ជាតិ
សាលា​រាជធានី​នឹង​បិទផ្លូវ​មួយចំនួន ដើម្បី​សម្រួល​ក្នុង​ពិធី​ដង្ហែ​អដ្ឋិធាតុ លោក ជា ស៊ីម
16, Sep 2015 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
សាលា​រាជធានី​ភ្នំពេញ​នឹងធ្វើ​ការបិទផ្លូវ​មួយចំនួន ដើម្បី​ជួយ​សម្រួល និង​បញ្ចៀស​ចរាចរណ៍​ក្នុង​ពិធី​ដង្ហែ​អដ្ឋិធាតុ លោក ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា នៅ​ថ្ងៃទី១៨ ខែកញ្ញា​ខាងមុខនេះ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី១៥ ខែកញ្ញា។


សេចក្តីជូនដំណឹង​ដដែល​បាន​ឲ្យ​ដឹងថា ផ្លូវ​មួយចំនួន​ដែល​ត្រូវ​បិទ​នោះ​រួមមាន មហាវិថី​ព្រះ​នរោត្តម (ពី​ស្តុ​ប​ក្រសួងមហាផ្ទៃ​រហូតដល់​ស្តុ​ប​ព្រះ​អង្គឌួង) ផ្លូវ​ក្រមួនសរ មហាវិថី​ព្រះមុនីវង្ស ( ចាប់ពី​ស្តុ​ប BKC រហូតដល់​រហូតដល់​មុខ​ស្ថានទូត​បារាំង) និង​ផ្លូវជាតិ​លេខ ៦A។ ក្រោយពី​ផុត​រយៈពេល​កំណត់ ផ្លូវ​ទាំងនោះ​នឹង​បើក​ឲ្យ​ដំណើរការ​ជា​ប្រក្រតី​វិញ។

ពិធី​ដង្ហែ​អដ្ឋិធាតុ លោក ជា ស៊ីម នឹងត្រូវ​ដង្ហែ​ចេញពី​ភូមិគ្រឹះ​លេខ១២ ផ្លូវ​លេខ៤៦២ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ម៉ោង៧ព្រឹក ថ្ងៃទី១៨ ខែកញ្ញា។

គួររម្លឹកថា លោក ជា ស៊ីម អតីត​ប្រធានព្រឹទ្ធសភា និង​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​មរណភាព កាលពី​ថ្ងៃទី ៨ ខែមិថុនា កន្លងទៅ ក្នុង​អាយុ៨៣ឆ្នាំ ៕

ដោយ៖  សឿន វណ្ណ​ដេ​ត


© រក្សាសិទ្ធិដោយ thmeythmey.com