ជាតិ
ក្រុមហ៊ុន​វៀតណាម​ព្រមព្រៀង​មិន​ឈូសឆាយ​ដីព្រៃ​សម្បទាន
21, Sep 2015 , 8:39 am        
រូបភាព
ប្រជាពលរដ្ឋ​ជនជាតិ​ភាគ​តិច​ទំពួន រស់នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី ដែល​ទទួល​រងគ្រោះ​ដោយ​សារ​ការ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន។ (Courtesy Photo)
ប្រជាពលរដ្ឋ​ជនជាតិ​ភាគ​តិច​ទំពួន រស់នៅ​ស្រុក​អណ្តូង​មាស ខេត្ត​រតនៈគីរី ដែល​ទទួល​រងគ្រោះ​ដោយ​សារ​ការ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ជាមួយ​នឹង​ក្រុមហ៊ុន​ឯកជន។ (Courtesy Photo)
ដោយ:
វ៉ាស៊ីនតោន៖ ក្រោយពី​កិច្ចប្រជុំ​ពីរ​ថ្ងៃ​ដើម្បី​ដោះស្រាយ​បញ្ហា​រំលោភបំពាន​ដីធ្លី​របស់​ជនជាតិ ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគីរី ក្រុមហ៊ុន​វៀតណាម​ឈ្មោះ Hoang Anh Gia Lai (HAGL) ដែល​បានទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​ដំណាំ​កៅស៊ូ​ពី​រដ្ឋាភិបាល​កម្ពុជា បានប្រកាសថា ខ្លួន​នឹងមិន​ឈូសឆាយ និង​មិន​អភិវឌ្ឍ​លើដី​ពលរដ្ឋ​ចំនួន៣ភូមិ​ក្នុងចំណោម​ភូមិ​ជាង១០របស់​ជនជាតិដើម​ភាគតិច​នោះទេ។


សេចក្តីថ្លែងការណ៍​រួមមួយ​ចេញពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នោះ បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Hoang Anh Gia Lai បាន​បញ្ជាក់ថា៖ ក្រុមហ៊ុន​យល់ព្រម​ថា នឹងមិន​ឈូសឆាយ មិន​អភិវឌ្ឍ មិន​ជ្រៀតជ្រែក មិន​ទន្ទ្រាន មិន​ប៉ះពាល់​ដល់​ដី​របស់​អ្នកភូមិ​កា​ជូត ភូមិ​កេ​ត និង​ភូមិ​ណាយ រួមមាន​ដី​ដែល​សហគមន៍​ទាំងនេះ​ប្រើប្រាស់​តាម​ទំនៀមទម្លាប់​ប្រពៃណី​នោះទេ ទោះ​ដោយ​វិធី​ណាក៏ដោយ នាពេល​បច្ចុប្បន្ន ឬ​អនាគត។

កិច្ចព្រមព្រៀង​ដូចនេះ​បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ខេត្តសៀមរាប ដែលមាន តំណាង​ក្រុមហ៊ុន តំណាង​អង្គការ​អ​ង្គេ​ត​ការណ៍ តំណាង​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) របស់​ធនាគារពិភពលោក និង​តំណាង​ពលរដ្ឋ​បាន​ចូលរួម​ផងដែរ។

លោក អៀង វុទ្ធី នាយក​ប្រតិបត្តិ​អង្គការ​សមធម៌​កម្ពុជា ដែល​បាន​ជួយ​ផ្នែក​ការតស៊ូ​មតិ​បាន​អបអរសាទរ​ចំពោះ​ការបញ្ឈប់​ការឈូសឆាយដី​ភូមិ​ចំនួន៣ដែល​មិនទាន់​រង​ការប៉ះពាល់​នេះ។

«យើង​គិតថា នេះ​ជាស​ញ្ញា​មួយ​ល្អ​សម្រាប់​យើង ដែល​ធ្វើការ​ជាមួយគ្នា​ទាំង សហគមន៍​ក៏ដូចជា​ខាង​ក្រុមហ៊ុន ព្រោះ​ក្រុមហ៊ុន​បាន​លើកឡើងថា ក្រុមហ៊ុន​ចង់​ធ្វើការ​អភិវឌ្ឍ​ឲ្យ​មានការ​ចូលរួម​ជាមួយ​សហគមន៍​ជាមួយ​អ្នក​ដែល​ពាក់ព័ន្ធ ព្រោះថា​ដី​សម្បទាន​ដែល​គាត់​ទទួលបាន​គឺមាន​រយៈពេល​យូរ»។

លោក សាល់ ហ្នើ​យ តំណាង​ពលរដ្ឋ​រងគ្រោះ​ម្នាក់ ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះដែរ បាន​ថ្លែងថា ទោះជា​មានការ​ត្រូវ​គ្នា​ទាក់ទង​នឹង​ភូមិ​ចំនួន៣មែន តែ​ការពិភាក្សា​ដោះស្រាយ​នៅ​បន្តទៀត ដើម្បី​រក​ដំណោះស្រាយ​ចំពោះ​ការប៉ះពាល់​នៅ​ភូមិ​ជាង១០ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​របស់​ពលរដ្ឋ​ជនជាតិដើម​ភាគតិច។

