ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពលរដ្ឋ​ជាង​បួន​លាន​នាក់​មិនទាន់មាន​អត្តសញ្ញាណ​បណ្ណ​សម្រាប់​ចុះឈ្មោះ​បោះឆ្នោត
22, Sep 2015 , 8:19 am        
រូបភាព
រូបភាពឯកសារ៖ អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
រូបភាពឯកសារ៖ អ្នកបោះឆ្នោត​មួយ​រូប​នៅ​ក្នុង​មណ្ឌល​បោះឆ្នោត​សាលាបឋមសិក្សា​ព្រះនរោត្តម​​​នៅ​រាជធានី​ភ្នំពេញ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ កាល​ពី​ថ្ងៃ​​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។ (ស៊ុយ ហ៊ាមខេមរា/វីអូអេ)
ដោយ:
ភ្នំពេញ៖ ស្រប​ពេលដែល​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប.)គ្រោង​ចាប់ផ្តើម​សាកល្បង​ចុះ​ឈ្នោះ​អ្នកបោះឆ្នោត​នៅ​ដើមខែ​វិច្ឆិកា​ខាងមុខនេះ និង​ធ្វើបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​នា​ដើមឆ្នាំ២០១៦ ប្រជាពលរដ្ឋ​មួយចំនួនធំ​មិនទាន់​បានទទួល​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី ដែលជា​ឯកសារ​សំខាន់​សម្រាប់​ការចុះឈ្មោះ​នោះ​នៅឡើយ​ទេ។


លោកស្រី អ៊ឹង គ្រិន កសិករ​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់ VOA ថា គាត់​មិនបាន​ទទួលដំណឹង​ពី​ការចាប់ផ្តើម​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ​នៅឡើយ​ទេ ដោយ​រវល់​នឹង​ការធ្វើ​ស្រែ​ក្នុង​រដូវវស្សា​នេះ។ កសិករ​អាយុ៥៥ឆ្នាំ​រូបនេះ​បាន​បញ្ជាក់ថា គាត់​នៅ​មិនទាន់​បានទទួល​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​សម្រាប់​ត្រៀមខ្លួន​ចុះឈ្មោះ​បោះឆ្នោត​នាពេលខាងមុខ​នៅឡើយ បើទោះជា​ប្រជាពលរដ្ឋ​មួយចំនួន​នៅក្នុង​ស្រុក​រលា​ផ្អៀ​រ បានទទួល​អត្តសញ្ញាណ​បណ្ណ​រួចរាល់​ក៏ដោយ។

«ចា៎ស បាន​ខ្លះ​ហើយ តែ​ខ្ញុំ​ហ្នឹង​អត់​ទាន់​បានទេ។ គេ​មក​បើក​កាល​នៅ​វត្ត​ហ្នឹង​អត់​ទាន់​បានដឹងថា​ថ្ងៃ​ណា​ទេ​លោកគ្រូ បើ​គេ​អត់​ទាន់​ប្រកាស​ផង អា​នៅសល់​ក្រោយ​ហ្នឹង​អត់​ទាន់​បាន​ផង»។

លោកស្រី អ៊ឹង គ្រិន មានកូន៣នាក់​ដែល​ដល់​អាយុ​បោះឆ្នោត​បានបញ្ជាក់​ពី​ក្តីបារម្ភ​ថា ខ្លួន​អាច​នឹង​អាច​ខកខាន​ក្នុងការ​ចូលរួម​ការបោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​នា​ឆ្នាំ២០១៨ខាងមុខ។

«ទេ​បារម្ភ​ដែរ​ហ្នឹង​ហា៎ បើ​អត់​មាន​អត្តសញ្ញាណ​បណ្ណ​ហ្នឹង គេ​អត់​ឲ្យ​បោះ​ហ្នឹង​ហា៎ បើ​អត់​មាន​អត្តសញ្ញាណ​បណ្ណដឹង​គេ​ឲ្យ​បោះ​ដឹងថា​អត់»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ.ជ.ប.)បានប្រកាសថា ខ្លួន​នឹង​ចាប់ផ្តើម​សាកល្បង​ចុះ​ឈ្នោះ​អ្នកបោះឆ្នោត​នៅក្នុង​ភូមិ​ចំនួន៤១នៃ​ប្រទេស​កម្ពុជា​រយៈពេល១៥ថ្ងៃ​ក្នុង​ខែវិច្ឆិកា​ខាងមុខ។ ការសាកល្បង​នេះ​គឺ​ដើម្បី​ត្រៀម​រៀបចំ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ថ្មី​ដោយ​ប្រព័ន្ធ​កុំព្យូទ័រ សម្រាប់​ការបោះឆ្នោត​ឃុំ សង្កាត់​នា​ឆ្នាំ២០១៧ និង​តំណាងរាស្ត្រ​នា​ឆ្នាំ២០១៨ខាងមុខនេះ។ ក៏ប៉ុន្តែ​ដើម្បី​ឈានដល់​ការចុះឈ្មោះ​បោះឆ្នោត ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​អត្តសញ្ញាណ​បណ្ណ និង​លិខិត​ដែល​សម្គាល់​អត្តសញ្ញាណរ​បស់​ខ្លួន។

