ជាតិ
ពលរដ្ឋ​ខ្មែរ​អាមេរិក​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ
18, Sep 2015 , 8:19 am        
រូបភាព
ដោយ: VOA
វ៉ាស៊ីនតោន៖ ប៉ុន្មាន​ថ្ងៃមុន​ការមកដល់​នៃ​ទិវា​សេចក្តីប្រកាស​ជាស​កល​នៃ​លទ្ធិប្រជាធិបតេយ្យ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​អាមេរិក​ប្រមាណ​ជាង៦០នាក់​បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​ដល់​លោក​ឯកអគ្គរដ្ឋទូត​ខ្មែរ​នៅ​អាមេរិក​កាលពី​ថ្ងៃទី១២ ខែកញ្ញា កន្លងទៅនេះ។

តំណាង​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក និង​ពលរដ្ឋ​ខ្មែរ​អាមេរិក​មកពី​រដ្ឋ​ជាង៦ បានធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក ដើម្បី​ដាក់​ញត្តិ​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា និង​គោរព​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុងការ​បញ្ចេញមតិ។
 
លោក យ័​ប គឹម ទឹង ប្រធាន​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ បាន​ឲ្យ​ដឹងថា ‍​បាតុកម្ម​នេះ គឺ​ធើ្វ​ឡើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ទៅតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ មុន​ការមកដល់​នៃ​ទិវា​សេចក្តីប្រកាស​ជាស​កល​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​ត្រូវ​នឹង​ថ្ងៃទី១៥ ខែកញ្ញា​នេះ។
 
«យើង​នាំគ្នា​ជួបជុំគ្នា ដើម្បី​ទាមទារ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​យើង​ឲ្យ​ពិតប្រាកដ»។
 
ផ្អែក​តាម​ស្ថានភាព​នយោបាយ និង​សិទ្ធិមនុស្ស​បច្ចុប្បន្ន រដ្ឋាភិបាល​បាន​ចាប់ខ្លួន និង​ឃុំខ្លួន​សមាជិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​ព្រំដែន និង​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​សួន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ២០១៤ ហើយ​និង​សកម្មជន​បរិស្ថាន​បីនាក់​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​ហាមឃាត់​ការ​បូម​ខ្សាច់​នៅ​ខេត្តកោះកុង ។
 
អាស្រ័យហេតុនេះ លោក យ័​ប គឹ​ង ទឹង បាន​បញ្ជាក់ថា បាតុកម្ម​នេះ​ក៏​ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះលែង​សកម្មជន​ទាំងនេះ។
 
«ហើយ​យើង​ក៏​យក​ឱកាស​នេះ សុំ​ឲ្យ​ដោះលែង​អ្នក​ដែល​គេ​ទើប​ចាប់​ដាក់គុក ជាពិសេស​គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​និង​សកម្មជន​អា​រ៉ែ​ង និងអ្នកផ្សេងៗទៀត​ដែល​បាន​ជាប់គុក»។
 
ក្រៅពី​ការស្នើសុំ​ទាមទារ​ទាំងនេះ លោក ជា គឹម​លី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៃ​ទ្វីបអាមេរិក​ខាងជើង បាន​ឲ្យ​ដឹងថា ការដាក់​ញត្តិ​នេះ​ក៏​ដើម្បី​ជំរុញ និង​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​លុបបំបាត់​អំពើពុករលួយ និង​ការ​កេង​ប្រ​វេ័​ញ្ច​ធនធានធម្មជាតិ។
 
«យើង​បាន​សុំ​ឲ្យ​រដ្ឋាភិបាល​ខិតខំ ដើម្បី​លុបបំបាត់​អំពើពុករលួយ ការកាប់​ទន្ទ្រាន​ព្រៃឈើ ការ​បូម​ខ្សាច់ និង​ការជិះជាន់​យក​ដីធ្លី​របស់​ប្រជាជន​ខ្មែរ​យើង»។
 
