ជាតិ
Beckham ជួយ​នាំសារ​ដ៏​មាន​ឥទ្ធិពល​របស់​កុមារ​កម្ពុជា​ទៅកាន់​មេដឹកនាំ​ពិភពលោក
16, Sep 2015 , 6:59 pm        
រូបភាព
ដោយ: រួបរួម
អង្គការ​យូ​នី​សែ​ហ្វ កាលពី​ថ្ងៃទី១៥ ខែកញ្ញា បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​មួយ​ដែលមាន​រយៈពេល​ជាង២នាទី ដោយ​រៀបរាប់​ពី​ខ្លឹមសារ​លិខិត​របស់​កុមារ​កម្ពុជា​ផ្ញើរ​ទៅកាន់​មេដឹកនាំ​ពិភពលោក ដើម្បី​ទាមទារ​ឲ្យ​បញ្ចប់​អំពើហិង្សា​លើ​កុមារ។ នៅក្នុង​វីដេអូ យូ​នី​សែ​ហ្វ ក៏បាន​បង្ហាញ​ផងដែរ​ពី​សកម្មភាព​របស់​អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស David Beckham ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែមិថុនា ដើម្បី​ស្វែងយល់​ពី​កុមារ​កម្ពុជា ក្នុងនាម​លោក​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​របស់​យូ​នី​សែ​ហ្វ។


រៀងរាល់៥នាទី កុមារ​ម្នា​ក់បាន​ស្លាប់​ដោយសារ​អំពើ​ហឹ​ង្សា និង​រាប់លាន​នាក់​ទៀត​នៅលើ​ពិភពលោក បាន​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ។ «ក្នុងនាម​ខ្ញុំ​ជា​ពលរដ្ឋ​វ័យក្មេង​របស់​ពិភពលោក ពួកយើង​សូម​ស្នើ​ឲ្យ​មេដឹកនាំ​កសាង​ពិភពលោក​មួយ​ប្រកបដោយ​សុវត្ថិភាព​ជាង​មុន​សម្រាប់​កុមារ​គ្រប់រូប ជាពិសេស​យើង​សង្ឃឹមថា ស្លាកស្នាម​ទាំងអស់​នៅលើ​កុមារ គឺជា​ស្លាកស្នាម​ចេញពី​របួស មកពី​ការលេងកំសាន្ត មិនមែន​មកពី​អំពើហិង្សា​ទេ»។ នេះ​ជា​សារ​របស់​កុមារ​កម្ពុជា ដែល​តំណាង​ឲ្យ​កុមា​រលើ​ពិភពលោក ផ្ញើរ​ជូន​មេដឹកនាំ​នៃ​ប្រទេស​នានា។

David Beckham បាន​និយាយ​នៅក្នុង​ឃ្លី​ប​វីដេអូ​ថា មនុស្ស​ទាំងអស់​ត្រូវ​រួមគ្នា​លុបបំបាត់​អំពើហិង្សា​លើ​កុមារ ពីព្រោះ​ជីវិត​របស់​កុមារ​ទាំងអស់​គឺ​អាស្រ័យទៅលើ​យើងទាំងអស់គ្នា។

សូមបញ្ជាក់ថា David Beckham បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា​កាលពី​អំឡុង​ខែមិថុនា ក្នុង​គោលបំណង​ស្វែងយល់​ពី​ការងារ​របស់​អង្គការ​យូ​នី​សេ​ហ្វ និង​ដៃគូ ដែល​កំពុង​ជួយ​គាំទ្រ​ដល់​កុមារ​រងគ្រោះ​ពី​ការរំលោភបំពាន​លើ​រាងកាយ ផ្លូវភេទ និង​ផ្លូវចិត្ត និង​កំពុង​ការពារ​កុមារ​ដែល​ងាយ​រងគ្រោះ​ពី​សំណាក់​គ្រោះថ្នាក់ផ្សេងៗទៀត។

នៅ​ដើម​ឆ្នាំនេះ គឺជា​ទិវា​ខួប​លើក​ទី១០ របស់លោក ដេវីដ ប៊ែ​ក​ខេ​ម ដែល​បានទទួល​ភារកិច្ច​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​អង្គការ​យូ​នី​សេ​ហ្វ ហើយ​រូបលោក​រួមទាំង​អង្គការ​នេះ​បាន​បង្កើត​នូវ​មូលនិធិ​មួយ​ដែលមាន​ឈ្មោះថា «លេខ៧ មូលនិធិ​ដេវីដ ប៊ែ​ក​ខេ​ម និង​យូ​នី​សេ​ហ្វ»(http://www.7.org) ដើម្បី​ជួយ​ការពារ​កុមារ​ពី​គ្រោះថ្នាក់។ មូលនិធិ​នេះ​នឹង​គាំទ្រ​ដល់​អង្គការ​យូ​នី​សេ​ហ្វ ឲ្យ​អនុវត្ត​នូវ​កម្មវិធី​អភិវឌ្ឍន៍​ជីវិត​កុមារ​នៅ​ទូទាំង​ពិភពលោក រួមទាំង​កុមារ​រងគ្រោះ​ដោយ​អំពើហិង្សា​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

David Beckham ធ្លាប់បាន​លេង​ឲ្យ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ចំនួន១១៥ប្រកួត​ចាប់ពី​ឆ្នាំ១៩៩៦ ដល់​ឆ្នាំ២០០៩ ហើយក៏​ជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ក្លិប Manchester United, Real Madrid, La Galaxy, AC Milan និង Paris Saint Germainផងដែរ៕

វីដេអូ៖



Tag:
 លុបបំបាត់​អំពើហិង្សា​លើ​កុមារ
  យូ​នី​សែ​ហ្វ
© រក្សាសិទ្ធិដោយ thmeythmey.com