ជាតិ
សេដ្ឋកិច្ច
លោក គិត ម៉េង ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ លុបបំបាត់​ការយក​តម្លៃ​សេវាកម្ម​ក្រៅផ្លូវការ
20, Sep 2015 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ

សភាពាណិជ្ជកម្ម​កម្ពុជា បាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចូលរួម​លុបបំបាត់​ការយក​កម្រៃ​សេវា​ក្រៅផ្លូវការ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការវិនិយោគ​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរឡើង។


លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានស្នើ​សុំឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួយ​អន្តរាគមន៍ ឱ្យ​ថ្នាក់ដឹកនាំ​តាម​ខណ្ឌ​ទាំងអស់ ក្នុង​រាជធានី​ភ្នំពេញ ត្រូវបំពេញ​សេវាសាធារណៈ​ឱ្យបាន​ល្អ និង​លុបបំបាត់​ការ​យកលុយ​ក្រោម​តុ ឬ​តម្លៃ​សេវា​ក្រៅផ្លូវការ ជាដើម។

ប្រធានសភា​ពាណិជ្ជកម្ម​រូបនេះ បាន​បន្ថែមទៀតថា រាល់​សេវាសាធារណៈផ្សេងៗ អាជ្ញាធរ​គួរ​កំណត់​ពេលវេលា និង​តម្លៃ​ឱ្យបាន​ច្បាស់លាស់ ហើយ​ធ្វើ​ការងារ​ដោយ​ទទួលខុសត្រូវ  ជៀសវាង​ការបំពេញ​ការងារ​ទៅតាម​អារម្មណ៍​ដែលនាំឱ្យ​រាំងស្ទះ​ដល់​ការបំពេញ ឯកសារ ឬ​កិច្ចការ​វិនិយោគ ជាដើម។

ការលើក​សំណូមពរ​របស់លោក គិត ម៉េង ខាងលើនេះ បានធ្វើ​ឡើង​នៅ​ចំពោះមុខ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​លើក​ទី១ រវាង សាលា​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ទាំង១២ខណ្ឌ រួមទាំង​ផ្នែក​ឯកជន​ផ្សេងទៀត ដែល​ប្រព្រឹត្ត​នៅ​សភាពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១។

ទាក់ទង​នឹង​ការលើកឡើង​នេះ លោក ប៉ា សុជាតិ​វង្ស  បាន​ឆ្លើយតប​ថា រាល់​តម្លៃ​សេវាសាធារណៈផ្សេងៗ ត្រូវបាន​អនុវត្តតាម​គោលការណ៍​កំណត់​របស់​រាជរដ្ឋាភិបាល ដែលមាន​បិទ​ផ្សាយ​តាម​ការិយាល័យ​ច្រកចេញចូល​តែមួយ នៅ​គ្រប់​ខណ្ឌ​ទាំងអស់។

លើសពីនេះទៅទៀត លោក អភិបាល​រាជធានី​ភ្នំពេញ​រូបនេះ ក៏បាន​ព្រមាន​អាជ្ញាធរ​ថ្នាក់​ខណ្ឌ និង​ថ្នាក់​សង្កាត់​ទាំងអស់ ថា​ត្រូវតែ​ប្តូរ​គោលជំហរ​ពី​អ្នកដឹកនាំ​ទៅជា​អ្នក​យកចិត្តទុកដាក់​ផ្តល់ សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បីឱ្យ​ប្រជាពលរដ្ឋ មាន​ទំនុកចិត្ត​មកលើ​រដ្ឋបាល​សាធារណៈ។

សូមបញ្ជាក់​ផងដែរ​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ និង​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​ឯកភាពគ្នា​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដែលមាន​សមាសភាព​ម​ក​ពី​ភាគី​ទាំង២ ដើម្បី​ដោះស្រាយ​រាល់​បញ្ហា ទាក់ទង​នឹង​មុខ​ជំនួញ​ទាំងអស់​នៅក្នុង​ខណ្ឌ​ទាំង១២ ដើម្បី​ធានា ឲ្យ​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការវិនិយោគ​នៅ​រាជធានី​ភ្នំពេញ ឱ្យ​កាន់តែ​ប្រសើរឡើង៕

ប្រភព៖ AKP




Tag:
 សេដ្ចកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com