អ្នកចូលរួម​បាតុកម្ម​ទាំងអស់គ្នា​បាន​កាន់​បដា​ស្តីអំពី​លទ្ធិប្រជាធិបតេយ្យ និង​ទង់ជាតិ​សាសនា​ខ្មែរ និង​ទង់ជាតិ​ខ្មែរ និង​អាមេរិក ដោយ​ដើរ​ហែរ​ក្បួន​ជុំវិញ​ស្ថានទូត​កម្ពុជា​នៅ​សហរដ្ឋអាមេរិក ហើយ​ស្រែក​សួរថា អ្វីដែល​យើង​ចង់បាន​នោះ​គឺ លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។
 
លោកស្រី ថិ​ត គឹមហ៊ុន ជា​ពលរដ្ឋ​ខ្មែរ​អាមេរិក​មកពី​រដ្ឋ North Carolina យល់ថា ការចូលរួម​របស់លោក​ស្រី​ក្នុងថ្ងៃនេះ​គឺ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ។ មានន័យថា ពលរដ្ឋ​ធម្មតា​ដូចជា​លោកស្រី​អាច​បញ្ចេញមតិ និង​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​រដ្ឋាភិបាល​បាន ដោយ​គ្មាន​ការភ័យខ្លាច។
 
«វា​មានន័យ ខ្ញុំ​មាន​មោទនភាព​ដែល​ខ្ញុំ​បានមក​បញ្ចេញមតិ។ ខ្ញុំ​ចង់​និយាយ​ពាក្យ​ដែល​ខ្ញុំ​ចង់​និយាយ​ក្នុង​ចិត្ត ដោយ​មិនបាច់​ភ័យខ្លាច​ថា ខ្ញុំ​នឹង​ត្រូវគេ​អូស​ចូល​គុក។ ខ្ញុំ​នឹងត្រូវ​កង​ប្រដាប់អាវុធ​មក​បាញ់​ខ្ញុំ។ ខ្ញុំ​នឹងត្រូវ​ជាប់គុក​ដូច​សកម្មជន​កន្លងមក ដែល​គាត់​បញ្ចេញមតិ»។
 
ក៏ប៉ុន្តែ លោកស្រី គឹមហ៊ុន យល់ថា នៅ​ប្រទេស​កម្ពុជា​លទ្ធិប្រជាធិបតេយ្យ​មិនមាន​ទេ ពីព្រោះថា ការបញ្ចេញមតិ និង​ការទាមទារ​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ត្រូវបាន​រដ្ឋាភិបាល​បង្ក្រាប ដោយមាន​ការចាប់ខ្លួន និង​ឃុំខ្លួន ដែល​នេះ​ជាការ​រំលោភ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។
 
ហើយ​លោកស្រី​ក៏បាន​បន្ថែមទៀតថា វា​ដល់ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​រួបរួមគ្នា និង​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី។
«មិន​ថា​យើង​ខ្មែរ​មកពី​ខាង​ណា ឬ​ខាង​ណា វា​គួរតែ​ដល់ពេល​ដែល​យើង​រួបរួមគ្នា ដើម្បី​ស្រោចស្រង់​ប្រទេស​យើង»។
តំណាង​ឲ្យ​សមាគម​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ក៏បាន​លើកយក​បញ្ហា​សិទ្ធិ​ពលករ បញ្ហា​ប្រាក់​បៀរ​វត្សរ៍​ទាប​សម្រាប់​គ្រូបង្រៀន ការពង្រឹង​សមត្ថភាព និង​ការអប់រំ​របស់​យុវជន​កម្ពុជា​មក​និយាយ​តាម​មេក្រូ​នៅមុខ​ស្ថានទូត​កម្ពុជា ដោយ​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុ​ជាព​ន្លឿ​ន និង​ពង្រឹង​កំណែទម្រង់​លើ​វិស័យ​ទាំងអស់នេះ ដើម្បី​ការអភិវឌ្ឍន៍​របស់​ក​ម្ពុ​ជា។
 
បាតុកម្ម​តវ៉ា​របស់​ព​ល​រដ្ឋ​ខ្មែរ​អាមេរិក​នៅមុខ​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ដោយ​សន្តិភាព ហើយ​តំណាង​ស្ថានទូត​កម្ពុជា​បាន​ចេញមក​ទទួលយក​ញត្តិ​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិក ដើម្បី​បញ្ជូនទៅ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕ 
 
សូមចុចទៅប្រភពដើម VOA ត្រង់នេះ
 

© រក្សាសិទ្ធិដោយ thmeythmey.com