ជាតិ
មជ្ឈមណ្ឌល​សហគ្រិន​ស្ត្រី​ជួយ​ស្ត្រី​ធ្វើ​អាជីវកម្ម​ពី​ការចាប់ផ្តើម​រហូត​ទទួលបាន​ជោគជ័យ
20, Sep 2015 , 4:00 pm        
រូបភាព

មជ្ឈមណ្ឌល​សហគ្រិន​ស្រី្ត ជា​មណ្ឌល​ដំបូង​ដែល​ត្រូវបាន​ឡើង​នៅ​កម្ពុជា ដើម្បី​ជួយ​ជ្រោមជ្រែង​ស្ត្រី​ក្នុង​ការធ្វើ​អាជីវកម្ម។ គណៈ​គ្រប់គ្រង​បាន​អះអាងថា មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​គាំទ្រ​ស្ត្រី​កម្ពុជា​គ្រប់រូប ក្នុង​ការធ្វើ​អាជីវកម្ម តាំងពី​ការចាប់ផ្តើម រហូត​ទទួលបាន​ជោគជ័យ។


លោកស្រី ចន្ទ ដាវី នាយិកា នៃ​មជ្ឈមណ្ឌល​សហគ្រិន​ស្ត្រី (WECREATE) បាន​អះអាងថា បងប្អូន​ស្ត្រី​រូប​ណា​ដែលមាន​បំណង​ចង់​ចាប់ផ្តើម​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង គឺអាច​អញ្ជើញ​ទៅ​ម​ជ្ឈ​ម​ណ្ឌ​សហគ្រិន​ស្ត្រី ដើម្បី​ស្វែងរក​ការប្រឹក្សា​យោបល់ និង​បទពិសោធ​ទាក់​ទាង់​នឹង​ការធ្វើ​អាជីវ​កម្មនេះ។

លោកស្រី​បន្ថែ​ថា មជ្ឈមណ្ឌល​នឹង ផ្តល់​អ្នកជំនាញ និង​អ្នក​ដែល​បទពិសោធ​ស្រាប់​ក្នុង​ការធ្វើ​អាជីវកម្ម ដើម្បី​ណែនាំ​ពួកគាត់​ដោយផ្ទាល់​ពីបទ​ពិសោធ និង​គន្លឹះសំខាន់ៗក្នុង​ការធ្វើ​អាជីវកម្ម ។ នាយិកា​រូបនេះ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «យើង​នឹងធ្វើ​ជាមួយ​ពួកគាត់ យើង​ដឹក​ដៃ​គាត់​ទៅធ្វើ ហើយ​យើង​តាមដាន​គាត់​រហូត រហូត​គាត់​ជោគជ័យ ទើប​យើង​ឈប់។ យើង​មិនមែន​ណែនាំ​គាត់​ថ្ងៃ​នឹង ហើយ​ឲ្យ​គាត់​ធ្វើ​តែឯង​នោះទេ គឺ​យើង​ឥត​ប្រលែង​គាត់​ទេ»។

ជាងនេះទៅទៀត លោកស្រី ចន្ទ ដាវី ក៏បាន​លើកឡើង​ដែរ​ថា កន្លងមក ស្រី្ត​កម្ពុជា​តែងតែ​ជួប​ឧបសគ្គ​ក្នុងការ​ចាប់ផ្តើម​មុខ​ជំនួយ​ដោយ​ខ្លួនឯង។ មាន​មូលហេតុ​ជាច្រើន ដែល​រាំងស្ទះ​ការចាប់ផ្តើម​អាជីវកម្ម​របស់​ស្ត្រី ដូចជា ការមិន​យល់ដឹង​ពី​ការចាប់ផ្តើម​អាជីវកម្ម, គ្មាន​អ្នកគាំទ្រ, ខ្វះ​ការតាំង​ចិត្ត ឬក៏​យល់ថា​ដើមទុន​មិន​គ្រប់គ្រាន់ ជាដើម។

លោកស្រី បញ្ជាក់ថា៖ «បងប្អូន​ស្រី្ត​ខ្លះ​គិតក្នុងចិត្ត​ចង់​ធ្វើ​អាជីវកម្ម តែ​គាត់​មិនមាន​ការតាំង​ចិត្ត​ពិតប្រាកដ ហើយ​រួមផ្សំ​កត្តា​ពាក់ព័ន្ធ​ក្នុង​ក្រុមគ្រួសារ ដែល​មិនបាន​គាំទ្រ និង​មិន​ផ្តល់​លក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់។ ហើយ​ជួនកាល​គាត់​យល់ថា អាជីវកម្ម​ដែល​គាត់​ចង់​ចាប់ផ្តើម គឺ​អស់​ទុន​ច្រើន តែ​ពេលដែល​គាត់​បាន​ជួប​ជាមួយ​អ្នកមាន​បទពិសោធ​ក្នុង​ការធ្វើ​អាជីវកម្ម ទើប​គាត់​ដឹងថា​អាជីវកម្ម​ហ្នឹង អស់​ទុន​តិច ហើយ​គាត់​អាច​ចាប់ផ្តើមបាន នឹងត្រូវ​ដោយ​របៀប​ណា»។

សូម​រំឭកថា មជ្ឈមណ្ឌល​សហគ្រិន​ស្ត្រី​ត្រូវបាន​បង្កើត​ដំបូង​នៅ​កម្ពុជា ហើយក៏​ជា​លើកទីមួយ​ដែរ នៅក្នុង​តំបន់​អាស៊ី​អា​គ្នេ​ហ៍។ មជ្ឈមណ្ឌល​នេះ​ត្រូវបាន​សម្ពោធ​ឲ្យ​ដំណើរការ កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ ៕


© រក្សាសិទ្ធិដោយ thmeythmey.com