ជាតិ
លោក ហ៊ុន ម៉ា​នី៖«ជីវិត​មិនអាច​មានជោគ​ជ័យរ​ហូត​នោះទេ តែ​ត្រូវ​ចេះ​រៀន​ពី​បរាជ័យ»
17, Sep 2015 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​និយាយ​លើកទឹកចិត្ត សិស្ស​ធ្លាក់​បាក់​ឌុប​ឆ្នាំ២០១៥នេះ ឲ្យ​បន្ត​ព្យាយាម​សិក្សា​រៀនសូត្រ ពិសេស​គឺ​ព្យាយាម សិក្សា​ពី​ភាពបរាជ័យ ប្រែក្លាយ​ទៅរក​ភាពជោគជ័យ​វិញ។ លោក​ថា អ្វីៗក្នុង​ជីវិត​មនុស្ស​មិន អាចមាន​ជោគជ័យ​រហូត​នោះទេ តែ​មនុស្ស​ត្រូវ​ចេះ​រៀនសូត្រ ពី​ភាពបរាជ័យ​នោះមក​វិញ ដើម្បី​ត្រៀមខ្លួន​ទៅកាន់​ជោគជ័យ។

សំឡេង​លោក ហ៊ុន ម៉ា​នី៖


 
លទ្ធផល​ប្រឡង​បាក់​ឌុប​ឆ្នាំ ២០១៥ មាន​ភាពប្រសើរ​ជាង​ឆ្នាំមុន ខណៈដែល​បេក្ខជន​ជាប់​មាន​ប្រមាណ ៥៥ ភាគរយ​ហើយ​ក្នុងនោះ​និទ្ទេស A មាន​ដល់​ទៅ ១០៨ នាក់​បើ​ធៀប​នឹង​លទ្ធផល​ឆ្នាំ ២០១៤ ការប្រឡង​លើក​ទី ១ ដែល​បេក្ខជន​ជាប់​មាន​ប្រមាណ​តែ ២៥ ភាគរយ​ហើយ​និទ្ទេស A មាន​ត្រឹមតែ ១១ នាក់។
 
នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បានផ្តល់​ទឹកប្រាក់​ផ្ទាល់ខ្លួន​ដល់​សិស្ស​បាក់​ឌុប​និទ្ទេស A ចំនួន ១០៨នាក់ ម្នាក់ៗចំនួន ២ លាន​រៀល Samsung Tablet ម្នាក់ៗមួយគ្រឿង កាក់​ប្រាក់ និង​សៀវភៅ​អនុស្សាវរីយ៍​មួយ​ក្បាល។ ចំណែក​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គឺ​អាស្រ័យទៅលើ​សាកលវិទ្យាល័យ​ក្នុងប្រទេស។
 
ផ្ទុយ​មកវិញ កាលពី​ឆ្នាំ ២០១៤ ខណៈដែល​សិស្ស​និទ្ទេស A មាន​ចំនួន​ត្រឹមតែ ១១ នាក់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់​ការលើកទឹកចិត្ត​ដោយ​ក្នុងម្នាក់ៗទទួលបាន​កុំព្យូទ័រ​យួរដៃ មួយគ្រឿង IPAD មួយគ្រឿង ម៉ូតូ​មួយគ្រឿង និង​ប្រាក់ ១២៥០ ដុល្លារ​ព្រមទាំង​ការផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ផងដែរ។
 
បេក្ខជន ម៉ាន កូតា អាយុ ១៧ ឆ្នាំ​ជា​សិស្ស​វិទ្យាល័យ​បាក់​ទូក​ដែល​ទទួល​និទ្ទេស A ពិន្ទុ ១០០ ពេញ និង​ខ្ពស់​ជាងគេ​បាន​ឲ្យ​ដឹងថា រូបគេ​បាន​ជួប​សំណេះសំណាល​ផ្ទាល់​ជាមួយ លោកនាយក​រដ្ឋមន្ត្រី និង​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន​ចំពោះ​ការសិក្សា​ថ្នាក់ បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ។ កូតា និយាយថា៖ «គាត់​បាន​សួរ​ខ្ញុំ​ហើយ​ខ្ញុំ​ក៏បាន​ឆ្លើយ​ខ្ញុំ​ប្រាប់​គាត់​ថា​ពួក ខ្ញុំ​មិន​អន់ចិត្ត​ទេ​ចំពោះ​អំណោយ​ដែល​តិចជាង​ឆ្នាំមុន​ពីព្រោះ​ឆ្នាំ នេះ​មាន​ច្រើន​ដល់​ទៅ ១០៨ នាក់។ គាត់​បាន​ផ្តាំផ្ញើ​ឲ្យ​ពួក​ខ្ញុំ​បន្ត​ខំរៀន​ទៀត»។
 
គួររំឭកថា បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ ២០១៥ នេះ​មាន​ចំនួន ៤៦ ៥៦០ នាក់​ត្រូវជា ៥៥,៨៨ ភាគរយ​នៃ​បេក្ខជន​វត្តមាន​សរុប ៨៣ ៣២៥ នាក់​ហើយ​ក្នុងនោះ​និទ្ទេស A មាន ១០៨ នាក់ B មាន ១ ០៨៥ នាក់ C មាន ៣ ២៩២ នាក់ D មាន ៦ ០៩៣ និង​និទ្ទេស E មាន ៣៥ ៩៨២ នាក់៕
 

Tag:
 លោក ហ៊ុន ម៉ា​នី
© រក្សាសិទ្ធិដោយ thmeythmey.com