ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ព្រមាន​​បំបាក់​​ក្រុម​អ្នក​បំផ្លាញ ដែល​ជ្រក​ក្រោម​ស្លាក​ប្រជាធិបតេយ្យ​
21, Sep 2015 , 12:52 pm        
រូបភាព
ដោយ:
ក្នុង​បរិបទ​នៃ​ការចូលរួម​ក្នុង​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី១៣ នៅ​ថ្ងៃទី២១កញ្ញា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោក ហ៊ុន សែន បាន​មានឱកាស​ប្រកាស​ជំហរ​កំចាត់​ក្រុមមនុស្ស​ណា​ដែល​មានបំណង​បំផ្លាញ​ស្ថិរភាព​របស់​កម្ពុជា ក្រោម​ស្លាក ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស។ ចំពោះ​លោក ហ៊ុន សែន កម្ពុជា​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការកសាង​សន្តិភាព​ពិភពលោក។


បើសិន​ជាមាន​ក្រុមមនុស្ស​ណា​ដែល​ប្រើប្រាស់​ស្លាក ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដើម្បី​គ្រាន់តែ​កេងចំណេញ​ប្រយោជន៍​នយោបាយ​របស់ខ្លួន​នោះ ពួកគេ​នឹងត្រូវ​ព្រនង់​របស់លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ព្រលយ​សារ​ព្រមាន​នេះ​នៅក្នុង​សារលិខិត​របស់លោក​ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​លើក​ទី១៣នេះ។ ទិវា​សន្តិភាព​អន្តរជាតិ គឺជា​សេចក្តីសម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី៥៥ ក្នុង​ឆ្នាំ២០០១ ដែលមាន​បំណង​អប់រំ និង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​អំពី​អត្ថន័យ និង​តម្លៃ​នៃ​សន្តិភាព និង​ការចូលរួម​កាត់បន្ថយ និង​បញ្ឈប់​រាល់​ជម្លោះ​ដោយ​អាវុធ និង​សង្គ្រាម​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក។ ដូច្នេះ​លោក ហ៊ុន សែន ទំនងជា​ចង់បង្ហាញ​ជំហរ​របស់លោក​ក្នុងនាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឆ្លើយតប​នឹង​បំណង​របស់​អង្គការសហប្រជាជាតិ។

នៅក្នុង​សារលិខិត​ជា​ភាសា​ខ្មែរ​កម្រាស់៣ទំព័រ លោក ហ៊ុន សែន បាន​សរេសរយ៉ាងច្បាស់ៗយ៉ាង​ដូច្នេះ៖«រាជរដ្ឋាភិបាល​កម្ពុជា​ក៏មាន​ការប្តេជ្ញា​ខ្ពស់​ផងដែរ ក្នុងការ​វាយបំបាក់ និង​ទប់ស្កាត់​រាល់​សកម្មភាព និង​ល្បិចកល​ក្រោម​ផ្លាក «លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស» បម្រើ​ផលប្រយោជន៍​នយោបាយរ​បស់​បុគ្គល ឬ​ក្រុមមនុស្ស​មួយ​ក្តាប់​តូច»។
មុន​មកដល់​ចំនុច​ព្រមាន​នេះ លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ក៏បាន​រៀបរាប់​អំពី​សមិទ្ធផល និង​ស្នាដៃ​ជាច្រើន រាប់​ចាប់តាំងពី​ការ​រម្លត់​អង្គ​ការចាត់​តាំងរបស់​ក្រុម​ឧទ្ទាម​ខ្មែរក្រហម​ក្នុង​ឆ្នាំ១៩៩៨ រហូតដល់​ការរក្សា​កំណើនសេដ្ឋកិច្ច និង​ការបញ្ជូន​កងយោធពល​ខេមរភូមិន្ទ​ចំនួន​ជាង៣០០០នាក់​ជា​កង​រក្សា​សន្តិភាព​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទ្វីបអាហ្វ្រិក​ទៀតផង ដើម្បី​បង្ហាញ​ឆន្ទៈ​របស់លោក​ក្នុង​ការងារ​ចូលរួម​រក្សា​សន្តិភាព។

ដូច្នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​មិនបាន​ភ្លេច​លើកឡើង នូវ​វប្បធម៌​សន្ទនា ដែល​លោក​បាន​ផ្តួចផ្តើម​គំនិត​ជាមួយ​ប្រធាន​គណបក្សប្រឆាំង​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​នោះដែរ។ បើទោះជា ប្រជាជន​ខ្មែរ​បាន​មើលឃើញ​ពី​ដំណើរ​ដ៏​រកាំរកូស​នៃ​វប្បធម៌​សន្ទនា​នេះ ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​បាន​គំរាម​រំលាយចោល​មួយដង​ជា​ពីរដង​នោះ នៅក្នុង​សារលិខិត​របស់លោក ហ៊ុន សែន បាន​ពន្យល់​អំពី​គោលបំណង​នៃ​ការបង្កើត«វប្បធម៌​សន្ទនា»ជាមួយ​គណបក្សប្រឆាំង ដើម្បី​ដោះស្រាយ​បញ្ហា​របស់​កម្ពុជា​ដោយ​សន្តិវិធី ដោយ​ភាពស្មោះត្រង់៕


Tag:
 ហ៊ុន សែន
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com