ជាតិ
លោក គួច ម៉េង​លី ផ្តល់​អនុសាសន៍​ដល់​ប្រតិភូ​យុវជន​នៃ​កម្មវិធី​ផ្លាស់ប្តូរ​អភិវឌ្ឍ​យុវជន​អន្តរជាតិ
18, Sep 2015 , 10:31 am        
រូបភាព
ដោយ: ថ្មីៗ
ប្រតិភូ​យុវជន​កម្ពុជា​ចំនួន10នាក់ ត្រូវបាន​ជ្រើសរើស​ទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​អភិវឌ្ឍ​យុវជន​អន្តរជាតិ នៅ​ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល15ថ្ងៃ ចាប់ពី​ថ្ងៃទី22 ខែកញ្ញា ដល់​ថ្ងៃទី07 ខែតុលា ឆ្នាំ2015 ។ ហើយ​កាលពី​សប្តាហ៍​កន្លងទៅនេះ​ផងដែរ លោក​ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េង​លី ប្រធាន និង​ប្រធាន​ចាងហ្វាង នៃ​វិទ្យាស្ថាន និង​សាលារៀន អន្ដរទ្វីប អាមេរិកាំង បានអនុញ្ញាត​ឱ្យ​ក្រុមយុវជន​កម្ពុជា​ចូលជួប​សម្ដែង​ការ គួរសម សុំ​ការណែនាំ​បទពិសោធន៍ និង​ផ្តល់​អនុសាសន៍​ផ្ដាំផ្ញើ​មួយចំនួន​មុនពេល​ចេញទៅ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​អភិវឌ្ឍ យុវជន​អន្តរជាតិ។


កម្មវិធី​នេះ​មានការ​ចូលរួម​ពី​បណ្តា​យុវជន​មកពី5តំបន់​ផ្សេងគ្នា​រួមមាន អាស៊ីអាគ្នេយ៍ ម​ជ្ឈឹ​ម​បូព៌ា អាហ្វ្រិក អឺរ៉ុប និង​អាមេរិក​កណ្តាល ឬ​អាមេរិក​ខាងត្បូង។ ឆ្នាំនេះ​គឺជា​លើក​ទី7 ដែល​យុវជន​កម្ពុជា​បាន​ចូលរួម​កម្មវិធី​ផ្លាស់ ប្តូរ​អភិវឌ្ឍ​យុវជន​អន្តរជាតិ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ការចូលរួម​របស់​ប្រតិភូ​យុវជន​ទាំង10នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ប្រសិទ្ធភាព ប្រតិភូ​យុវជន​ត្រូវបាន​បណ្តុះបណ្តាល​ផ្តោតទៅលើ​សកម្មភាព​នានា ដើម្បី​ពង្រឹង​ចំណេះដឹង​ទូទៅ ចែករំលែក​បទពិសោធ​ន៍ កសាង​សមត្ថភាព​ផ្ទាល់ខ្លួន និង​ក្រុម។

មានប្រសាសន៍​សំណេះសំណាល​ក្នុង​អង្គពិធី​ទាំងមូល លោក​ឧកញ៉ា គួច ម៉េង​លី បាន​សម្ដែង​នូវ​ក្ដី​រីករាយ និង​ស្វាគមន៍​អបអរសាទរ​ចំពោះ​ក្រុម​ប្រតិភូ​យុវជន​កម្ពុជា ហើយ​បានផ្តល់​អនុសាសន៍​ដល់​យុវជន​យើង​ត្រូវធ្វើ​យ៉ាង ណា​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ត្រូវ​បង្ហាញ​ជាតិ​សាសន៍​ដទៃ​អំពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច សន្តិសុខ​សង្គម វប្បធម៌ អារ្យធម៌ ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ ជាពិសេស​វិស័យ​អប់រំ​នៅ​កម្ពុជា​ដែល​កំពុងតែ​មានការ​រឹង​បន្តឹង​ខ្លាំង ដើម្បី​ធានាបាន​នូវ​គុណភាព​ធនធានមនុស្ស។