លោក ម៉ៅ ច័ន្ទ​តារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ​បានបញ្ជាក់​ក្នុង​កិច្ច​សម្ភាស​ជាមួយ VOA នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រសួងមហាផ្ទៃ​បានផ្តល់​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ត្រឹមតែ៥លាន៥សែន​នាក់​ប៉ុណ្ណោះ​នៃ​ចំនួន​ពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត ដែលមាន​ចំនួន​ជាង៩លាន​នាក់។ បើទោះជា​យ៉ាងនេះ​ក្តី ក៏​លោក​បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​នឹង​សហការ​យ៉ាង​ជិតស្និទ​ជាមួយ គ.ជ.ប.ក្នុងការ​សម្រួល​ដល់​ការចុះបញ្ជី​បោះឆ្នោត​ថ្មី​នេះ។

«យើង​ធ្វើ​មិនទាន់​ទេ​បាទ យើង​ធ្វើ​ម៉េច​ទាន់ ព្រោះ​ខែ១១ គ.ជ.ប.លោក​ហ្នឹង​គ្រោង​ចុះ​ធ្វើ​សាកល្បង ហើយ​យើង​ធ្វើបាន​ទើបតែ​ឥឡូវនេះ​អា​ថ្មី​នេះ​គឺ យើង​ទើបតែ​ធ្វើបាន១លាន​កន្លះ​ទេ​បាទ អីចឹង​នៅក្នុង​ប៉ុន្មាន​ខែ​ទៀត យើង​មិនអាច​ផ្តល់ជូន​គ្រប់​ប្រជាពលរដ្ឋ ព្រោះ​យើង​នៅសល់ ដូច​ខ្ញុំ​បាន​ជម្រាប​អញ្ចឹង​គឺ យើង​នៅសល់​ប្រហែល​ជាង៤លាន​ទៀត។ ឥឡូវ​យើង​កំពុងតែ​ខំ​ជំរុញ ទោះជា​យ៉ាងណាក៏ដោយ យើង​ខំប្រឹង​ប្រមែ ប្រមូល និង​ព្យាយាម​អប់រំ​ប្រជាពលរដ្ឋ​មក​ធ្វើ»។

លោក​ក៏បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ​គ្រោង​នឹង​ផ្តល់​អត្តសញ្ញាណ​បណ្ណ​ប្រភេទ​ថ្មី​ដល់​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ​ទាំងអស់គ្នា​ក្នុង​ខែ​មិនា​ខាងមុខនេះ ដើម្បី​ត្រៀមខ្លួន​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មី ដែល​រៀបចំ​ដោ​យគ.ជ.ប.នោះ។ យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​អត្ដ​សញ្ញាណ​កម្ម​នឹង​សហការ​ជាមួយ​គ.ជ.ប.ក្នុងការ​សម្រួល​ដល់​ការចុះបញ្ជី​អ្នកបោះឆ្នោត​សាកល្បង​នេះ។

«ពាក់ព័ន្ធ​នឹង​ការចុះទៅ​សាកល្បង​របស់​គ.ជ.ប.នេះ ខាង​ខ្ញុំ​បាន​ត្រៀម​រួចរាល់​អស់ហើយ បាទ​ត្រៀម។ នេះ​គឺជា​សមត្ថកិច្ច​របស់​គ.ជ.ប.ទេ ក៏ប៉ុន្តែ​យើងខ្ញុំ​បាន​ត្រៀម​ក្នុង​ការផ្តល់​ទិន្នន័យ ផ្តល់​អ្វី​នេះ ប្រសិន​ជាមាន​សំណូមពរ នៅពេល​ធ្វើការ​ចុះឈ្មោះ​សាកល្បង​ហ្នឹង»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ពេលបច្ចុប្បន្ន​ត្រូវបាន​បង្កើតឡើង​ដោយ​ការឯកភាព​នយោបាយរ​វាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ទាប់ពី​មានការ​ជាប់គាំង​នយោបាយ​ជិត១ឆ្នាំ ចាប់តាំងពី​ការបោះឆ្នោត​ខែកក្កដា ឆ្នាំ២០១៣ ក្រោយ​ពេលដែល​គណបក្ស​ជំទាស់​ចោទប្រកាន់​ពី​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត និង​បញ្ជី​បោះឆ្នោត។ គ.ជ.ប.ថ្មី​នេះ​មាន​សមាជិក៩រូប​រួមទាំង​ប្រធាន ដែលមាន​សមាសភាព​ម​ក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​អនុប្រធាន​មកពី​គណបក្សជំទាស់​ហើយ​ត្រូវបាន​ឯកភាព និង​ជ្រើសតាំង​កាលពី​ចុងខែ​មេសា​កន្លងទៅ ដែលជា​ផ្នែក​មួយ​នៃ​ការកែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា។

យ៉ាងណាមិញ​គណបក្សនយោបាយ​មួយចំនួន​នៅតែមាន​ក្តីបារម្ភ​ចំពោះ​ដំណើរការ​នៃ​ការចុះបញ្ជី​សម្រាប់​ពលករ​ចំណាកស្រុក និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ដំណើរការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ឆ្នាំ២០១៧ខាងមុខ ហើយ​ខ្លួន​នឹង​ត្រៀម​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​ចំពោះ​ដំណើរការ​ចុះបញ្ជី​អ្នកបោះឆ្នោត​ថ្មី​នេះ៕


សូមចុចទៅប្រភពដើម VOA ត្រង់នេះ



© រក្សាសិទ្ធិដោយ thmeythmey.com