ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកច្បាប់​អន្តរជាតិ​សុំ​ឱ្យធ្វើ​វិសោធនកម្ម​ច្បាប់​កែទម្រង់​ប្រព័ន្ធតុលាការ
18, Sep 2015 , 10:37 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រុម​អ្នកជំនាញ​ច្បាប់​អន្តរជាតិ​បាន​ហៅ​ច្បាប់​បី ដែល​អនុម័ត​ដោយ​តំណាងរាស្ត្រ​នៃ​គណបក្សកាន់អំណាច​សម្រាប់​កែទម្រង់​ប្រព័ន្ធតុលាការ​ថា មិនបាន​ធានា​ដល់​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ត្រូវតែ​ធ្វើ​វិសោធនកម្ម ព្រោះ​ច្បាប់​ទាំងបី​នេះ​បានផ្តល់​សិទ្ធិអំណាច​យ៉ាង​ធំធេង​ទៅដល់​ក្រសួងយុត្តិធម៌។



ពួកគេ​បានលើកឡើង​យ៉ាង​ដូច្នេះ ដោយ​ផ្អែកទៅលើ​របាយការណ៍​ស្វែងរក​ការពិត​មួយ​ស្តីពី «យុត្តិធម៌ និង​អំពើពុករលួយ» បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​សិទ្ធិមនុស្ស​នៃ​គណៈមេធាវី​អន្តរជាតិ (International Bar Association is Human Rights Institute) ហើយ​ដែល​បានចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
 
របាយការណ៍​ដែល​ធ្វើឡើង​តាមរយៈ​ការធ្វើ​ទស្សនកិច្ច ការស្រាវជ្រាវ និង​បទសម្ភាសន៍​ជា​បន្តបន្ទាប់​បាន​ពិនិត្យ​ជាដំបូង​លើ​ឯករាជ្យភាព​នៃ​ប្រព័ន្ធតុលាការ ហើយ​បា​នស​និ្ន​ដ្ឋា​ន​ថា៖ «រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​នឹងមាន​ឆន្ទានុសិទ្ធិ និង​ឥទ្ធិពល​លើ​ផែ្ន​ក​ស្ទើរតែ​ទាំងអស់​របស់​ចៅក្រម។ បច្ចុប្បន្ន វិសាលភាព​អំណាច​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លើ​ប្រព័ន្ធតុលាការ ដូចជា ឥទ្ធិពល​ផ្លូវការ​យ៉ាងច្រើន​លើ​ផ្នែក​ថវិកា ធនធាន ការបណ្តុះបណ្តាល ការតែងតាំង ការដំឡើង​តំណែង រយៈពេល​កាន់តំណែង និង​ការដកចេញ នៅក្នុង​ប្រព័ន្ធតុលាការ ត្រូវ​បានចែង​ក្នុង​ច្បាប់​ថ្មី​ទាំងបី ដែល​គ្មាន​សង្គតិភាព​ជាមួយ​បទដ្ឋាន​អន្តរជាតិ​ឡើយ»។
 
ថ្លែង​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន និង​អ្នកជំនាញ​ផ្នែក​ច្បាប់​ដែល​កំពុងធ្វើការ​ក្នុង​វិស័យ​ច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា អ្នកស្រី Brenda Lee Edwards បាន​ឲ្យ​ដឹងថា របាយការណ៍​ដែល​អ្នកស្រី​បាន​ស្ម័គ្រចិត្ត​ចូលរួមចំណែក​ក្នុងការ​ស្រាវជ្រាវ​ក៏បាន​រកឃើញ​នូវ​ការស៊ីសំណូក​សូកប៉ាន់ និង​អំពើពុករលួយ​នៅក្នុង​តុលាការ​នៃ​ប្រទេស​កម្ពុជា។
 
