ជាតិ
ជំនន់​ទឹកភ្លៀង​ខេត្តកំពត​បណ្ដាល​ឲ្យ​ខូចខាត​ដីស្រែ១៥០០ហិកតា
17, Sep 2015 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពត បានធ្វើ​ឲ្យ​ដីស្រែ​ប្រជាពលរដ្ឋ១៥០០ ហិកតា​ខូចខាត និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ៣៦០០គ្រួសារ។ នេះ​បើតាម​លោក កែវ វី នាយក​ខុទ្ទកាល័យ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ។

លោក កែវ វី បាន​ឲ្យ​ដឹងថា រហូតមក​ពេលនេះ​ជំនន់​ទឹកភ្លៀង​ហូរ​ចូលក្នុង​ក្រុង​កំពត ដែល​បានធ្វើ​ឲ្យ​ឃុំ​ចំនួន៥ លិច​នោះ មាន​ឃុំ​ម៉ាក់​ប្រាំង ឃុំ​ស្ទឹង​កែវ ឃុំ​ព្រៃ​ឃ្មុំ ឃុំ​ត្រពាំង​ធំ និង​ឃុំ​កំពង់​គ្រែង ក្នុងស្រុក​ឈូ ។ លោក​ថា មូលហេតុ​ដែល​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តកំពត​នេះ ដោយសារ​ការធ្លាក់​ភ្លៀង​ច្រើន​ជា​បន្ដបន្ទាប់ មាន​ទឹកធ្លាក់​ពីលើ​ភ្នំ​ហៀ​ចូលមក​សមុទ្រ​អត់​ស្រក និង​ការបើក​ទំនប់ទឹក​កំចាយ។ 
 
ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ នាយខុទ្ទកាល័យ​រូបនេះ បញ្ជាក់ថា នៅពេលនេះ​ក្រុម​កាកបាទក្រហម​កំពុង​ជួយ​ជម្លៀស​ប្រជាពលរដ្ឋ និង​សត្វពាហនៈ នៅ​តំបន់​ដែលមាន​ជំនន់​ទឹកភ្លៀង​ទាំងនោះ ទៅ​កន្លែង​មាន​សុវត្ថិភាព។ លោក កែវ វី បន្ថែមទៀតថា បើ​ទឹកភ្លៀង​នៅតែ​បន្ត​ធ្លាក់​ជា​គំហុក​បន្ដបន្ទាប់​ទៀត​នោះ ក៏​អាច​បណ្ដាល​ឲ្យ​ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ទទួលរង​ជំនន់​ទឹកភ្លៀង​ដែរ។ «បើ​ភ្លៀង​នៅតែ​បន្ដ​ធ្លា​ក់ទៀត អាចធ្វើ​ឲ្យ​ទឹកស្ទឹង​សំរោង​នៅ​ផ្លូវជាតិ​លេខ៤ ជន់​ឡើង ហើយ​បន្ដ​មក​ទឹកស្ទឹង​ព្រែក​ត្នោត​ខេត្តកំពង់ស្ពឺ​ជន​ឡើង ដែល​អាច​មកដល់​ភ្នំពេញ»។ នេះ​ជាការ​បញ្ជាក់​របស់លោក កែវ វី។
 
បើតាម​នាយខុទ្ទកាល័យ​រូបនេះ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ កំពុង​តាមដាន​ស្ថានការណ៍​ទឹកភ្លៀង ហើយ​អាជ្ញាធរ​បាន​ត្រៀម​វិធានការ​នានា ដើម្បី​ដោះស្រាយ​និង​ទប់ស្កាត់​ជំនន់​ទឹកភ្លៀង​នេះ។
 
លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឲ្យ​ដឹង​ដែរ​ថា ភ្លៀង​រយៈពេល៣ថ្ងៃ​មកនេះ មាន​កំពស់​ទឹក​កើនឡើង ពី៩០ ទៅ១៣០មី​លី​ម៉ែត្រ ដែលជា​ធម្មតា​កំពស់​ទឹក​មានតែ​ពី៣០ ទៅ៥០មី​លី​ម៉ែត្រ​ប៉ុណ្ណោះ។ បើតាម​លោក ចាន់ យុ​ត្ថា​ចាប់ពី​ថ្ងៃទី១៨ ដល់​ថ្ងៃទី២០ សម្ពាធ​ទឹក​អាច​ស្រក​ចុះ​វិញ ដោយសារ​ផុត​ឥទ្ធិពល​ខ្យល់​នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង។
អ្នកនាំពាក្យ​រូបនេះ អំពាវ​ទៅដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​មាត់សមុទ្រ​បង្កើន ការប្រុងប្រយ័ត្ន​ខ្ពស់ ជាពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​ទេសចរ​តាម​សមុទ្រ សូម​ផ្អាក​សកម្មភាព​នេសាទ និង​ការធ្វើដំណើរ​កម្សាន្ត​លើ​ផ្ទៃសមុទ្រ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ។
 
បើតាម​សេចក្តីជូនដំណឹង​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី១១ កញ្ញា រាជធានី-ខេត្ត​ចំនួន៨ នឹង​បន្ត​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​រហូតដល់​ថ្ងៃទី១៨ខែកញ្ញា ដោយសារតែ​ឥទ្ធិពល​មួយ​ដែល​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ភាគខាងត្បូង ។ រាជធានី-ខេត្ត​ទាំងនោះ រួមមាន​រាជធានី​ភ្នំពេញ ខេត្តកំពង់ស្ពឺ កណ្តាល តាកែវ កំពត កំពង់ធំ ព្រះសីហនុ និង​ខេត្តសៀមរាប៕
 

Tag:
 ជំនន់​ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com