កីឡាជាតិ
ជាតិ
ឆាំ ពិ​ស៊ិន បាន​មេដាយ​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍ Asian Ssireum Championship
21, Sep 2015 , 11:48 am        
រូបភាព
ដោយ: រួបរួម
កីឡាករ​ចំបាប់ ឆាំ ពិ​ស៊ិន ទទួលបាន​មេដាយ​សំរឹទ្ធ​ពី​ព្រឹត្តិការណ៍ Asian Ssireum Championship លើកទីមួយ​នៅ​កីឡដ្ឋាន Thuwunna National Indoor Stadium ក្រុង​យ៉ាំង​ហ្គោ​ន ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃអាទិត្យ។


ក្នុងការ​ប្រកួត​ក្នុង​ប្រភេទ​ទំ​ម្ង​ន់​ក្រោម៧០គីឡូក្រាម កីឡាករ ឆាំ ពិ​ស៊ិន បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី Sue Boon Wee ២-០ ហើយ​បន្ត​យកឈ្នះ​កីឡាករ​វៀតណាម Ho Ngan Giang ប៉ុន្តែ​បាន​ចាញ់​កីឡាករ​អ៊ីរ៉ង់​ក្នុង​លទ្ធផល ២-១ ។

Ssireum គឺជា​ប្រភេទ​កីឡា​ចំបាប់​បែប​បុរាណ​របស់​កូរ៉េ ដោយ​ការប្រកួត​ធ្វើឡើង​នៅ​ខ្សាច់ ហើយ​កីឡាករ-កីឡាការិនី ត្រូវបាន​តម្រូវ​ឲ្យ​ចង​ក្រណាត់​ភ្ជាប់​ពី​ចង្កេះ​ទៅ​ភ្លៅ​ខាងស្តាំ។ អ្នក​ដែល​ធ្វើ​ឲ្យ​គូប្រកួត​ដួល​ផ្ញា​រ​ក្រោយ ឬ លុតជង្គង់២ដង ជា​អ្នកទទួល​ជ័យជម្នះ។

លោក Yang Sung Mo ប្រធាន​សមាគម​កូរ៉េខាងត្បូង​ប្រចាំ​កម្ពុជា និង ជា​គ្រូបង្វឹក​កីឡា Ssireum ផង​នោះបាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងពេល​ជូន​ដំណើរ​កីឡាករ​ឡើង​យន្តហោះ​ថា កីឡា​ប្រភេទ​នេះ​ជា​កីឡា​ប្រពៃណី​របស់​ជនជាតិ​កូរ៉េ​ដែលមាន​ប្រវត្តិ​ជាង ៥.០០០ឆ្នាំ​មកហើយ ។

លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បាន​ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅមុន​ពេលចេញ​ដំណើរ​ទៅកាន់​ទីក្រុង​យ៉ាំង ហ្គោ​ន​ថា នេះ​ជា​ឱកាស​បង្ហាញខ្លួន​ជា​លើកដំបូង​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ចំបាប់​បែប​បុរាណ​របស់​កូរ៉េ។

ក្នុងចំណោម​អត្ត​ព​លិ​ក​ទាំង៨រូប កីឡាករ ឌន សៅ នឹង​ប្រកួត​ក្នុង​ទម្ងន់​ក្រោម៩០គីឡូក្រាម កីឡាករ ងួន មករា ប្រកួត​ទម្ងន់៧៥គីឡូក្រាម ម៉ុ​ល រស្មី ទម្ងន់៦០គីឡូក្រាម ឆាំ ពិ​ស៊ិន និង​ជុន ធួន ទម្ងន់​ក្រោម៧០គីឡូក្រាម រស់ ផល្លី ក្រោម៦០គីឡូក្រាម ហើយ​កីឡាការិនី​ពី​រូប​ទៀត គឺ ជ័យ ច័ន្ទ​រស្មី និង នី សំណាង ប្រកួត​ក្នុង​ទម្ងន់៥១ និង៥៥គីឡូក្រាម។


Tag:
 ចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com