«របាយការណ៍​របស់​ពួកយើង​បាន​ពិចារណា​ផងដែរ ទៅលើ​ទិដ្ឋភាពសំខាន់ៗផ្សេងទៀត ដែល​តុលាការ​កំពុង​ប្រឈមមុខ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ការ​សូកប៉ាន់ និង​អំពើពុករលួយ។ នេះ​គឺជា​ការខូចខាត​ដ៏​សម្បើម​មួយ​ជាមួយនឹង​ក្តីបារម្ភ។ តម្លៃ​គន្លឹះ​សំខាន់​មួយ​សម្រាប់​តុលាការ​ទាំងឡាយ​គឺ សេចក្តី​សុច្ចរិត​ភាពត្រឹមត្រូវ ភាពស្មើគ្នា សមត្ថភាព និង​ការយកចិត្តទុកដាក់។ យើង​បាន​រកឃើញ​នូវ​ភស្តុតាង តាមរយៈ​មនុស្ស​ដែល​យើង​បាន​និយាយ​ជាមួយ​នៅទីនេះ​ថា មាន​ឥទ្ធិពល​ពុករលួយ ទាំង​ផ្លូវ​នយោបាយ និង​ហិរញ្ញវត្ថុ​នៅ​ស្ទើរ​គ្រប់​ដំណាក់កាល​នីមួយ​នៃ​សកម្មភាព​របស់​តុលាការ»។
 
អ្នកស្រី​បាន​លើក​ឧទាហរណ៍​មួយ​ថា នៅពេល​រៀបនឹង​ចេញទៅ​បំពេញ​វិជ្ជាជីវៈ​របស់ខ្លួន ចៅក្រម​ដែល​ត្រូវការ​ការបណ្តុះបណ្តាល​ត្រូវបាន​សួរ និង​ប្រាប់​ឲ្យ​សូក​សំណូក​ជា​ថ្នូរ​ទៅនឹង​ការទទួលបាន​នូវ​ការបណ្តុះបណ្តាល ហើយ​ថា​ក្រុម​អ្នកស្រាវជ្រាវ​របស់​អ្នកស្រី​ក៏ត្រូវ​បាន​ប្រាប់ថា បុគ្គល​ដែលជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មានលទ្ធភាព​ច្រើន​ក្នុង​ទទួលបាន​ការតែងតាំង និង​ការដំឡើង​តំណែង​នៅពេលណា​ដែល​ពួកគេ​ត្រូវបានតែងតាំង។
 
លោកស្រី​បន្តថា ចៅក្រម​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ដឹងឮ​យ៉ាង​ទូលំទូលាយ​ថា មិនមាន​ទម្លាប់​ប្រកាន់យក​ភាពមិនលម្អៀង​នោះឡើយ ហើយ​ភស្តុតាង​ជាច្រើន​ដែល​អ្នកស្រី​ទទួលបាន ក៏​ឲ្យ​ដឹង​ដែរ​ថា ចៅក្រម​ជា​ញឹកញយ​ត្រូវបាន​ចង្អុលបង្ហាញ​ពី​ក្រសួងយុត្តិធម៌ ឬ​អ្នកដទៃ​នៅក្នុង​រដ្ឋាភិបាល​អំពី​ថា តើ​ត្រូវ​សម្រេច​ក្តី​នោះ​យ៉ាងដូចម្តេច ដែល​នេះ​ជាការ​ផ្ទុយគ្នា​ទៅនឹង​មាត្រា៥០នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​បាន​ចែងថា​អំណាចនីតិប្រតិបត្តិ និង​តុលាការ​ត្រូវតែ​ចែក​ឲ្យ​ដាច់ពីគ្នា។
 
ច្បាប់​ទាំងបី​ដែល​មានតែ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បានអនុម័ត​នៅក្នុង​រដ្ឋសភា​កាលពី​ខែឧសភា ឆ្នាំ២០១៤នោះ រួមមាន ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គការ​ចៅក្រម ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្តី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​តុលាការ។ ច្បាប់​នេះ​ត្រូវបាន​អនុម័ត​ដោយ​មិនមាន​ការចូលរួម​ពី​តំណាងរាស្ត្រ៥៥រូប​នៃ​បក្សប្រឆាំង ដែល​បានធ្វើ​ពហិការ​មិន​ចូលប្រជុំ​ក្នុង​រដ្ឋសភា​នា​គ្រានោះ។
 
