ជាតិ
អ្នកដោះមីន​ទី​ពីរ​ស្លាប់​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​អ.ស.ប
18, Sep 2015 , 7:39 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងការពារជាតិ​និង​អង្គការសហប្រជាជាតិ​កំពុង​រៀបចំ​បញ្ជូន​សព​អ្នកដោះមីន​មួយរូប​នៃ​កងកម្លាំង​ការពារ​សន្តិភាព​កម្ពុជា​ពី​អាហ្វ្រិក​ខាងលិច​មកកាន់​ប្រទេស​កម្ពុជា​វិញ​ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះ​បើតាម​ការ​ឲ្យ​ដឹង ពី​មន្ត្រី​កម្ពុជា។

លោក​អនុសេនីយ៍ត្រី សួន សំបូរ ដែលជា​កងកម្លាំង​រក្សា​សន្តិភាព​នៃ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ម៉ាលី​បាន​លាចាក​លោក​កាលពី​ថ្ងៃ​ច័ន្ទ​កន្លងទៅ​បន្ទាប់ ពី​មាន​ជំងឺគ្រុនចាញ់​ប្រភេទ​ធ្ងន់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​របស់លោក ឧ​ត្ត​ម​សេនីយ៍​ឯក ផាល សាម៉ន ប្រធាន​នាយកដ្ឋាន កាកសំណល់​គ្រឿងផ្ទុះ​និង​ព័ត៌មាន នៃ​មជ្ឍមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​ការពារ​សន្តិភាព។
 
លោក​ឧ​ត្ត​ម​សេនីយ៍ ផាល សាម៉ន បាន​ឲ្យ​ដឹងថា​កងកម្លាំង​មួក​ខៀវ​ដែលមាន​អាយុ៣២ឆ្នាំ​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅក្នុង​មន្ទីរពេទ្យ នា​ប្រទេស Senegal ជាទី ដែល​លោក​ចែក​ស្ថាន។ «ថ្ងៃទី១១ទៅ១៣ នេះ​ក្រោយពី​សភាព​ជំងឺ ដូច​ថា​វា​ឡើង វា​មាន​ភាពលំបាក​គេ​ក៏បាន​បញ្ជូន​រូបលោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កម្រិត​បី នៅ​ទីក្រុង​ដា​កា នៃ​ប្រទេស Senegal។ ដល់​ថ្ងៃទី១៤នេះ លោក​សួន​សំបូរ​បានទទួល​មរណភាព​នៅ​ថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៥នេះ​នៅ​ប្រទេស​Senegal»។
 
លោក ឧ​ត្ត​ម​សេនីយ៍ ផាល សាម៉ន បាន​បញ្ជាក់ថា​មកដល់​ពេលនេះ អង្គការសហប្រជាជាតិ​កំពុង​រៀបចំ​បញ្ជូន​សាកសព​លោក​មកកាន់​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយមាន​ការ​ហែរ​ហម​តាមរបៀប​ពិធីការ​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ផងដែរ។
 
«ការទទួល​នេះ​គឺ​យើង​ធ្វើ​ដូច​រាល់ដង គឺ​ទទួល​បែបផែន​ជាតិ គឺ​យើង​ធ្វើ​ពិធី ដេ​ហ្វី​ឡេជ​ញ្ជូ​ន​ទ័ព​ចេញពី​យន្ត​ហេះ ហើយ​ឡើង​រថយន្ត ដង្ហែរ កាត់​តាម​ភ្នំពេញ​ចេញទៅ ទីតាំង​ដែល​គេ​នៅ​ល្វាឯម»។
 
ការស្លាប់​របស់ លោក​អនុសេនីយ៍ត្រី សួន សំបូរ នេះ​គឺជា​លើ​ទី​ពីរ​សម្រាប់​កងកម្លាំងរ​ក្សា​សន្តិភាព​កម្ពុជា ដែល​បំពេញការងារ​រក្សា​សន្តិភាព​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​នៅក្នុង​ប្រទេស​ម៉ាលី។ កាលពី​ឆ្នាំ២០១៤ កងទ័ព​មួក​ខៀវ​កម្ពុជា​មួយរូប​នៅ​ប្រទេស​ម៉ាលី​បាន​ស្លាប់ភ្លាមៗបន្ទាប់ ពី​ពុល​អាហារ។
 
លោក​ឧ​ត្ត​ម​សេនីយ៍ ផាល សាម៉ន បាន​បញ្ជាក់ថា សព្វថ្ងៃនេះ​កម្ពុ​ជាមាន​កងកម្លាំង​មួក​ខៀវ​នៅក្នុង​ប្រទេស​ម៉ាលី​ប្រហែល៣០០នាក់​រួមទាំង​កង អនុ​សេនា​តូច​កម្ទេច​គ្រឿងផ្ទុះ ដែលមាន​លោក សួន សំបូរ​ផងដែរ។
 
ជាមួយគ្នា​នោះដែរ​ក្រសួងការពារជាតិ​កម្ពុ​ជា​ក៏បាន​បញ្ជាក់​ពី​សេចក្តី​ក្រៀមក្រំ​ក្នុងការ​បាត់បង់​កងក​ម្លាំ​ង​ជំនាញ​របស់ខ្លួន​និង ការលះបង់​របស់​នាយ​ទាហាន​រូបនេះ «ក្នុងការ​លើកកម្ពស់​កេរ្តិ៍​ឈ្មោះ កិត្តិយស​ជាតិ​មាតុភូមិ ពិសេស​កង​យុទ្ធ​ពល​ខេមរភូមិន្ទ លើ​ឆាក​អន្តរជាតិ»។
 
យោងតាម​សារ​រំលែក​ទុក្ខ​របស់​ក្រសួងការពារជាតិ​ដែល​ចេញ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅ បាន​សរសេរ ៖ «ការបាត់បង់​រូបលោក​អនុសេនីយ៍ត្រី សួន សំបូរ គឺជា​ការបាត់បង់​នាយទាហាន​ជំនាញ​ឯកទេស​ដ៏​ឆ្នើម​មួយរូប ប្រកបដោយ​វិជ្ជាជីវៈ​ពិតប្រាកដ​ដែល​បាន​លៈបង់ អស់ពី​កម្លាំងកាយ​ចិត្ត​និង​ស្មារតី​ចូលរួម​បម្រើ​ជាតិ​មាតុភូមិ​និង​ប្រជាជន ព្រមទាំង​បាន​ចូលរួមចំណែក​ដោយ​ស្ម័គ្រចិត្ត ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក្នុងនាម​មនុស្សធម៌»។
 
យោងតាម​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​AKPរបស់​រដ្ឋាភិបាល​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ឆ្នាំ២០០៦ មក កម្ពុជា​បាន​បញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព​ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​ចំនួន៣០០០ពាន់​នាក់​ទៅក្នុង​ប្រទេស​Sudan Sudanខាងត្បូង អាហ្វ្រិក​កណ្តាល (Central African Republic) ប្រទេស ឆាដ ស៊ី​រី លី​បង់ និង​ប្រទេស​ម៉ាលី៕
 
សូមចុចទៅប្រភពដើម VOA ត្រង់នេះ
 

© រក្សាសិទ្ធិដោយ thmeythmey.com