ជាតិ
ក្រុមហ៊ុន ៣ ទៀត​នឹង​ទទួលបាន​សិទ្ធិ​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​កម្ពុជា​ចុងឆ្នាំ ២០១៥
16, Sep 2015 , 8:39 pm        
រូបភាព
ដោយ:
ក្រុមហ៊ុន​ចំនួន ៣ នឹង​ទទួលបាន​សិទ្ធិ​បោះផ្សាយ​និង​លក់​មូល​ប​ត្រ​របស់ខ្លួន នៅ​ចុងឆ្នាំ ២០១៥ នេះ។ ក្រុមហ៊ុន​ទាំង ៣ នោះ មាន​ក្រុមហ៊ុន កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ក្រុមហ៊ុន TY Fashion និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ។


មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (SECC) បានប្រកាសថា នៅ​ចុងឆ្នាំ ២០១៥ ខាងមុខនេះ ប្រទេស​កម្ពុជា នឹងមាន​ក្រុមហ៊ុន​ចំនួន ៣ ទៀត គឺ​ក្រុមហ៊ុន​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ក្រុមហ៊ុន TY Fashion ដែលជា​ក្រុមហ៊ុន​ផ្នែក​សំលៀកបំពាក់ និង​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងភ្នំពេញ(PPSEZ) ទទួលបាន​សិទ្ធិ​បោះផ្សាយ​លក់​មូល​ប​ត្រ។

លោក សុខ ដា​រ៉ា អគ្គនាយករង​នៃ​គណកម្មកា​រមូល​ប​ត្រ​កម្ពុជា បាន​ថ្លែងថា ក្រុមហ៊ុន​ទាំង  ៣ នេះ បានដាក់​ពាក្យស្នើសុំ​ជា​ផ្លូវការ​មក​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​រួចហើយ ដើម្បី​សុំ​ធ្វើការ​ផ្សព្វផ្សាយ និង​បោះ​លក់​មូល​ប​ត្រ​ជា​សាធារណៈ។ លោក បញ្ជាក់​ដូច្នេះ​ថា៖« ជារួម​ចុងឆ្នាំ​ហ្នឹង យើង​រំពឹងថា នឹងមាន​ក្រុមហ៊ុន ៣ ផ្សេងទៀត គាត់​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ....។ ឥឡូវ​កំពុង​ស្ថិតនៅក្នុង​ដំណាក់​ការពិនិត្យ។ បើ​មិនបាន​ទាំង ៣ យ៉ាងហោចណាស់​ក៏បាន ២ ក្រុមហ៊ុន​ដែរ​នៅ​ចុង​ឆ្នាំនេះ»។

ទីផ្សារ​មូល​ប​ត្រ​របស់​កម្ពុជា បានចាប់ផ្តើម​ដំណើរការ​នៅ​ថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០១២ ហើយ​នាពេល​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ក្រុមហ៊ុន​ចំនួន ២ ដែល​បោះផ្សាយ និង​លក់​មូល​ប​ត្រ​ជា​សាធារណៈ។ ក្រុមហ៊ុន​ទាំងពីរ​នោះ ទី ១ ក្រុមហ៊ុន​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដែល​ដំណើរការ​នៅ​ឆ្នាំ ២០១២ និង​ក្រុមហ៊ុន Grand Twins International ដែល​ទទួលបាន​សិទ្ធិ​បោះផ្សាយ​លក់​មូល​ប​ត្រ​នៅ​ឆ្នាំ ២០១។

បើតាម លោក សុខ ដា​រ៉ា នៅពេលដែល​ក្រុមហ៊ុន​ទាំង ៣ ខាងលើ​ទទួលបាន​សិទ្ធិ​បោះផ្សាយ និង​លក់​មូល​ប​ត្រ នៅពេល​ខាងមុខ វា​គឺជា​សញ្ញា​ល្អ​មួយ​សម្រាប់​ទីផ្សារ​មូល​ប​ត្រ​នៅក្នុង​ប្រទេស​កម្ពុជា។ «បើ​មានតែ ២ ក្រុមហ៊ុន លក់​មូល​ប​ត្រ យើង​អត់​មាន​ជម្រើស​ទេ។ ធម្មតាម្នាក់ៗទិញ​ឬ​លក់​មូល​ប​ត្រ គាត់​រំពឹង​ចំណេញ តែបើ​ក្រុមហ៊ុន​មួយ​មិន​ចំណេញ គាត់​ទៅរក​ក្រុមហ៊ុនផ្សេងៗទៀត​ដែល​អាច​ឲ្យ​គាត់​ចំណេញ»។ នេះ​ជាការ​បញ្ជាក់​របស់លោក​អគ្គនាយករង​គណៈកម្មកា​រមូល​ប​ត្រ​កម្ពុជា ដែល​ទទួលស្គាល់ថា ការជួញដូរ​មូល​ប​ត្រ​កម្ពុជា​នៅមានកម្រិត ដែល​ខុសពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន៕


Tag:
 សេដ្ឋកិច្ច
  មូល​ប​ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com