យុវជន ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​គ្នា​ទៅវិញទៅមក និង​ក្នុងចំណោម យុវជន​មកពី​ប្រទេសផ្សេងៗផងដែរ ព្រោះថា​នេះ​ជា​ដំណើរ​មួយ​ដែល​តំណាងឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល ពោលគឺ​មិនមែន​តំណាង​ឱ្យតែ​ក្រុមយុវជន​កម្ពុជា​តែប៉ុណ្ណោះ​ទេ។ លោក​ឧកញ៉ា បាន​បន្ថែមទៀតថា ដើម្បី​ទទួលបាន ជោគជ័យ​រាល់​កិច្ចការ​ត្រូវ​ចេះ​អនុវត្ដ​នូវ5ចំណុចសំខាន់ៗគឺ  រៀបចំ​គម្រោង អនុវត្ដ​គម្រោង តាមដាន​ការ​អនុវត្ដ កែតម្រូវ​រាល់​កំហុសឆ្គង និង​អនុវត្ត​ម្ដងទៀត។

មិនតែប៉ុណ្ណោះ ត្រូវ​ស្គាល់​ខ្លួនឯង​ឱ្យបាន​ច្បាស់ ដោយ​ឧស្សាហ៍​សួរ​ខ្លួនឯង​នូវ3សំនួរ​គឺ តើ​អ្នកជា​នរណា? តើ​អ្នកមាន​ទំនួល​ខុសត្រូវ​អ្វីខ្លះ? តើ​តួនាទី និង​ទំនួល​ខុសត្រូវ​របស់​អ្នកមាន​សារៈ សំខាន់​ប៉ុនណា? ប៉ុន្ដែ​ដើម្បីឱ្យ​សម្រេច​គោលដៅ​បាន ល្គឹកណា​យុវជន​មាន​ភាពក្លាហាន តស៊ូ ហ៊ាន​សួរ ហ៊ាន​ឆ្លើយ ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ត្រូវ​ចេះ​ចែករំលែក​ចំណេះដឹង​ឱ្យ​គ្នា​ទៅវិញទៅមក និង​មានការ​គិតពិចារណា​ឲ្យ​បាន​ត្រឹម ត្រូវ​មុននឹង​និយាយ ឬ​ធ្វើ​អ្វីមួយ។

លោក​ឧកញ៉ា បាន​បន្តទៀតថា សាមគ្គី​ភាពជា​ភាពបរាជ័យ បើ​គ្មាន​ឯករាជ្យភាព មានន័យថា យុវជន​ទាំងអស់ ត្រូវមាន​ភាពម្ចាស់ការ​លើ​ខ្លួនឯង ប្រឹងប្រែង​ដោយ​ខ្លួនឯង ដោយ​មិនត្រូវ​ពឹង​ផ្អែកលើ​អ្នកដទៃ​ទាំងស្រុង​ឡើយ ទោះបីជា​យើង​កំពុងធ្វើការ​ជា​ក្រុម​ក៏ដោយ។ ជាមួយគ្នានេះ​ផងដែរ យុវជន​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​ភាសា​ការទូត​ក្នុងការ​ទាក់ទង​គ្នា ត្រូវ​ចេះ​តាំងពី​ការនិយាយស្តី ការគោរព ចេះ​សំណេះសំណាល ចេះ​ក្បួន​ចាប់ដៃ មាន​ភាពរហ័សរហួន និង​រួសរាយ​រាក់ទាក់​ជាដើម។

 ជា​ចុងក្រោយ លោក បាន​សំណូមពរ​ឱ្យ​យុវជន​ទាំងអស់ ត្រូវមាន​វប្បធម៌​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្ដិការ​ល្អ ជាមួយ​យុវជន​ដទៃទៀត​នៅពេល​ចុះ​បេសកកម្ម ដើម្បីឱ្យ​ពួកគេ​ឃើញថា យុវជន​ខ្មែរ​យើង បច្ចុប្បន្ន​មាន​សមត្ថភាព និង​ចំណេះដឹង​ទូលំទូលាយ ហើយ​ត្រូវ​ពាំ​នាំមក​នូវ​ចំណេះដឹងថ្មីៗ បទពិសោធន៍ល្អៗ និង​គំនិត​យោបល់ប្លែកៗ មក​ចែករំលែក​ដល់​យុវជន និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង​បន្ទាប់ពី​ត្រឡប់មកវិញ។ 

(អត្ថបទ​សាលា)


© រក្សាសិទ្ធិដោយ thmeythmey.com