ជាតិ
អ្នកនាំពាក្យ៖ ជំនន់​ទឹកភ្លៀង​ហូរ​ចូល​ក្រុង​កំពត ខណៈ​ទឹកភ្លៀង​បន្ត​ធ្លាក់
17, Sep 2015 , 9:33 am        
រូបភាព
រូបថត កំពតជាស្រុកកំណើតខ្ញុំ
រូបថត កំពតជាស្រុកកំណើតខ្ញុំ
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជំនន់​ទឹកភ្លៀង​បាន​ហូរ​ចូលក្នុង​ក្រុង​កំពត​ហើយ នៅ​ព្រលឹម​ថ្ងៃទី១៧នេះ ដោយសារតែ​ឥទ្ធិពល​មួយ​ដែល​កើតឡើង​នៅក្នុង​សមុទ្រ​ខាងត្បូង។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម។


លោក ចាន់ យុ​ត្ថា ឲ្យ​ដឹង​ថ្ងៃ​ពុធ​នេះ​ថា ប្រសិនបើ​ភ្លៀង​បន្ត​ធ្លា​ក់ទៀត​នោះ ជំនន់​ទឹកភ្លៀង អាច​នឹង​ជន់​លិច​តំបន់​ស្ទឹង​តាម​បណ្តា​ខេត្ត​មួយចំនួន រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ព្រះសីហនុ កោះកុង បន្ទាយមានជ័យ និង​ខេត្តកំពង់ធំ​ដែលមានស្ទឹងធំៗ ដូចជា ស្ទឹង​សង្កែ ស្ទឹង​មង្គល​បូរី ស្ទឹង​ក្រាំង​ពន្លៃ ស្ទឹងត្រែង និង​ស្ទឹងសែន។ អ្នកនាំពាក្យ​សូម​អំពាវ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ​បង្កើន ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​ទេសចរ​តាម​សមុទ្រ សូម​ផ្អាក​សកម្មភាព​នេសាទ និង​ការធ្វើដំណើរ​កម្សាន្ត​លើ​ផ្ទៃសមុទ្រ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ។

គួរ​បញ្ជាក់ថា បើតាម​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី១១ កញ្ញា រាជធានី-ខេត្ត​ចំនួន៨ នឹង​បន្ត​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​រហូតដល់​ថ្ងៃទី១៨ខែកញ្ញា ដោយសារតែ​ឥទ្ធិពល​មួយ​ដែល​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង​នៅ ថ្ងៃទី១៣ ខែកញ្ញា​ខាងមុខ។ រាជធានី-ខេត្ត​ទាំងនោះ រួមមាន​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពត កំពង់ធំ ព្រះសីហនុ និង​ខេត្តសៀមរាប។ ឥទ្ធិពល​ព្យុះ​នេះ នឹង​បង្ក​ឲ្យ​ផ្ទៃមេឃ​នៅ​កម្ពុ​ជាមាន​ពពក​ច្រើន​ដេរដាស ព្រមទាំង​មាន​ភ្លៀង​បន្ត​ធ្លាក់​ច្រើន​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ផងដែរ ពិសេស​ចាប់ពី​ថ្ងៃទី១៥ដល់​ថ្ងៃទី១៨ខែកញ្ញា។ ផ្ទៃមេឃ​នៅ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ មាន​សភាព​អាប់អួ ព្រមទាំង​មាន​ភ្លៀង និង​មាន​ខ្យល់​បោកបក់​ខ្លាំង ហើយ​រលក​សមុទ្រ​អាចមាន​កម្ពស់​ពី១ម៉ែត្រ ទៅ២.៥ម៉ែត្រ៕



Tag:
 ជំនន់​ទឹកភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com