​ដោយ​ស្ម័គ្រចិត្ត​ឲ្យ​រដ្ឋាភិបាល​គ្រប់គ្រង​វិញ និង​គម្រោង​ចំនួន២០ មាន​ផ្ទៃដី​សរុប១៣១៧១៧,៧៥ហិកតា ត្រូវបាន​រដ្ឋាភិបាល​ទុកពេល​ឲ្យ៦ខែ​ទៅ១ឆ្នាំ ដើម្បី​បន្ត​នីតិវិធី(ស្ថិតនៅក្រោម​ការតាមដាន) ។ហើយ​គម្រោង​ចំនួន៣៧មាន​ផ្ទៃដី​សរុប​ចំនួន១៧៣៧៣០ហិកតា ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​ឲ្យ​បន្ត​អនុវត្ត​គម្រោង​លើ​ផ្ទៃដី​ដែល​បាន​ដោះស្រាយ​ផលប៉ះពាល់​រួច ដោយ​កាត់បន្ថយ​រយៈពេល​នៃ​កិច្ចសន្យា​មក​ត្រឹម៥០ឆ្នាំ។

សេចក្ដីប្រកាស​បន្ថែមថា នៅសល់​គម្រោង​តែ​ចំនួន៤ទៀត​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវដាក់​ឆ្លង​ប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ត្រួតពិនិត្យ​វាស់វែង​និង​វាយតម្លៃ​សម្បទាន​ដី​សេដ្ឋកិច្ច នៅ​ថ្ងៃទី១៧ខែកញ្ញា​ឆ្នាំ២០១៥ខាងមុខនេះ ដើម្បី​បញ្ចប់​ទាំងស្រុង​នូវ​ការត្រួតពិនិត្យ​និង​វាយតម្លៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​សម្បទាន​ដី​សេដ្ឋកិច្ច៕


Tag:
 សម្បទាន​ដី​សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com