«នៅ​តវ៉ា​តទៅទៀត។ ក្នុង​កិច្ចប្រជុំ យើង​ពិគ្រោះ​យោបល់​អ្វីដែល​យើង​មិនទាន់ ឯកភាពគ្នា។ យើង​ត្រូវ​ដោះស្រាយ​គ្នា​ឲ្យ​វា​សម​ស្របតាម​នីតិវិធី»។

ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai បានចាប់ផ្តើម​ប្រតិបត្តិការ​ឈូសឆាយ​ដីស​ម្ប​ទាន​ចំនួន៤៧.០០០ហិកតា​ក្នុង​ខេត្ត​រតនគីរី ក្រោយពី​ក្រុមហ៊ុន​ទទួលបាន​អាជ្ញា​បណ្ណ​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ២០១០ ដែល​ក្រុម​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អះអាងថា បានធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទាល់ និង​មិនផ្ទាល់​ដល់​ពលរដ្ឋ​យ៉ាងតិច២ពាន់​គ្រួសារ។

ក្រុម​ជនជាតិដើម​ភាគតិច​ចំនួន១៧ ក្នុង​ខេត្ត​រតនគីរី​ភាគ​ឦសាន ប្រទេស​កម្ពុជា និង​អង្គការ​អន្តរជាតិ​មួយចំនួន បានដាក់​ពាក្យ​ប្តឹង​រួមគ្នា​មកកាន់​សារ​ជីវ​កម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ (IFC) ដែលជា​ផ្នែក​មួយ​របស់​ធនាគារពិភពលោក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​គេ​រកឃើញថា ស្ថាប័ន​នេះ​មានការ​វិនិយោគ​ជាមួយ​នឹង​ក្រុមហ៊ុន​វៀតណាម​មួយ​ឈ្មោះ Hoang Anh Gia Lai ទាក់ទង​នឹង​ការរំលោភបំពាន​ដីធ្លី បំផ្លាញ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ បំផ្លាញ​វប្បធម៌ និង​បរិស្ថាន។ស្ថាប័ន IFC បាន​ចុះ​ត្រួតពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះដែរ​កន្លងមក។

លោក ដេវីដ ប្រេត (David Pred)នៃ​អង្គការ Inclusive Development International (IDI) ដែលជា​អង្គ​ការជួយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ បាន​អះអាងថា ការព្រមព្រៀង ដែល​ធានាថា ដី​របស់​ពលរដ្ឋ​ចំនួន៣ភូមិ​នេះ​មិន​រង​ការ​ឈួ​ស​ឆាយ មាន​សន្តិសុខ ដោយសារ​ការប្តេជ្ញា​រប​ស់​ក្រុមហ៊ុន​នេះ គឺជា​ជំហាន​សំខាន់​ណាស់​ក្នុងការ​រារាំង​ផលប៉ះពាល់។ តែ​ភាគី​ទាំងពីរ​នឹង​បន្ត​ការ ពិភាក្សាគ្នា​លើដី​ដែល​បាន​ឈូស ឆាយ ហើយ​ដែល​លោក​និយាយថា ការពិភាក្សា​កំពុង​ឈានដល់​ដំណាក់កាល​លំបាក។

«ពេលនេះ​ការពិភាក្សាគ្នា​រក​វិធី​ដោះស្រាយ​ថា តើ​ផលប៉ះពាល់​ទាំងនោះ​ត្រូវ​សង​សំណង​ដល់​ពលរដ្ឋ​វិញ​ឬ​យ៉ាងណា​នោះ កំពុង​ឈានដល់​ការលំបាក​ខ្លាំងឡើង»។

លោក​ថ្លែងថា ពលរដ្ឋ​បាន​រង​ផលប៉ះពាល់​ខ្លាំងណាស់ ដូចជា​បាត់បង់​ព្រៃឈើ ព្រៃ​អារក្ស​ដែល​ជនជាតិដើម​ភាគតិច​ពឹង​ផ្នែក​លើ​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​ពួកគេ កន្លែង​កប់ខ្មោច​តាម​ប្រពៃណី ទំនៀមទម្លាប់​ពួកគេ អ្នកខ្លះ​បាត់បង់​ដីស្រែ​ចម្ការ​វិលជុំ។ សហគមន៍​ខ្លះ​បាត់បង់​ដី​ទាំងស្រុង ដោយសារ​ក្រុមហ៊ុន​នេះ និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​រឹបអូស​យក។

ទោះជា​យ៉ាងណាក៏ដោយ ភាគី​ក្រុមហ៊ុន និង​អ្នកភូមិ​នឹង​ពិភាក្សា​ជាមួយនឹង អាជ្ញាធរ ដើម្បី​ធ្វើ​ប្លង់ និង​បោះ​ព្រំដី​សម្រាប់​ពលរដ្ឋ​ចំនួន៣ភូមិ​នោះ។ ហើយ​លោក​ថ្លែងថា ការបន្ត​ពិភាក្សា​នៅ​សៀមរាប​នោះ​នឹងធ្វើ​ដល់​ថ្ងៃទី២០ ខែកញ្ញា​ខាងមុខ​បន្ទាប់ពី​ចាប់ផ្តើម​កាលពី​ថ្ងៃទី១៥ ខែកញ្ញា​មក៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ

Tag:
 ដីព្រៃ​សម្បទាន
© រក្សាសិទ្ធិដោយ thmeythmey.com