អ្នកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ទទួលស្គាល់ថា របាយការណ៍​នេះ​បាន​ទម្លាយ​ឲ្យ​ដឹង​ស្ថានភាព​ជាក់ស្តែង ដែល​កំពុង​កើតមាន​នៅក្នុង​ប្រព័ន្ធតុលាការ៖
 
«ខ្ញុំ​ឃើញថា មាន​បញ្ហា​ជាច្រើន​ដែល​បាន​លើក​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​តថភាព ដែល​បាន​កើតឡើង​ជាក់ស្តែង ហើយ​ជាពិសេស​ចំពោះ​អនុសាសន៍​ដែល​បានលើកឡើង​ដាក់​ទៅចំៗ ចំពោះ​តួអង្គ​ដែល​ពាក់ព័ន្ធ​ហ្នឹង ខ្ញុំ​យល់ថា អនុសាសន៍​មួយ​ដែលមាន​អត្ថន័យ​ស្ថាបនា ហើយ​ដែល​គួរតែ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​យកទៅ​ពិចារណា ដើម្បី​ពង្រឹង​នូវ​ប្រព័ន្ធតុលាការ​នៅ​ប្រទេស​កម្ពុជា​យើង»។
របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចូល​កំណែទម្រង់​ប្រព័ន្ធតុលាការ​ទៅក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួន។ ទោះជា​យ៉ាងណាក៏ដោយ គណបក្ស​នេះ​បាន​សមគំនិត​ក្នុង​កិច្ចព្រមព្រៀង ដែល​ធានា​អំណាច​របស់​ស្ថាប័ន​នីតិប្រតិបត្តិ​លើ​តុលាការ។
 
លោក គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បដិសេធ​មិន​ធ្វើការ​អធិប្បាយ ដោយ​លោក​បាន​បង្វែរ​សំណួរ​ទៅ​អ្នកនាំពាក្យ​ក្រសួង​មួយរូប​ទៀត គឺ​លោក ជិន ម៉ា​លីន តែ​លោក​ជិន ម៉ា​លីន មិន​លើក​ទូរស័ព្ទ។ VOA ព្យាយាម​សុំ​ការអធិប្បាយ​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ អង្គ វង្ស​វ​ឌ្ឍ​នា ផងដែរ តែ​ទូរស័ព្ទ​របស់លោក​រដ្ឋ​មន្ត្រី​រោទិ៍​ដោយ​គ្មាន​អ្នកទទួល។
 
នៅក្នុង​ការផ្តល់​អនុសា​សន៍​ទាក់ទិន​ច្បាប់​ទាំងបី​នេះ ក្រុម​អ្នកជំនាញ​ច្បាប់​ដែល​រៀបរៀង​របាយការណ៍​នេះ បាន​ថ្លែងថា ក្រសួងយុត្តិធម៌​មិនគួរណា​ជាប់​ពាក់ព័ន្ធ​អ្វី​ទាំងអស់ ក្រៅតែពី​កិច្ចការរដ្ឋបាល​ដែល​មិន​ធ្វើ​ឲ្យ​ខូច​ដល់​ឯករាជ្យភាព​របស់​តុលាការ។ ពួកគេ​ថា មន្ត្រី​តុលាការ​ក៏​មិន​ត្រូវជា​សមាជិក​នៃ​គណបក្សនយោបាយ​ណាមួយ​នោះទេ។ ពួកគេ​សង្កត់ធ្ងន់​ម្តង​ហើយ​ម្តង​ទៀតថា ច្បាប់​ទាំងបី​នេះ​ត្រូវតែ​ទទួលបាន​ការធ្វើ​វិសោធនកម្ម​ពី​រដ្ឋសភាជាតិ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com